លោកទូច ណារ៉ុថ៖ អង្គ​រក្សត្រូវ​មាន​ភាព​ស្មោះត្រង់ និង​មានឆន្ទៈ​ខ្ពស់​ក្នុងការការពារ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ជាតិ- អន្តរជាតិ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស បានថ្លែងថា នគរបាលអង្គរក្សត្រូវតែមានភាពស្មោះត្រង់ និងមានឆន្ទៈខ្ពស់ក្នុងការការពារ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ- អន្តរជាតិ។

យោងតាមវេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញការពារ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៅសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការការនគរបាលជាតិ មានប្រសាសន៍ថា នគរបាលអង្គរក្សត្រូវតែយល់ពីតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់ ព្រោះថាថ្នាក់ដឹកនាំមានសុខសុវត្ថិភាពក៏ដោយសារអង្គរក្ស មានគ្រោះថ្នាក់ក៏ដោយសារអង្គរក្ស ដូច្នេះហើយទាមទារឲ្យអង្គរក្សត្រូវតែមានភាពស្មោះត្រង់ និងមានជំនាញច្បាស់លាស់ក្នុងការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ។

លោកបានបន្តថា “តួនាទីរបស់អង្គរក្សមិនមែនការពារខ្លួនឯងនោះទេ គឺអង្គរក្សមានភារកិច្ចការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ហើយបើអង្គរក្សគ្មានភាពស្មោះត្រង់ នោះថ្នាក់ដឹកនាំពិតជាមិនយកទៅ ការពារសុវត្ថិភាពទេ តែបើអង្គរក្សមានភាពស្មោះត្រង់ និងមានជំនាញច្បាស់លាស់នោះពិតជាទទួលបានការជឿជាក់ និងឲ្យតម្លៃពីថ្នាក់ដឹកនាំ ដូច្នេះហើយយើងត្រូវតែមានមោទនភាពចំពោះខ្លួនឯង”។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ពេលដែលប្អូនៗត្រឡប់ទៅបម្រើភារកិច្ចជូនអង្គភាព សូមឲ្យប្អូនៗខិតខំសិក្សាស្វែងយល់ពីការងារជាក់ស្តែង និងបន្តការហ្វឹកហាត់ជំនាញបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សីលធម៌ និងមានសាមគ្គីភាពផ្ទៃក្នុងអង្គភាព ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅឲ្យបានល្អ៕

លោកទូច ណារ៉ុថ៖ អង្គ​រក្សត្រូវ​មាន​ភាព​ស្មោះត្រង់ និង​មានឆន្ទៈ​ខ្ពស់​ក្នុងការការពារ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ជាតិ- អន្តរជាតិ