សង្គម​ស៊ីវិល​សាទរ​​តុលាការ​កោះ​ហៅ​គ្រូបង្រៀន​ដាក់​ទណ្ឌកម្ម​សិស្ស​ស្រី​ទៅ​សាកសួរ

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង កោះហៅ​គ្រូបង្រៀន​ដែល​ដាក់​ទណ្ឌកម្ម​កុមារី​ម្នាក់​ដោយ​អោយ​សិស្ស​ប្រុស​សម្រាត​សំពត់​នោះ អោយ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ខាង​មុខ។ ព្រះរាជអាជ្ញា​បញ្ជាក់​ថា រឿង​ក្ដី​នេះ​ត្រូវ​ចាប់​ផ្ដើម​សា​ជា​ថ្មី ដ្បិត​នេះ​ជា​សំណុំ​រឿង​ដែល​​ព្រះរាជអាជ្ញា​ចាស់​ប្រគល់​អោយ​លោក​ទទួល​បន្ត។ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​កុមារី​សាទរ​ចំពោះ​ចំណាត់​ការ​នេះ។

ក្រៅ​ពី​សាទរ​ថា ចំណាត់​ការ​របស់​ព្រះរាជអាជ្ញា​គឺ​ជា​ពន្លឺ​យុត្តិធម៌​សម្រាប់​កុមារី​រងគ្រោះ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) បារម្ភ​ថា ការ​ទុក​ពេល​វេលា​អោយ​អូស​បន្លាយ​បន្ថែម​ទៀត អាច​ជា​ឱកាស​អោយ​មាន​ការ​គេច​ខ្លួន​ណា​មួយ​របស់​អ្នក​ប្រព្រឹត្ត​ល្មើស។

តំណាង​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ថា រឿង​ក្ដី​នេះ​បាន​អូស​បន្លាយ​រយៈពេល​ជាង ៥​ខែ​មក​ហើយ ដែល​គួរ​តែ​ចាត់​វិធានការ​ភ្លាមៗ មិន​គួរ​អូស​បន្លាយ​ត​ទៅ​ទៀត​ឡើយ៖ «»។

ការ​លើក​ឡើង​របស់​លោក បូពិណ្ណារ័ត្ន នេះ​បន្ទាប់​ពី​ដីកា​របស់​ព្រះរាជអាជ្ញា​បាន​កំណត់​អោយ​គ្រូបង្រៀន ឈ្មោះ ដួង សាណេត នៅ​បឋមសិក្សា ហ៊ុន សែន វត្តថ្មី នៅ​ក្នុង​ឃុំ​សង្កែ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។

ឆ្លើយ​តប​នឹង​ការ​បារម្ភ​នេះ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក ផាន់ រតនា មាន​ប្រសាសន៍​ថា លោក​ទុក​ពេល​តាម​ច្បាប់​កំណត់ ស្រប​ពេល​ដែល​លោក​ជាប់​រវល់​នឹង​រឿង​ក្ដី​ផ្សេង​ទៀត​ដែរ៖ «»។

ចំណែក​លោកស្រី រ័ត្ន សារ៉ន ជា​ជីដូន​កុមារី ក៏​បាន​សាទរ​ចំណាត់​ការ​របស់​តុលាការ​នោះ និង​បញ្ជាក់​ថា លោកស្រី​នឹង​បន្ត​តាម​ដាន​ចំណាត់​ការ​នេះ​ទៀត។

កាលពី​ខែ​ឧសភា កុមារី​ដែល​មាន​អាយុ ១១​ឆ្នាំ ទើប​រៀន​នៅ​ថ្នាក់​ទី​២ ត្រូវ​គ្រូ​បង្រៀន​ឈ្មោះ ដួង សាណេត ដាក់​ពិន័យ​អោយ​ឡើង​ឈរ​លើ​កៅអី​គ្រូ បន្ទាប់​មក​អោយ​សិស្ស​ប្រុស​សម្រាត​សំពត់ និង​ខោ​ទ្រនាប់​របស់​នាង នៅ​ក្រោយ​ពេល​ដែល​នាង​មិន​ចេះ​អាន​មេរៀន។

