ការ​ចែក​រំលែក​ម្ហូប​អាហារ​និង​នំ​ចំណី​ចំពោះ​ជន​គ្មាន​ទី​ពឹង​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ

ទាញ​យក​កម្មវីធី

ការ​យក​ម្ហូប​អាហារ​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ខ្លះ​លើក​ឡើង​ថា គឺ​ជា​ការ​ខ្ជះខ្ជាយ​លុយ​កាក់ ម្ហូប​អាហារ ខណៈ​ដែល​មនុស្ស​ទី​ទាល់ក្រ កុមារ​កំព្រា និង​ជន​ពិការ​ជាច្រើន​ផ្សេង​ទៀត អត់​មាន​ម្ហូប​អាហារ​សម្រាប់​ទទួល​ទាន។

យ៉ាង​ណា​ក៏ដោយ គេ​សង្កេត​ឃើញ​ថា មាន​ព្រះសង្ឃ​នៅ​តាម​វត្ត​មួយ​ចំនួន បាន​យក​អាហារ​ដែល​ពុទ្ធបរិស័ទ​ប្រគេន​នោះ ទៅ​ចែក​ជូន​ចំពោះ​ជន​ក្រីក្រ​គ្មាន​ទី​ជម្រក កុមារ​កំព្រា ជន​ពិការ និង​អ្នក​ជំងឺ​ដែល​ទៅ​ទទួល​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ចំនួន ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត ដើម្បី​បង្ហាញ​ពី​វប្បធម៌​នៃ​ការ​ចែក​រំលែក និង​ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​អត់​ឃ្លាន។

ការ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម​នានា​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ ដើម្បី​សុំ​សេចក្តី​សុខ និង​ឧទ្ទិស​បុណ្យ​កុសល​ចំពោះ​សាច់ញាតិ​ដែល​ស្លាប់​នោះ គឺ​ជា​វប្បធម៌​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា បាន​នាំ​គ្នា​ធ្វើ​ជា​យូរ​ណាស់​មក​ហើយ។

ការ​នាំ​គ្នា​ធ្វើ​បែប​នេះ ក្នុង​ន័យ​សាង​បុណ្យ​កុសល​សម្រាប់​ជាតិ​នេះ និង​ជាតិ​ខាង​មុខ ម្យ៉ាង​អាច​ជួយ​សម្រួល​ចំពោះ​ព្រះសង្ឃ​ក្នុង​រដូវ​វស្សា ដែល​ពិបាក​និមន្ត​បិណ្ឌ​បាត។ ម្ហូប​អាហារ​ដែល​ពុទ្ធ​បរិស័ទ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ពេល​ពិធី​បុណ្យ​កាន់​បិណ្ឌ​នេះ គេ​សង្កេត​ឃើញ​ថា​តាម​ទី​វត្ត​អារាម​ខ្លះ​សល់​ម្ហូប​អាហារ និង​ត្រូវ​បាន​ពលរដ្ឋ​ខ្លះ​យក​ទៅ​ធ្វើ​ជា​ចំណី​ជ្រូក ឬ​ហាល​ទុក​សម្រាប់​លក់។

ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា ការ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដ៏​ច្រើន​លើសលប់​នេះ គឺ​អាច​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ខាតបង់​ថវិកា និង​ជា​ការ​ខ្ជះខ្ជាយ​ម្ហូប​អាហារ នៅ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ជាង ៣​លាន​នាក់​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ និង​ជាង ៨​លាន​នាក់​រស់នៅ​ក្នុង​ស្ថានភាព​ជិត​ក្រ។ នេះ​បើ​យោង​តាម​របាយការណ៍​ធនាគារ​ពិភពលោក (World Bank)។

