គ.ប.ម ស្នើអ្នកនយោបាយ កុំរឹបអូសដីធ្លី ពីអ្នកមាន ទៅឲ្យអ្នកក្រ

ភ្នំពេញ៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) របស់ក្រុមបញ្ញវន្ត ដែលទើបបង្កើត បានប្រតិកម្មសារនយោបាយ ដែលមានគោលគំនិត រឹបអូសដីពីអ្នកមានទៅឲ្យអ្នកក្រថា ជារឿងមិនត្រឹមត្រូវក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី។

សេចក្ដីថ្លែងការរបស់ គ.ប.ម ចេញថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៥ បានឲ្យដឹងថា ការឆ្លើយឆ្លងគ្នា រវាងអ្នកនយោបាយជាន់ខ្ពស់ជើងចាស់ ទាក់ទងនឹងបញ្ហាដីធ្លីជាគោលគំនិត ដែលមិនបង្ហាញពីដំណោះស្រាយជាក់ស្ដែង និងមិនសមស្របតាមគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី។

 ប្រភពបានបន្ថែមថា “សារនយោបាយដែលមានគោលគំនិត រឹបអូសដីពីអ្នកមានទៅឲ្យអ្នកក្រ ជារឿងមិនត្រឹមត្រូវក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី”។

 គ.ប.មយល់ឃើញថា រដ្ឋមានកាតព្វកិច្ចគ្រប់គ្រងដីធ្លីដូចតទៅ៖ ១-ធានានូវសិទ្ធដីធ្លីដល់បុគ្គលគ្រប់រូប រួមទាំងប្រជាពលរដ្ឋងាយរងគ្រោះ និងអ្នកវិនិយោគទុនក្នុងវិស័យកសិកម្មផងដែរ, ២-ជួយកសិករដែលមានដីតិច ឲ្យចេះបង្កើនផលិតកម្ម តាមរយៈការងារផ្សព្វផ្សាយកសិកម្ម និងមានលទ្ធភាពទទួលបានទុនកម្ចី ដែលមានការប្រាក់ទាប សម្រាប់វិនិយោគបង្កើនផលិតកម្ម ,និងទី៣-ប្រគល់ដីរបស់រដ្ឋដែលនៅទំនេរ ដល់កសិករដែលអត់ដីតាមរយៈ សម្បទានដីសង្គមកិច្ច។

ដើម្បីធានាឲ្យមានការគ្រប់គ្រង និងវិនិយោគលើវិស័យដីធ្លី ប្រកបដោយប្រសិទ្ធភាព សមធម៌ និងចីរភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងរៀបចំកម្មវិធីនយោបាយ ប្រកបដោយការចូលរួមទូលំទូលាយដើម្បីដោះស្រាយបញ្ហានេះ ជាមួយស្មារតីយល់ដឹងអំពីសេដ្ឋកិច្ចទីផ្សារសេរី និងសមធម៌សង្គម៕

គ.ប.ម ស្នើអ្នកនយោបាយ កុំរឹបអូសដីធ្លី ពីអ្នកមាន ទៅឲ្យអ្នកក្រ