រដ្ឋមន្ត្រី ៖ កម្ពុជា​ត្រូវការ​អ្នកជំនាញ​ទេសចរ ផ្នែក​ធ្វើ​ម្ហូបអាហារ ៥០​ម៉ឺន​នាក់​បន្ថែមទៀត​

ភ្នំពេញ: លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា កម្ពុជា​ត្រូវការ​អ្នកជំនាញ​ប្រមាណ​៥០​ម៉ឺន​នាក់​បន្ថែមទៀត ផ្នែក​ធ្វើ​ម្ហូបអាហារ ភេសជ្ជៈ និង​បដិសណ្ឋាកិច្ច ដែល​ទាមទារ​នូវ​ការពង្រឹង និង​ពង្រីក​វិជ្ជាជីវៈ​ទេសចរណ៍​ប្រភេទ​នេះ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ដែលមាន​ការ​កើន​កើតឡើង​យ៉ាងខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​ក្នុងការ​តាំងពិព័រណ៍​ម្ហូបអាហារ​និង​ភេសជ្ជៈ និង​ការប្រកួត​ធ្វើ​ម្ហូបអាហារ​ខ្នាត​អន្តរជាតិ នៅក្នុង​ទីក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ លោក ថោង ខុន បាន​មានប្រសាសន៍ថា តាម​ការសិក្សា​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ជាង ៧ លាន​នាក់ ហើយ​ដើម្បី​ទ្រទ្រង់​កំណើន​ភ្ញៀវទេសចរ​នេះ​ត្រូវការ​អ្នកជំនាញ​ផ្នែក​ទេសចរណ៍​ជាច្រើន​បន្ថែមទៀត​។​

​លោក បានបញ្ជាក់​ទៀតថា ការតាំងពិព័រណ៍​ម្ហូបអាហារ​និង​ភេសជ្ជៈ​និង​ការប្រកួត​ធ្វើ​ម្ហូបអាហារ​ខ្នាត​អន្តរជាតិ​នៅពេលនេះ វា​នឹង​ផ្តល់​សារៈប្រយោជន៍​ច្រើន​ដល់​កម្ពុជា ទី​១ ទទួលបាន ធនធានមនុស្ស​ផ្នែក​ធ្វើ​ម្ហូបអាហារ​ភេសជ្ជៈ​និង​បដិសណ្ឋាកិច្ច ទី​២ បាន​លើកកម្ពស់​សេវាកម្ម​ម្ហូប អាហារ ភេសជ្ជៈ និង​ដើម្បី​ផ្សព្វផ្សាយ​ម្ហូបអាហារ​របស់​ខ្មែរ​ទៅដល់​ពិភពលោក​ផងដែរ​។​

​លោក ឡុង បូរ៉ា អនុប្រធាន​សមា​គ​មចុ​ង​ភៅ​កម្ពុជា​កបាន​មានប្រសាសន៍ថា នៅក្នុង​ព្រឹ​ត្ត​ការ​ពិព័រណ៍​ម្ហូបអាហារ​និង​ភេសជ្ជៈ​លំដាប់​អន្តរជាតិ​នេះ សមាគម​ចុងភៅ​កម្ពុជា​និង​រៀបចំ​ប្រកួត​ម្ហូបអាហារ ដោយ​ផ្តោត​សំខាន់​ទៅលើ​មុខម្ហូប​ចំនួន​៧ រួមមាន​ការធ្វើ​ម្ហូប​ខ្មែរ ម្ហូប​អឺរ៉ុប ម្ហូប​ត្រជាក់ បង្អែម ការចាក់​ចម្លាក់​ផ្លែឈើ ចម្លាក់​ទឹកកក និង​ការប្រកួត​ធ្វើ​ម្ហូប​អាថ៌កំបាំង រួម​ជាមួយនឹង​ការប្រកួត​បដិសណ្ឋារកិច្ច ការរៀបចំ​ផ្កា និង​គ្រែ​ផងដែរ​។​

​សូមបញ្ជាក់ថា ការតាំងពិព័រណ៍​ម្ហូបអាហារ​និង​ភេសជ្ជៈ​និង​ការប្រកួត​ធ្វើ​ម្ហូបអាហារ​ខ្នាត​អន្តរជាតិ ត្រូវបាន​រៀបចំឡើង​មាន​រយៈពេល​៣​ថ្ងៃ ពោលគឺ​ចាប់ផ្តើម​កាលពី​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​៨ ទើប​បញ្ចប់​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅក្នុង​សណ្ឋាគារ អប្សរា​ផា​លេស​រី​សត ដោយមាន​អ្នកជំនាញ​ផ្នែក​ម្ហូបអាហារ ភេសជ្ជៈ​និង​បដិសណ្ឋាកិច្ច​១៨​ប្រទេស ចូលរួម ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ជា​ម្ចាស់ផ្ទះ ប្រទេស​ជប៉ុន កូ​ឡំ​ប៊ី អាម៉េរិក សិង្ហ​បុរី ថៃ ចិន អាល្លឺម៉ង់ បារាំង អ៊ីតាលី វៀតណាម នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី អង់គ្លេស ម៉ាឡេស៊ី ឈី​លី និង​អា​ហ្រិ្វ​ក​ខាងត្បូង ដោយមាន​ស្តង់​សរុប​ចំនួន​៩០​ស្តង់​។ នៅក្នុង​ពិធី​តាំងពិព័រណ៍​នេះដែរ ក៏មាន​ការប្រកួត​ពាន​រង្វាន់​ចុងភៅ​ដែរ ដោយមាន​អ្នកចូលរួម​ប្រកួត​ចំនួន​៧៥​ក្រុម មកពី​៦​ប្រទេស​រួមមាន​កម្ពុជា វៀតណាម ថៃ ភូមា ម៉ាឡេស៊ី និង​សិង្ហ​បុរី​៕​