និស្សិត និង​ជា​កូន​សិស្ស​លោក​នៅ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ លោក ហ៊ុម សុខឡេន និយាយ​ថា ការ​យក​បាយ​ទឹក​នំ​ចំណី​ត្រី​សាច់​ទៅ​ប្រគេន​ព្រះសង្ឃ គឺ​ជា​សទ្ធា​ជ្រះ​ថ្លា​របស់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ជា​ប្រការ​ល្អ ពុទ្ធ​បរិស័ទ​គួរ​យក​លុយ​ទៅ​ប្រគេន​ព្រះសង្ឃ​សម្រាប់​សាងសង់​សមិទ្ធផល​នានា​ក្នុង​វត្ត ដើម្បី​រក្សា​ទុក​ជា​កេរ​វប្បធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ។ លោក​បន្ត​ថា ព្រះសង្ឃ​មិន​អាច​ឆាន់​ចង្ហាន់​ដែល​ពុទ្ធ​បរិស័ទ​យក​ទៅ​ប្រគេន​ទាំង​នោះ​អស់​ទេ ម្ល៉ោះ​ហើយ​បើ​ពុទ្ធ​បរិស័ទ​យក​ម្ហូប​ដែល​ខ្លួន​ធ្វើ​ទៅ​ជូន​ជន​ទី​ទាល់ក្រ មនុស្ស​ចាស់​អត់​ទី​ពឹង ក៏​ជា​រឿង​ល្អ និង​បង្ហាញ​ពី​ការ​សាមគ្គី​ភាព​ក្នុង​នាម​ជា​កូន​ខ្មែរ៖ «ពេល​ខ្លះ​ម្ហូប​អាហារ​ច្រើន​ពេក លក្ខណៈ​ដូច​ចាក់​បង្គរ យក​មក​ជា​លក្ខណៈ​គួរ​សម​មក រួច​យក​បច្ច័យ​ចូល​បុណ្យ ព្រោះ​ថា​វត្ត​ត្រូវ​ការ​កសាង​ច្រើន។ ម្ហូប​អាហារ​ល្មម​មក រួម​ផ្សំ​នឹង​បច្ច័យ​ខ្លះ រួច​ម្ហូប​អាហារ​នៅ​សល់ យើង​យក​ទៅ​ចែក​ជូន​ជន​អនាថា គឺ​ជា​ការ​ល្អ»

ជុំវិញ​ការ​លើក​ឡើង​នេះ ព្រះចៅ​អធិការ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ព្រះតេជព្រះគុណ ម៉ៅ នីម មាន​ថេរ​ដីកា​ថា ការ​ធ្វើ​បុណ្យ​កុសល គឺ​មិន​ប្រកាន់​រដូវ​កាល​នោះ​ទេ។ ម្ហូប​អាហារ​ដែល​ពុទ្ធ​បរិស័ទ​យក​ទៅ​ប្រគេន​សង្ឃ​នៅ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ នេះ បន្ទាប់​ពី​ឆាន់​រួច ព្រះសង្ឃ​យក​ទៅ​ចែក​ជូន​អ្នក​សុំ​ទាន មនុស្ស​ចាស់​ជរា​គ្មាន​ទី​អាស្រ័យ និង​ចែក​ជូន​ចំពោះ​មណ្ឌល​កុមារ​កំព្រា។ ការ​ចែក​រំលែក​អាហារ​គ្នា​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​នេះ គឺ​ដើម្បី​បង្ហាញ​គំរូ​ល្អ​ដល់​ពុទ្ធ​បរិស័ទ​ដទៃ​ផ្សេង​ទៀត ក្នុង​ន័យ​បណ្ដុះ​គំនិត​ចែក​រំលែក​គ្នា ចេះ​ធ្វើ​ទាន និង​ចេះ​បង្កើត​ក្តី​អាណិត​អាសូរ​ចំពោះ​គ្នា និង​គ្នា៖ «ដូច្នេះ​បើ​យើង​មាន​ម្ហូប​អាហារ និង​បច្ច័យ​ទៅ​ចែក​ជូន​ជន​ទី​ទាល់ក្រ​គ្មាន​ទី​ពឹង គឺ​ជា​ប្រការ​ល្អ​វិសេសវិសាល​ណាស់​ហើយ»