លោក​គ្រូ ដួង សាណេត បាន​សារភាព​ថា លោក​ពិត​ជា​បាន​ធ្វើ​ខុស​មែន ប៉ុន្តែ​មិន​មែន​ជា​ចេតនា​ទេ។ លោក​មាន​បំណង​ត្រឹម​តែ​ចង់​អោយ​សិស្ស​ខំ​រៀន។ លោក​ថា លោក​នឹង​មិន​គេច​ខ្លួន​ទៅ​ណា​ទេ លោក​នឹង​យល់​ព្រម​ទទួល​ទោស​ប្រសិន​បើ​តុលាការ​សម្រេច​ដាក់​ពិន័យ​រូប​លោក​យ៉ាង​ណា​នោះ៖ «»។

នាយក​បឋមសិក្សា ហ៊ុន សែន វត្តថ្មី បាន​ផ្លាស់​លោកគ្រូ សាណេត ចេញ​ពី​ថ្នាក់​ទី​២ បន្ទាប់ពី​មាន​រឿង​នេះ​កើត​ឡើង។ ចំណែក​ក្រុមប្រឹក្សា​វិន័យ​បាន​ស្ដី​បន្ទោស និង​តម្រូវ​អោយ​​សរសេរ​កិច្ចសន្យា​ពុំ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ត​ទៅ​ទៀត។ លើស​ពី​នេះ ករណី​នេះ​ក៏​រង​ការ​ស្ដី​បន្ទោស​ពី​ការិយាល័យ និង​មន្ទីរ​អប់រំ​ដែរ។

ក្នុង​សំណុំ​រឿង​នេះ លោកគ្រូ សាណេត បាន​ព្យាយាម​សម្រប​សម្រួល​អោយ​គ្រួសារ​កុមារី​បញ្ឈប់​រឿង​ក្ដី ដោយ​សុខ​ចិត្ត​ផ្ដល់​ប្រាក់ ២.០០០​ដុល្លារ។ ប៉ុន្តែ​ក្រុម​គ្រួសារ​កុមារី​មិន​យល់ព្រម​ឡើយ ដោយសារ​តែ​ការ​សម្របសម្រួល​នោះ​តម្រូវ​អោយ​គាត់​កែ​បទ​ចោទ​ថា លោកគ្រូ សាណេត មិន​បាន​ប្រើ​សិស្ស​ប្រុស​សម្រាត​សំពត់​កុមារី​ទេ គឺ​គ្រាន់​តែ​គំរាម។

តាម​ច្បាប់​ គ្រូបង្រៀន​រូប​នេះ​អាច​ប្រឈម​នឹង​បទ​ព្រហ្មទណ្ឌ តាម​មាត្រា ៤៣ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ ទាក់ទិន​នឹង​អំពើអាស ដែល​សំដៅ​ដល់ការ​ប៉ះពាល់ ការ​បង្ហាញ​កេរ្ដិ៍​ភេទ ឬ​ផ្នែក​ផ្សេងទៀត​នៃ​ភេទ​របស់​ជន​ដទៃ ឬ​ការ​អោយ​ជន​ដទៃ​ប៉ះពាល់​កេរ្តិ៍​ភេទ ឬ​ផ្នែក​ភេទ​ផ្សេង​ទៀត​របស់​ជន​ល្មើស​ខ្លួន​ឯង ឬ​របស់​តតិយជន​ក្នុង​ចេតនា​ធ្វើ​អោយ​រំជួល ឬ​រីករាយ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ជនល្មើស។ ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាស​ទៅ​ជន​មាន​អាយុ​តិច​ជាង ១៥​ឆ្នាំ នឹង​ត្រូវ​ផ្ដន្ទាទោស​អោយ​ជាប់ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ដល់ ៦​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។