អាជ្ញាធរ​ស្រុក​មេមត់​នឹង​បង្ក្រាប​ល្បែង​ឆ្នោត​កន្ទុយ​លេខ​និង​ឆ្នោត​វៀតណាម

ទាញ​យក​កម្មវីធី

អាជ្ញាធរ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា ពួក​គេ​នឹង​ចាត់​វិធានការ​បង្ក្រាប​ករណី​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ ដូចជា​កន្ទុយ​លេខ ពិសេស​ឆ្នោត​វៀតណាម។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ជាច្រើន ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ល្បែង​ស៊ី​សង​ទាំង​នោះ។

អធិការ​ស្រុក​មេមត់ ដែល​ទើប​នឹង​ទទួល​តំណែង​បាន​ប្រមាណ ២​ខែ លោក ហុង គីមហឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ តុលា ថា​ខាង​សមត្ថកិច្ច​នឹង​ចាត់​វិធានការ​បង្ក្រាប​ករណី​ល្បែង​ស៊ី​សង រួម​មាន​កន្ទុយ​លេខ និង​ឆ្នោត​វៀតណាម ដែល​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន។

លោក​ថា វិធានការ​របស់​អាជ្ញាធរ នឹង​ចាប់​ផ្ដើម​នៅ​ក្រោយ​ពេល​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។ លោក​បញ្ជាក់​ថា ដោយសារ​អំឡុង​ពេល​នេះ អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ទៅ​ប្រជាពលរដ្ឋ រហូត​ឈាន​ទៅ​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព​ប្រព្រឹត្ត​ល្បែង​ស៊ី​សង​ទាំង​នោះ​ថែម​ទៀត។ លោក​ថា ប្រសិន​បើ​ការ​ណែនាំ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព អាជ្ញាធរ​នឹង​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់៖ «យើង​នឹង​រៀបចំ​បង្ក្រាប​ទូទៅ​ទាំងអស់​បង! តែ​ឥឡូវ​នេះ​យើង​បង្ក្រាប​អា​ធំៗ​សិន។ ខ្ញុំ​សុំ​គោលការណ៍​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​ឧត្តមសេនីយ៍​ស្នង​ហើយ​បង»

ជា​រៀង​រាល់​ព្រឹក ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​មេមត់ និង​ទីប្រជុំជន​ផ្សេង​ទៀត តែង​ឃើញ​ក្រុម​ប្រជាពលរដ្ឋ​វៀតណាម នាំ​គ្នា​ដើរ​លក់​ឆ្នោត​របស់​ពួក​គេ​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​តាយនិញ ប្រទេស​វៀតណាម លក់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ។ អ្នក​ដើរ​លក់​ឆ្នោត​ទាំង​នោះ ខ្លះ​ស្ទើរ​តែ​មិន​អាច​និយាយ​ខ្មែរ​កើត​ផង ដោយ​ពួក​គេ​គ្រាន់​តែ​យក​ឆ្នោត​ដាក់​បង្ហាញ​ពី​មុខ​ប្រជាពលរដ្ឋ​ខ្មែរ។ សកម្មភាព​ទាំង​នោះ ពេញ​និយម​នៅ​ក្នុង​ផ្សារ និង​នៅ​តាម​ហាង​បាយ ឬ​កាហ្វេ​ក្បែរ​សាលា​ស្រុក​មេមត់ តែ​ម្តង។ សកម្មភាព​លក់​ឆ្នោត​បែប​អនាធិបតេយ្យ​នោះ ហាក់​មិន​ឃើញ​មាន​សមត្ថកិច្ច​ទៅ​ហាម​ឃាត់ ឬ​ចាត់​វិធានការ​ទេ។

ការ​លើក​ឡើង​របស់​អធិការ​ស្រុក គឺ​ស្រប​ពេល​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ សម្ដែង​ក្តី​បារម្ភ​នៅ​ពេល​ពួក​គេ​ឃើញ​ល្បែង​ស៊ី​សង​ទាំង​នោះ បន្ត​រីក​ដុះដាល​យ៉ាង​អនាធិបតេយ្យ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ទន្លូង លោក ឈុន វុត្ថា ឲ្យ​ដឹង​ថា ល្បែង​ឆ្នោត​កន្ទុយ​លេខ​ក្តី ល្បែង​ឆ្នោត​វៀតណាម ក្តី គឺ​អាច​បង្ក​ទៅ​ជា​ភាព​អសន្តិសុខ និង​បាត់បង់​នូវ​របៀប​រៀបរយ​នៅ​ក្នុង​សង្គម។ លើស​ពី​នេះ​ទៀត ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​គិត​រក​ស៊ី​អ្វី​ទាំងអស់ គិត​តែ​នាំ​គ្នា​លេង​ល្បែង​ទាំង​នោះ ម្យ៉ាង​ខាតបង់​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​ត្រូវ​ជំពាក់​បំណុល​គេ ជាដើម៖ «ខ្ញុំ​គិត​ថា នៅ​ពេល​ឆ្នោត​ហ្នឹង​ហូរ​ចូល នឹង​កាន់​តែ​ធ្វើ​ឲ្យ​ជនជាតិ​យួន ហ្នឹង កាន់​តែ​ហូរ​ចូល​ហើយ ពីព្រោះ​នៅ​តាម​មន្ត្រី​ព្រំដែន​មួយ​ចំនួន មិន​មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​ទេ»

