លោក​អភិបាលរង​ខេត្ត​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ការផ្លាស់ប្តូរ​ទីតាំង​ផ្ទះ​បណ្តែត​ចេញពី​មាត់ទន្លេ​មុខ​ផ្សារ​ក្រោម​ដើម្បី​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​

​ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​លោក ស៊ុន​សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថៃ្ង​ទី​០៣ ខែតុលា ឆ្នាំ​២០១៥ បាន​ចុះ​ត្រួត​ពិនិត្យមើល​ការផ្លាស់ប្តូរ​ទីតាំង​ផ្ទះ​បណ្តែត​ទឹក និង​ប៊ែ​ត្រី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទន្លេ អោយ​ចេញផុត​ពីមុខ​ផ្សារ​ក្រោម​ក្រុង​កំពង់ឆ្នាំង ដើម្បី​ខេត្ត​រៀបចំ​ច្រាំងទន្លេ​ផ្សារ​ក្រោម អោយមាន​បរិ​ដ្ឋា​ន និង​សោ​ភ័​ណ្ឌ​ភាពល្អ ក្លាយជា​តំបន់​ទេសចរណ៍ និង​ដើម្បី​រៀបចំ​ការប្រណាំង​ទូកង​រ ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។​

លោក ស៊ុន​សុវណ្ណ​រិ​ទ្ធ​អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុមចម្រុះ ថ្នាក់​ខេត្ត​បាន​មានប្រសាសន៍​អោយដឹងថា​៖ យោងតាម​ផែន​របស់​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង គឺ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក ក្នុង​ទន្លេ​ផ្សារ​ក្រោយ​អោយមាន​របៀបរៀបរយ ដើម្បី​អភិវឌ្ឍន៍​តំបន់​មាត់ទន្លេ​ផ្សារ​ក្រោម​ក្នុង​ក្រុង​កំពង់ឆ្នាំង​អោយក្លាយ​ជា​តំបន់​ទេសចរណ៍ មាន​បរិ​ដ្ឋា​ន​ល្អ សោ​ភ័​ណ្ឌ​ភាពល្អ ស្របតាម​គោលការណ៍​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត តំបន់​ទេសចរណ៍ធម្មជាតិ​តាម​មាត់ទន្លេ និង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ភ្នំ​នាង​ក​ង្រី​។​ ​ ​

លោក​បាន​អោយដឹងទៀតថា​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ​សរុប​មាន ចំនួន​៩៩៦​គ្រួសារ​ស្មើ​និង​១.៤៨៦​ខ្នង​ផ្ទះ​និង​ប៊ែ​ត្រី​។​តាម​ផែនការ​របស់​ខេត្ត គឺ​អាជ្ញាធរខេត្ត​និង​ក្រុង ត្រូវ ធ្វើការ​ផ្សព្វផ្សាយ​ផែនការ​នេះ​នៅ​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៥​ហើយ​ចាប់​អនុវត្ត​អោយ​ប្រជាពលរដ្ឋ ធ្វើការ​បម្លាស់ប្តូរ​ទីតាំង​ផ្ទះ ចាប់ពី​ថៃ្ង​ទី​១៥ ដល់​ថ្ងៃទី​៣០ ខែតុលា​ឆ្នាំ​២០១៥​ដោយ​ស្ម័គ្រចិត្ត​។​

តាម​ការពិនិត្យ​ជាក់ស្តែង ក្រោយពី​អាជ្ញាធរ​ខត្ត និង​ក្រុង បាន​ផ្សព្វផ្សាយ​ផែនការ​នេះ​បាន​រយៈ ពេល​២​ថៃ្ង យើង​ពិនិត្យឃើញ ប្រជាពលរដ្ឋ​នាំគ្នា​អូស​ផ្ទះទឹក​ផ្លាស់ប្តូរ​ទីតាំង បាន​៤០​ភាគរយ​ហើយ​គិត ត្រឹម​ថៃ្ង​ទី​០៣​ខែតុលា​នេះ​។​ដោយឡែក​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ដែល​នៅសល់​កំពុង​បន្ត​ត្រៀមលក្ខណៈ​ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​ជា​បណ្តើរៗ​ទៀត​។ ក្រុមការងារ​ចម្រុះ​បាន​សន្និដ្ឋានថា​៖ បើ​មានការ​ចូលរួម​ពី ប្រជាពលរដ្ឋ​ដូច​ពេលនេះ ផែនការ​ផ្លាស់ប្តូរ​ទីតាំង​ផ្ទះ​បណ្តែត​ទឹក​អាច​ជោគជ័យ​មុនពេល​កំណត់​។ ចំណែក​ទីតាំង​ថ្មី​ដែល​ខេត្ត​បាន​កំណត់អោយ ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​សំចត​នៅជាប​ណ្តោះ​អាសន្ន​នោះ គឺ​នៅ​ចំណុច​ខាងលិច​ទីតាំង​បូ​ប​ទឹក​របស់​រដ្ឋាករទឹក​ក្រុមហ៊ុន​អាន​កូ នៅ​ចុង​ភូមិ​ចុង​កោះ សង្កាត់​កំពង់ឆ្នាំង ដែលមាន​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​សួនច្បារ​មាត់​ទ​ន្លរ​ផ្សារ​ក្រោម​។​

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ​បានបញ្ជាក់​ទៀតថា​៖ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​មាន​គម្រោង​កសាង​សួនច្បារ​បន្ថែម ,​ទីតាំង​លក់ដូរ​ផ្សារឆ្នាំង ,​ផ្លូវ​មាត់ទន្លេ ,​បណ្តាញ​ទឹកស្អាត​,​បណ្តាញអគ្គីសនី​,​កន្លែង​ហាត់ប្រាណ និង​វេទិកា​សមរាប់ធ្វើ​ពិធី​ផ្សេងៗ​មួយ នៅ​អែប​មាត់ទន្លេ​ផ្សារ​ក្រោម​។ ទីតាំង​ដែល​ត្រូវមាន គម្រោង អភិវឌ្ឍន៍​មាន​ប្រវែង ២.៧១១​ម៉ែត្រ ចាប់​ពីមុខ​វត្ត​លោកយាយ​ទេព​រហូតដល់​ស្ថានីយ​ទឹកស្អាត​អាន​កូ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ គម្រោង​នេះ អាចជា​ផ្នែក​មួយ​ក្នុងការ​ត្រៀមខ្លួន​រៀបចំ​បុណ្យអុំទូក និង​អាច​ទទួលបន្ទុក​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​ក្នុង​ខេត្តកំពង់ឆ្នាំង​នា​ឆ្នាំ​ខាងមុខនេះ​៕ រិ​ទ្ធិ ជ័យ

KA-05-04-2015-23 KA-05-04-2015-24 KA-05-04-2015-25 KA-05-04-2015-26