ទន្ទឹម​នឹង​វត្ត​អារាម​មាន​ម្ហូប​អាហារ​សម្បូរ​ហូរហៀរ​ក្នុង​សាលា​ឆាន់​នោះ បើ​គេ​ក្រឡេក​ទៅ​ខាង​ក្រៅ​សាលា​ឆាន់​នៃ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ​វិញ គេ​ឃើញ​មាន​អ្នក​សុំ​ទាន​ជា​កុមារា​កុមារី មនុស្ស​ចាស់​ប្រុស​ស្រី កំលោះ​ពេញ​វ័យ និង​អ្នក​សុំ​ទាន​ជា​ជន​ពិការ​ដោយ​សង្គ្រាម​ស៊ីវិល​ជាច្រើន​នាក់ មាន​រូប​រាង​ស្គម​ស្គាំង សម្លៀកបំពាក់​ចាស់ៗ កំពុង​លើក​ដៃ​សំពះ​សុំ​លុយ​ពី​ប្រជា​ពុទ្ធ​បរិស័ទ​ដែល​មក​ធ្វើ​បុណ្យ​នៅ​ក្នុង​វត្ត​នេះ។

បាយ​វត្ត ៦២០
បាយ​នៅ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ទុក​សម្រាប់​ឲ្យ​មណ្ឌល​កុមារ​កំព្រា កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Sireymuny

 

បុរស​វ័យ​ចំណាស់​អ្នក​សុំ​ទាន​ជា​ជន​ពិការ​ដោយសារ​សង្គ្រាម​ស៊ីវិល មក​ពី​ខេត្ត​តាកែវ និយាយ​ថា លោក​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ដែល​សង្ឃ​មាន​ចិត្ត​អាណិត​អាសូរ ដាក់​ទាន​ម្ហូប​អាហារ​ចំពោះ​រូប​លោក និង​អ្នក​សុំ​ទាន​ដទៃ​ទៀត ដែល​គ្មាន​មុខ​របរ​ច្បាស់លាស់​ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន​នៃ​ក្រពះ៖ «វ៉ៃ​ជាមួយ​ប៉ារ៉ា ទ័ព​សម្ដេច​ក្រុម​ព្រះ​ហ្នឹង មិន​ទ័ព​ខ្មែរ​ក្រហម​ជាមួយ​ទ័ព ញ៉ឹក ប៊ុនឆៃ ហ្នឹង ឥឡូវ​គេ​ត្រូវរ៉ូវ​គ្នា​អស់​ហើយ ឯង​បាន​ត្រឹម​តែ​សោកា​ចឹង​ទៅ ដាច់​ដៃ​ដាច់​ជើង​អស់​ទៅ។ សុំ​មួយ​រយ​មក​បង បង​អើយ​បង បង​ស្រី​សុំ​តិចតួច​មក​បង»

ស្ត្រី​វ័យ​ចំណាស់​អង្គុយ​ក្បែរ​របង​ព្រះវិហារ មួយ​រូប​ទៀត ដែល​មាន​សម្បុរ​ខ្មៅ ស្បែក​ជ្រីវជ្រួញ សក់​ខ្លី​ត្រឹម​ក ពាក់​អាវ​ស​ខោ​ខ្មៅ​ចាស់ៗ និង​ធុំ​ក្លិន​មិន​ល្អ​បង្ហើរ​តាម​ខ្យល់​ផង​នោះ បាន​បង្ហាញ​អារម្មណ៍​ថា លោកស្រី​មក​វត្ត​នឹង​គេ​ដែរ ប៉ុន្តែ​មិន​មែន​មក​ធ្វើ​បុណ្យ​នោះ​ទេ គឺ​មក​សុំ​លុយ និង​បាយ ដើម្បី​ចិញ្ចឹម​ចៅ​កំព្រា​ចំនួន ៥​នាក់​នៅ​ឯ​ស្រុក​ល្វាឯម ជា​ទី​ឋាន​កំណើត​របស់​លោកស្រី៖ «ខ្វះ​មុខ​ខ្វះ​ក្រោយ​ចឹង បាន​សុំ​គេ​ចឹង​ទៅ។ នេះ​ចៅ​ខ្ញុំ ៥-៦​នាក់ វា​កំព្រា​ហ្នឹង​ណា»

