ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រៃ​វែង​ត្រូវ​រ៉ឺម៉ក​ម៉ូតូ​បុក​ដួល​សន្លប់​​ពេល​កំពុង​បំពេញ​ភារកិច្ច​

ខេត្ត​ព្រៃ​វែង​ ៖ ប៉ូលិស​ម្នាក់​ត្រូវ​រ៉ឺម៉ក​ម៉ូតូ​បុក​ចំគល់​ចង្កេះផ្លោង​ឡើង​លើ​ រួច​ធ្លាក់​មក​លើ​ទ្រូង​ផ្លូវ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ត្រូវ​ក្រុម​សមត្ថ​កិច្ច​នាំ​ទៅព្យាបាល​នៅ​គ្លីនិក​ឯក​ជន​នៅ​អ្នក​លឿង​ត្រើយ​ខាង​កើត​ កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៥ តុលា ២០១៥ លើ​ផ្លូវ​ជាតិ​លេខ​១ ចំណុច​ភូមិ​សទ្ធា ឃុំ​រំចេក ស្រុក​ព្រះ​ស្តេច​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ដែល​ជា​ប៉ូលិស​ចរាចរណ៍​កំពុង​ឈរ​នៅ​ចំ​កណ្តាល​ទ្រូង​ផ្លូវ​ដើម្បី​បំពេញ​ភារកិច្ច​ឃាត់​រថយន្ត​ឱ្យ​ឈប់​ត្រួត​ពិនិត្យ​ ពេល​រថ​យន្ត​កំពុង​ធ្វើ​ចរា​ចរណ៍​ជា​បន្ត​បន្ទាប់​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ហើយ​នៅ​ខាង​ក្រោយ​រថយន្ត​មាន​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​កំពុង​បោះ​ពួយ​យ៉ាង​លឿន​នៅ​ពី​ក្រោយ​រថ​យន្ត លុះ​មក​ដល់​ចំណុច​កើតហេតុ​ សមត្ថ​កិច្ច​ហៅ​រថយន្ត​ឱ្យ​ឈប់​រថយន្ត​បាន​ជាន់​ហ្វ្រាំង​ឈប់​ធ្វើ​ឱ្យ​រ៉ឺម៉ក​ម៉ូតូ​ដែល​មកពី​ក្រោយ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​យក​ចង្កូត​មក​ទ្រូង​ផ្លូវ​ដើម្បី​គេច​ពី​រថយន្ត​ តែ​ដោយ​សារ​ល្បឿន​លឿន​ពេក​ក៏​ជ្រុល​ទៅ​បុក​ប៉ូលិស​ចរាចរណ៍​ដែល​ឈរ​បញ្ជា​នៅ​ចំ​កណ្តាល​ទ្រូង​ផ្លូវ​ឱ្យ​ផ្លោង​ឡើង​លើ រួច​ធ្លាក់​ចុះ​មក​លើ​ទ្រូង​ផ្លូវ​បណ្តាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម​បែក​ក្រោម​ភ្នែក​ខាង​ស្តាំ និង​ជាំ​ត្រគាក​ខាង​ឆ្វេង​សន្លប់​ស្តូក​តែ​ម្តង​៕