លោក លី សូវ៉ាន់ ៖ កាហ្វេ នាំឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ វត្តតាអ៊ុង ពុលថ្ងៃមុន ហួសកាលបរិច្ឆេទ ប្រើប្រាស់ ៣ខែ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា កាហ្វេ ដែលនាំឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្តតាអ៊ុង ពុលក្អួតចង្អោរ កាលពីយប់ថ្ងៃសៅរ៍ កន្លងទៅនេះ បានហួសកាលបរិច្ឆេទប្រើប្រាស់ រយៈពេល ៣ខែទៅហើយ ។ ទោះជាយ៉ាងណាលោក លី សូវ៉ាន់ បានបញ្ជាក់ថា ការពុលនេះ មិនមែនបណ្តាលមកពីកាហ្វេហួសកាលបរិច្ឆេទតែមួយមុខនោះទេ ពោលបូករួមទាំងបញ្ហា នៃការឆុង មិនត្រឹមត្រូវគ្មានអនាម័យ ហើយអ្នកខ្លះទៀត នាំគ្នាផឹកកាហ្វេ ទាំងមិនទាន់ហូប អ្វីនៅក្នុងពោះផងដែរ។

ព្រះសង្ឃ យាយជី តាជី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តតាអ៊ុង ប្រមាណជា ៣៥ អង្គ និងអ្នកស្ថិតក្នុងភូមិតាអ៊ុង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប កាលពីយប់ថ្ងៃសៅរ៍ ទី០៣ ខែតុលា ដែលជាថ្ងៃកាន់បិណ្ឌវេនទី៦នោះ បានពុលក្អួតចង្អោជាបន្តបន្ទាប់ បន្ទាប់ពីព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ បានឆាន់ និងកាហ្វេ ដែលម្ចាស់វេន បាន រៀបចំប្រគេនព្រះសង្ឃ ។

លោក លី សូវ៉ាន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះថា «បុព្វ ហេតុ ដែលយើងរកឃើញច្រើន ។ ទី១-គឺកាហ្វេ ដែលប្រើប្រាស់នេះ បានហួសកាលកំណត់ ៣ខែ, ទី២- ការរៀប ចំឆុងហ្នឹង មិនត្រូវលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ និងមិនប្រកបដោយអនាម័យទៅទៀត។ មួយទៀត គាត់ ពិសាកាហ្វេ ដោយអត់ទាន់បានបរិភោគអីនៅក្នុងពោះទេ គាត់ដាក់កាហ្វេខ្លាំងទៅ ប៉ះពាល់សុខភាពរបស់គាត់ ធ្វើឲ្យញ័រទ្រូង ញ័រអីតែម្តង»។

អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានប្រាប់ឲ្យដឹងផងដែរថា រហូតដល់ថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២០១៥ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដែលមានអាការពុលក្អួតចង្អោនេះ ត្រូវបានជួយសង្រ្គោះទៅរកសុខភាពធម្មតា និង បាននិមន្ត និងអញ្ជើញត្រឡប់ទៅផ្ទះវិញអស់ហើយ ។

លោក ឃឹម ប៊ុនសុង បញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាប មិនបានព្រងើយកន្តើយចំពោះករណីនេះឡើយ ពោលនៅក្រោយកើតហេតុភ្លាមៗ អាជ្ញាធរ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ និងដឹកជញ្ជូនអ្នករងគ្រោះ មកជួយសង្រ្គោះនៅតាមន្ទីរព្យាបាល ។

លោក លី សូវ៉ាន់ បានសំណូមពរ ដល់ប្រជាពលរដ្ឋមុនទិញគ្រឿងឧបភោគបរិភោគ ត្រូវពិនិត្យមើលកាលបរិច្ឆេទ និងរកប្រភពឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងអាហារ ដែលគ្មានគុណភាព។ បើពលរដ្ឋឈឺស្កាត់ផ្សេងៗត្រូវទៅ ស្វែងរកសេវាព្យាបាលតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ឬទាក់ទងទូរស័ព្ទលេខ 115 / 012 89 81/ 089 669 567 ៕

លោក លី សូវ៉ាន់ ៖ កាហ្វេ នាំឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ វត្តតាអ៊ុង ពុលថ្ងៃមុន ហួសកាលបរិច្ឆេទ ប្រើប្រាស់ ៣ខែ

លោក លី សូវ៉ាន់ ៖ កាហ្វេ នាំឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ វត្តតាអ៊ុង ពុលថ្ងៃមុន ហួសកាលបរិច្ឆេទ ប្រើប្រាស់ ៣ខែ

លោក លី សូវ៉ាន់ ៖ កាហ្វេ នាំឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ វត្តតាអ៊ុង ពុលថ្ងៃមុន ហួសកាលបរិច្ឆេទ ប្រើប្រាស់ ៣ខែ