ការ​បង្កើត​វប្បធម៌​ចែក​រំលែក​រដូវ​កាល​ភ្ជុំ​បិណ្ឌ​នេះ ប្រធាន​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​ការ​អប់រំ ព្រះតេជព្រះគុណ ហាក់ សៀងហៃ មាន​ថេរ​ដីកា​ថា ការ​ធ្វើ​បុណ្យ​ដាក់​ទាន​មិន​ប្រកាន់​បុគ្គល​នោះ​ទេ។ ការ​យក​សម្ភារៈ និង​បាយ​ទឹក​នំ​ចំណី​បន្លែ​ត្រី​សាច់ ទៅ​ចែក​ជូន​ជន​ក្រីក្រ​នោះ គឺ​ជា​ការ​សាង​បុណ្យ​កុសល​ដ៏​ល្អ​វិសេសវិសាល​សម្រាប់​បច្ចុប្បន្ន​ជាតិ និង​អនាគត​ជាតិ។ បើ​មនុស្ស​ជុំវិញ​ខ្លួន​មាន​សេចក្តី​សុខ មាន​ភាព​រីក​រាយ មាន​ក្តី​សន្តោស​ប្រោសប្រណី​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ប្រាកដ​ណាស់​ថា​សង្គម​កម្ពុជា នឹង​លែង​មាន​ការ​គុំកួន មិន​មាន​បញ្ហា​អសន្តិសុខ និង​មិន​មាន​អំពើ​ចោរកម្ម​អ្វី​កើត​ឡើង​នោះ​ទេ។ ម្ល៉ោះ​ហើយ មុន​នឹង​គិត​ពី​អនាគត​ជាតិ សូម​ពុទ្ធ​បរិស័ទ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា គិត​ពី​បច្ចុប្បន្ន​ជាតិ​ជា​មុន​សិន៖ «យើង​បាត់បង់​ទំនុក​ចិត្ត​គ្នា បាត់បង់​នូវ​ការ​សាមគ្គី​គ្នា បាត់​នូវ​ភាតរភាព​ជា​បង​ប្អូន​នឹង​គ្នា ធ្វើ​ឲ្យ​សង្គម​មើល​គ្នា​មិន​ត្រូវ​ផង។ មាន​កូន​អ្នក​ក្រ អ្នក​ស្រែ អ្នក​ក្រុង​អ៊ីចឹង​ទៅ។ ប៉ុន្តែ​នា​រយៈពេល​ចុង​ក្រោយ​នេះ គឺ​ឃើញ​ថា​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ជាង​មុន តាម​រយៈ​សកម្មភាព​មនុស្ស​ធម៌​ហ្នឹង»

ការ​ធ្វើ​បុណ្យ​ដាក់​ទាន មិន​ទាមទារ​ទាល់​តែ​ពុទ្ធ​បរិស័ទ​យក​បាយ​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​នោះ​ទេ។ ជន​ទី​ទាល់ក្រ​ផ្សេងៗ​ទៀត ទោះ​មិន​មាន​ឱកាស​ធ្វើ​បុណ្យ​ដាក់​ទាន​ចំពោះ​ព្រះសង្ឃ​ក៏ដោយ ប៉ុន្តែ​ឲ្យ​តែ​ពួក​គាត់​មាន​ចិត្ត​សទ្ធា​ជ្រះ​ថ្លា​ចំពោះ​ព្រះពុទ្ធ​សាសនា និង​ធ្វើ​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ដោយ​ចេះ​គោរព និង​ផ្តល់​ចំពោះ​អ្នក​ដទៃ គឺ​ជា​ការ​សាង​កង​ការ​មហា​កុសល​ល្អ​សម្រាប់​ជីវិត និង​សង្គម​ជាតិ។​

