ក្រុមហ៊ុន​ជាង​២០០​មក​ពី​១៦​ប្រទេស​តាំង​ពិព័រណ៍​ម្ហូប​អាហារ​និង​ភេសជ្ជៈ​នៅ​ក្រុង​សៀមរាប

ទាញ​យក​កម្មវីធី

សហព័ន្ធ​ទេសចរណ៍ និង​សមាគម​ចុងភៅ​កម្ពុជា បាន​រួម​សហការ​គ្នា​បញ្ចុះ​បញ្ចូល​ឲ្យ​ក្រុមហ៊ុន​ល្បីៗ​ចំនួន​ជាង ២០០​ក្រុមហ៊ុន មក​ពី​ប្រទេស​ចំនួន​១៦ បាន​នាំ​យក​ផលិតផល​ចំណី​អាហារ ព្រម​ទាំង​ភេសជ្ជៈ​ជាច្រើន​ប្រភេទ មក​តាំង​ពិព័រណ៍​អន្តរជាតិ​លើក​ដំបូង​នៅ​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែ​តុលា។

ក្រុមហ៊ុន​ដែល​ល្បី​មក​ពី​សហរដ្ឋ​អាមេរិក (United State) សិង្ហបុរី (Singapore) តៃវ៉ាន់ (Taiwan) វៀតណាម (Vietnam) និង​កម្ពុជា ផង កំពុង​នាំ​គ្នា​ដាក់​តាំង​ពិព័រណ៍​ផលិតផល​អាហារ ផ្លែ​ឈើ សាច់​សត្វ នំប៉័ង ស្រា​ផលិត​ពី​ផ្លែ​ឈើ ភេសជ្ជៈ​ជាច្រើន​មុខ ព្រម​ទាំង​សោ​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ផង។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដែល​ចូលរួម​បើក​សម្ពោធ​ការ​តាំង​ពិព័រណ៍​នោះ​មាន​ប្រសាសន៍​ថា ការ​តាំង​ពិព័រណ៍​ម្ហូប​អាហារ​ខ្នាត​អន្តរជាតិ​នេះ គឺ​ជា​វិធីសាស្ត្រ​មួយ​ទៀត នៃ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​ទស្សនា​កម្ពុជា កាន់​តែ​ច្រើន​ឡើង បន្ថែម​ពី​លើ​ការ​ប្រឹងប្រែង​កន្លង​ទៅ ដែល​រដ្ឋាភិបាល​កម្ពុជា ខិតខំ​ធ្វើ ដូចជា​យុទ្ធការ​ជំរុញ​ឲ្យ​កម្ពុជា ស្អាត យុទ្ធនាការ​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវាកម្ម​ទេសចរណ៍​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ជាដើម៖ «វិស័យ​ម្ហូប​អាហារ និង​ភេសជ្ជៈ និង​ផលិតផល​ម្ហូប​អាហារ គឺ​ជា​ផ្នែក​មួយ​ដែល​មាន​សារសំខាន់​ក្នុង​ការ​រួម​ចំណែក​ធ្វើ​សមាហរណកម្ម​អាស៊ាន ឆ្នាំ​២០១៥ តាម​រយៈ​កិច្ច​ព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក»

ក្រសួង​ទេសចរណ៍ រំពឹង​ទុក​ថា នៅ​ឆ្នាំ​២០២០ ខាង​មុខ កម្ពុជា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៧​លាន​នាក់ ហើយ​ជំនាញ​ផ្នែក​បដិសណ្ឋារកិច្ច​ភ្ញៀវ និង​ជំនាញ​នៃ​ការ​ធ្វើ​ម្ហូប​អាហារ វា​ពិត​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​បម្រើ​តម្រូវ​ការ​ដល់​អ្នក​ទេសចរ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។