អាជ្ញាធរ​ស្រុក​អន្លង់វែង​រង​ការ​ចោទ​ថា​រារាំង​មិន​ឱ្យ​បក្ស​ប្រឆាំង​សង់​រោង​​ទទួល​ថ្នាក់​ដឹកនាំ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា ជា​អនុ​ប្រធាន មាន​គំរោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ និង​ស្រុក​អន្លង់វែង នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​តុលា ដើម្បី​ជួប​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ​ជា​ច្រើន​រយ​នាក់​នៅ​ទី​នោះ។ ក៏ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល ដែល​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ មួយ​នេះ ហាក់ដូចជា​មាន​ចេតនា​បង្ក​ឱ្យ​មាន​ការ​លំបាក​ដល់​ដំណើរ​ចុះ​សួរ​សុខទុក្ខ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នោះ ដូចជា​តម្រូវ​ឱ្យ​សុំ​ច្បាប់​អនុញ្ញាត​ពី​ថ្នាក់​ខេត្ត​ជាមុន​ចំពោះ​ការ​ជួប​ប្រជុំ និង​ការ​សង់​រោង​វេទិកា​ជាដើម។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ ចោទ​ប្រកាន់​ថា អាជ្ញាធរ​ស្រុក​អន្លង់វែង កំពុង​រារាំង​ពួកគេ​មិន​ឱ្យ​សាងសង់​រោង​វេទិកា​ចាំ​ទទួល​ដំណើរ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​គ្រោង​នឹង​ទៅ​កាន់​ទី​នោះ​បាន​ទេ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ គឺ​លោក សំ សំបូរ។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៦ ខែ​តុលា ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា ជា​អនុប្រធាន គ្រោង​នឹង​ទៅ​ក្រុង​សំរោង ព្រម​ទាំង​ស្រុក​អន្លង់វែង នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​តុលា ដើម្បី​ជួប​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ​ជិត ១.០០០​នាក់។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​បញ្ជាក់​ថា លោក​បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង​​ទៅ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ រួច​ហើយ ជុំវិញ​ដំណើរ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំង​ការ​ជួប​ប្រជុំ​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ​ផង​នោះ។ នៅ​ឯ​ក្រុង​សំរោង គឺ​អាជ្ញាធរ​មិន​បាន​រារាំង​ការ​សាងសង់​រោង​ដើម្បី​ចាំ​ទទួល​ដំណើរ​មក​ដល់​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ទេ ក៏ប៉ុន្តែ​នៅ​ឯ​ស្រុក​អន្លង់វែង គឺ​ជា​អាជ្ញាធរ​បាន​រារាំង​មិន​ឱ្យ​សាងសង់​រោង ដែល​ត្រៀម​នឹង​ធ្វើ​នៅ​ភូមិ​គគីរលើ ឃុំ​លំទង នោះ​បាន​ឡើយ៖ «យើង​បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅ​គណៈ​អភិបាល​ខេត្ត​រួច​ហើយ ប៉ុន្តែ​ខាង​ស្រុក​អន្លង់វែង គេ​មិន​ឱ្យ​លើក​រោង ដោយ​មូលហេតុ​គេ​ថា ថ្នាក់​ខេត្ត​មិន​ទាន់​ផ្ញើ​លិខិត​ជូន​ដំណឹង​មក​ឱ្យ​ថ្នាក់​ស្រុក​នៅ​ឡើយ»

​ទោះ​យ៉ាង​ណា អាជ្ញាធរ​ស្រុក​អន្លង់វែង បាន​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រឆាំង​នេះ ថា​គឺ​ជា​រឿង​មិន​ពិត។

អភិបាល​ស្រុក​អន្លង់វែង លោក ហោ ជិនវិរៈយុទ្ធ បដិសេធ​ថា អាជ្ញាធរ​ស្រុក​មិន​បាន​បញ្ជូន​កម្លាំង​ណា​មួយ​ទៅ​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យ​សាងសង់​រោង​វេទិកា​នោះ​ទេ។ លោក​ថា តាម​ពិត​បញ្ហា​គឺ​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ ដែល​ទៅ​សង់​រោង​នៅ​នឹង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ហើយ​ម្ចាស់ផ្ទះ​មិន​អនុញ្ញាត ឯ​បញ្ហា​មួយ​ទៀត គឺ​ម្ចាស់​រោង​មិន​ព្រម​ជួល​តង់ និង​ឆ្អឹង​ដែក​ឱ្យ​ធ្វើ​វេទិកា​នោះ​តែម្ដង៖ «រោង​ដែល​គេ​រើ​ទៅ​ហ្នឹង ដោយសារ​តែ​ម្ចាស់​រោង​គេ​អត់​ព្រម​ជួល​ឱ្យ។ អាជ្ញាធរ​ស្រុក​ទៅ​រើ​រោង​គេ​យ៉ាង​ម៉េច? គឺ​អត់​មាន​ទេ យើង​មិន​ដែល​ណែនាំ​ដូច្នេះ​ឡើយ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា តាម​នីតិវិធី គឺ​រាល់​គណបក្ស​ដែល​ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​រួច​ហើយ​មិន​ចាំបាច់​សុំ​ច្បាប់​នៅ​ពេល​ចុះ​ជួប​សកម្មជន ឬ​ក៏​អ្នក​គាំទ្រ​ទេ ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជា​ការ​ស្រេច។ លោក ស្រី ណារ៉េន ចាត់​ទុក​សកម្មភាពរ​បស់​អាជ្ញាធរ​ដែល​រារាំង​មិន​ឱ្យ​សាងសង់​រោង​វេទិកា​នោះ គឺ​ជា​ចេតនា​ដែល​មិន​ចង់​ឱ្យ​គណបក្ស​ប្រឆាំង​មាន​ការ​ជួបប្រជុំ​បាន។

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ឱ្យ​ដឹង​ថា នៅ​ស្រុក​អន្លង់វែង គឺ​អាជ្ញាធរ​តែងតែ​រំខាន​ដល់​គណបក្ស​ប្រឆាំង ដូចជា​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ អាជ្ញាធរ​ធ្លាប់​បាន​ប្រមូល​កម្លាំង​មនុស្ស​ប្រុស​រាប់​រយ​នាក់ រាយ​បណ្ដាក់​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ ដើម្បី​រារាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំង​សកម្មជន​ជា​ច្រើន​ទៀត មិន​ឱ្យ​ចូល​ទៅ​ខេត្ត​ឧត្តរមានជ័យ និង​ស្រុក​អន្លង់វែង បាន​ម្ដង​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។