ឆ្នោត វៀតណាម ៦២០
សន្លឹក​ឆ្នោត​របស់​វៀតណាម។ RFA/Men Sothyr

ល្បែង​ឆ្នោត ឬ​កន្ទុយ​លេខ គឺ​កំពុង​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន មិន​មែន​ចំពោះ​តែ​ខេត្ត​ត្បូងឃ្មុំ ប៉ុណ្ណោះ​ទេ។ អ្នក​លេង​ខ្លះ​បន់​ឲ្យ​តែ​ព្រឹក នឹង​អាង​នាំ​គ្នា​កាត់​យល់សប្តិ អ្នក​ខ្លះ​ទៀត​មិន​បាន​ទៅ​ធ្វើ​ការងារ​ពេញ​ដៃ​ពេញ​ជើង​ឡើយ ព្រោះ​រវល់​តែ​មក​ផ្ទៀង​លទ្ធផល​ឆ្នោត​ចេញ។ ជាង​នេះ​ទៀត អ្នក​ខ្លះ​សុខ​ចិត្ត​អត់​អី​អត់​ទៅ សំខាន់​ឲ្យ​តែ​មាន​ប្រាក់​ខ្លះ​គ្រាន់​ចាក់​ឆ្នោត។ លើស​ពី​នេះ អ្នក​ខ្លះ​សុខ​ចិត្ត​ចាក់​ឆ្នោត​ជំពាក់​មេ​ឆ្នោត ជាដើម។ ល្បែង​ប្រភេទ​នេះ គឺ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​នោះ​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ខាតបង់​ពេលវេលា​ទៀត​ផង។

បន្ថែម​ពី​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​មេមត់ មួយ​រូប​ទៀត លោក ព្រៅ ចាន់ធឿន មាន​ប្រសាសន៍​ថា ការ​ចេញ​ចូល​របស់​ជនជាតិ​វៀតណាម មក​លក់​ឆ្នោត​នៅ​ស្រុក​មេមត់ គឺ​មិន​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​ឡើយ ប៉ុន្តែ​បែរ​ជា​មាន​អាជ្ញាធរ​ខ្លះ​សម្រួល​ការ​ចេញ​ចូល​ដល់​ពួក​គេ​ថែម​ទៀត។ លោក​គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម ចេញ​ចូល​មក​រក​ស៊ី​របរ​ណា​ដែល​ស្រប​ច្បាប់​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​លោក​មិន​គាំទ្រ​ឡើយ​នូវ​រាល់​របរ​រក​ស៊ី​ណា​ដែល​បង្ក​បញ្ហា​ដល់​ម្ចាស់​ស្រុក៖ «ដូចជា​ល្បែង​ស៊ី​សង​នៅ​តាម​បណ្ដា​ភូមិ​ផ្សេងៗ ដូចជា​ភូមិ​ខ្ញុំ​ហ្នឹង ដូចជា​ភូមិ​ណងក្រពើ ឃើញ​តែ​អ្នក​លេង​ច្រើន ហើយ​បង្ក​ជា​ចលនា​ច្រើន​ណាស់ ដូចជា​បាត់​ម៉ាស៊ីន​បូម​សព្វ​បែប​យ៉ាង»

ជុំវិញ​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​វិធានការ​របស់​អាជ្ញាធរ​មាន​ប្រសិទ្ធភាព គឺ​លុះត្រា​តែ​ពួក​គេ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ឲ្យ​យល់​ពី​ផល​ប៉ះពាល់​នៃ​ល្បែង​ទាំង​នោះ។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ក៏​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​មេ​ខ្លោង​ធំៗ ឬ​មេ​ឆ្នោត​ធំៗ​ដែល​មាន​ខ្នង​ក្រាស់ៗ​នៅ​ពី​ក្រោយ​ជា​មុន​សិន។ ពិសេស​ទៅ​ទៀត​នោះ រាជ​រដ្ឋាភិបាល ត្រូវ​បិទ​មិន​ឲ្យ​មាន​ឆ្នោត​វៀតណាម ហូរ​ចូល​មក​ស្រុក​ខ្មែរ​តាម​គ្រប់​រូបភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។