ព្រះអង្គ​មាន​ថេរ​ដីកា​ពន្យល់​ថា ការ​យក​អំណោយ​ជា​បាយ​ទឹក​សម្រាប់​ទទួល​ទាន និង​សម្ភារៈ​ប្រើប្រាស់ ចែក​ជូន​ដល់​អ្នក​ជំងឺ​តាម​មន្ទីរពេទ្យ​ផ្សេងៗ ក៏​ជា​អំពើ​ល្អ​ប្រពៃ​មួយ ដើម្បី​លើក​ទឹក​ចិត្ត​ចំពោះ​អ្នក​ជំងឺ​ដែល​មិន​មាន​ឱកាស​ទៅ​ធ្វើ​បុណ្យ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​អាច​ជួយ​សម្រួល​ដោះ​បន្ទុក​ចំពោះ​ក្រុម​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​បាន​មួយ​កម្រិត​ដែរ៖ «បណ្ដុះ​នូវ​ចិត្ត​មេត្តា លះ​បង់​ទៅ​ហើយ លះ​បង់​ដោយ​ចេតនា​ដ៏​ប្រសើរ ចេតនា​ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​សុខ។ ឧទាហរណ៍ យើង​មាន​ទ្រព្យ​ចឹង យើង​ឃើញ​អ្នក​អត់​ឃ្លាន​ចឹង យើង​លះ​បង់​ប្រកប​ដោយ​ចិត្ត​សទ្ធា គឺ​ក្នុង​ចិត្ត​យើង​រីករាយ ហ្នឹង​ហើយ​ជា​ចិត្ត​នៃ​បុណ្យ»

រីឯ​អ្នក​ជំងឺ​ដែល​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ក្រុង​ភ្នំពេញ វិញ គេ​សង្កេត​ឃើញ​ថា មាន​ព្រះសង្ឃ និង​យុវជន​មួយ​ចំនួន បាន​នាំ​យក​គ្រឿង​បរិភោគ​ទៅ​ចែក​ជូន​ពលរដ្ឋ​អ្នក​ជំងឺ​ដោយ​ក្តី​សប្បាយ​រីករាយ និង​មាន​ចិត្ត​សន្តោស​ប្រោស​ប្រណី​គ្នា ហើយ​វប្បធម៌​នេះ គឺ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ និង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

ព្រះសង្ឃ​មាន​ថេរ​ដីកា​ថា ពុទ្ធ​បរិស័ទ​ទាំងអស់ គួរ​តែ​ផ្លាស់ប្ដូរ​អាកប្បកិរិយា​ពី​ភាព​អាត្មា​និយម​ចង់​បាន​សេចក្តី​សុខ​តែ​ម្នាក់​ឯង ដោយ​ងាក​យក​មក​ធ្វើ​បុណ្យ​ដាក់​ទាន​ចំពោះ​ជន​អនាថា​ដែល​គ្មាន​ទី​ពឹង ជន​ពិការ និង​កុមារ​កំព្រា ឲ្យ​ទទួល​បាន​សេចក្តី​សុខ​ដូច​មនុស្ស​ទូទៅ​ដែរ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា សង្គម​អាច​មាន​សេចក្តី​សុខ​ចម្រើន និង​អាច​អភិវឌ្ឍ​ទៅ​មុខ​បាន គឺ​ផ្ដើម​ចេញ​ពី​ចិត្ត​សន្តោស ការ​សាមគ្គី​គ្នា និង​ការ​ប្រកាន់​យក​វប្បធម៌​នៃ​ការ​ចែក​រំលែក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។