សមត្ថកិច្ច ចាប់ខ្លួនជនជាតិ វៀតណាម រត់ពន្ធភ្លុកដំរី ក្រញាំ និងចង្កូមខ្លា ជាង ៤៥គីឡូ ឆ្លងពីទ្វីបអាហ្រ្វិក ចូលមកកម្ពុជា

សៀមរាប៖ កម្លាំងសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ពេលកំពុងរត់ពន្ធនាំយកសំណាកសត្វកម្រ រួមមាន ភ្លុកដំរី ចុងកន្ទុយដំរី ក្រញាំខ្លា និងចង្កូមខ្លាទម្ងន់ជាង ៤៥គីឡូក្រាម ពីទ្វីអាហ្រ្វិក ចូលមកដែនដីតាមកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិសៀមរាប ហើយត្រូវបានបញ្ជូនទៅពន្ធនាគារខេត្ត នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះ។

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប លោក រៀម ចន្ទម្នី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃអង្គារ នេះថា កាលពីម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំផ្ទាល់ដោយតំណាង អយ្យការសាលាដំបូងខេត្តសៀមរាប បានចុះចាប់ខ្លួនជនជាតិវៀតណាមម្នាក់ នៅពេលរូបគេចុះពីលើយន្តហោះនៅ ព្រលានយន្តហោះអន្តរជាតិ ព្រមទាំងដកហូតបានឆ្អឹងសំណាកសត្វកម្រប្រមាណ ៤៥.៦គីឡូក្រាម។

លោក រៀម ចន្ទម្នី បានបញ្ជាក់ថា ជនសង្ស័យរត់ពន្ធឆ្អឹងសំណាកសត្វឆ្លងទ្វីបនេះ មានឈ្មោះ Vu le thuy ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិវៀតណាម។ ជនសង្ស័យ បានធ្វើដំណើរតាមជើងយន្តហោះលេខ OZ.737 (អ៊ីនឈន-សៀមរាប)។

ជនជាតិវៀតណាមរូបនេះ បានធ្វើដំណើរចេញពីប្រទេសអង់កូឡា នៅទ្វីបអាហ្វ្រិក កាលពីថ្ងៃទី២ ខែតុលា ហើយ ឆ្លងចូលប្រទេសអេត្យូពី រួចទើបចូលប្រទេសកូរ៉េខាងត្បូង និង បន្តដំណើរមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី០៤ ខែតុលា។ បើតាមលោកព្រះរាជអាជ្ញារង បន្ទាប់ពីជនសង្ស័យនេះចុះពីលើយន្តហោះភ្លាម នៅម៉ោង១១ និង១៥នាទី ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនតែម្តង។

លោក ចន្ទម្នី បានបន្តថា ជនជាតិវៀតណាមរូបនេះ ត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាប លោក គី រិទ្ធី សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប ក្រោមបទចោទប្រកាន់ពីការរត់ពន្ធទំនិញខុសច្បាប់ និងរត់ពន្ធសំណាកសត្វដោយកម្រ តាមមាត្រា៩៧ ចំណុចទី១០ តាមច្បាប់ព្រៃឈើ។ តាមបទចោទប្រកាន់ ជនជាតិវៀតណាម ជួញដូរឆ្អឹងសំណាកសត្វព្រៃនេះ អាចនឹងជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។

វត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបាននេះ មានភ្លុកដំរី ចំនួន១៥ដុំ ទម្ងន់ ៤៣គីឡូក្រាម ចុងកន្ទុយដំរីក្រៀមចំនួន ១១កន្ទុយ ទម្ងន់ ១.៩ គីឡូក្រាម ចង្កូមខ្លា និង ក្រញាំខ្លាចំនួន ០.២គីឡូក្រាម។

កាលពីខែឧសភា ឆ្នាំ២០១៤ កន្លងទៅ កម្លាំងសមត្ថកិច្ច ក៏បានចាប់ភ្លុកដំរី ទម្ងន់ជាង បីតោន ដែលក្រុមឈ្មួញលួចនាំចូលមកតាមកំពង់ផែខេត្តព្រះសីហនុផងដែរ៕