លោក ទូច ណារ៉ុថ៖ អង្គ​រក្ស​ស្មោះ​ត្រង់នឹង​ទទួល​បាន​ការជឿជាក់ និងឲ្យតម្លៃពី​ថ្នាក់ដឹកនាំ​

«អង្គរក្ស​ត្រូវតែ​មាន​ភាពស្មោះត្រង់ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការការពារ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ​-​ អន្ត​រជាតិ»។ នេះ​ជា​ការ​ផ្តាំផ្ញើ​របស់​លោក ទូច ណារ៉ុថ ​នៃក្រសួង​មហាផ្ទៃ នា​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ការពារ ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ នៅ​សាលា​នគរបាលជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាមក្នុង​ខេត្តកំពង់​ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ ។

គេហទំព័រ​ព័ត៌មាន​របស់អគ្គ​ស្នងកា​រដ្ឋាននគរបាល​ជាតិ បាន​ដក​ស្រង់​សម្តី លោក ទូច ណារ៉ុថ ដែល​បានលើក​ឡើងថា នគរបាល​អង្គរក្ស​ត្រូវតែ​យល់​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ច្បាស់ ព្រោះ​ថា​ថ្នាក់ដឹកនាំ​មាន​សុខ​សុវត្ថិភាព​ក៏​ដោយសារ​អង្គរក្ស មាន​គ្រោះថ្នាក់​ក៏​ដោយសារ​អង្គរក្ស ដូច្នេះ​ហើយ​ទាមទារ​ឲ្យ​អង្គរក្ស​ត្រូវតែ​មាន​ភាពស្មោះត្រង់ និង​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​។​

អគ្គ​ស្នងការ​រងនគរបាល​ជាតិ និង​ជា​ប្រ​ធា​ននាយក​ដ្ឋាន​អង្គរក្សរូបនេះ បាន​បន្តថា៖ «តួនាទី​របស់​​អង្គរក្ស​មិនមែន​ការពារ​ខ្លួនឯង​នោះទេ គឺ​អង្គរក្ស​មាន​ភារកិច្ច​កា​រពារ​សុខ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ហើយ​បើ​អង្គរក្ស​គ្មាន​ភាពស្មោះត្រង់​នោះ​ថ្នាក់ដឹកនាំ​ពិតជា​មិន​យក​ទៅ​ ការពារ​សុវត្ថិ​ភាព​ទេ តែបើ​អង្គរក្ស​មាន​ភាពស្មោះត្រង់ និង​មាន​ជំនាញ​ច្បាស់លាស់​នោះ​ពិតជា​ទទួលបាន​ការជឿ​ជាក់ និង​ឲ្យ​តម្លៃ​ពី​ថ្នាក់ដឹកនាំ ដូច្នេះ​ហើយ​យើង​ត្រូវតែ​មាន​មោទនភាព​ចំ​ពោះ​ខ្លួនឯង»​។​

តាម​របាយការណ៍ សាលា​នគរបាលជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម បាន​ទទួល​បើក​វគ្គ​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​បេក្ខជន​ ជ្រើសរើស​ថ្មី ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ ឆ្នាំ​២០១៤ ចំនួន ៣​វគ្គ សរុប​ចំនួន ២៩៩​នាក់ មក​ពី​អង្គភាព​អន្តរាគមន៍ ១៩៩​នាក់ និង​អង្គភាព​តម្រួត​បទបញ្ជា​ចំនួន ១០០​នាក់​។ ដោយឡែក​វគ្គ​ទី​៤ ដែល​ប្រារព្ធ​ពិធី​បិទ​វគ្គ​នា​ឱកាស​នេះ មាន​រយៈពេល​៣​ខែ និង​មាន​កម្មសិក្សាការី​ចូល​សិក្សា​ចំនួន ៩០​នាក់ ស្រី ១៦​នាក់ ដែល​មក​ពី​នាយកដ្ឋាន​អង្គរក្ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៕


តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម