បារាំង​បញ្ជូន​អ្នក​ជំនាញ​ព័ត៌មាន​វិទ្យា​មក​ជួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

ទាញ​យក​កម្មវីធី

ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា បញ្ជូន​ជំនាញការ​ផ្នែក​ព័ត៌មាន​វិទ្យា លោក ហាមឺឌី (Hamidi) មក​ធ្វើ​ការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សម្រាប់​រយៈពេល​មួយ​សប្ដាហ៍​ក្នុង​ខែ​តុលា នេះ។

លោក ហាមឺឌី នឹង​ធ្វើ​ការ​ជាមួយ គ.ជ.ប សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​ទប់ស្កាត់​ការ​ចុះ​ឈ្មោះ​ឲ្យ​អ្នក​ដែល​មិន​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ទប់ស្កាត់​ការ​ចុះ​ឈ្មោះ​ស្ទួន និង​ធានា​ឲ្យ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​លទ្ធភាព​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​តំណាង​ស្ថានទូត​បារាំង និង​សហភាព​អឺរ៉ុប នៅ​រសៀល​ថ្ងៃ​ទី​៦ តុលា លោក គួយ ប៊ុនរឿន បញ្ជាក់​ថា បញ្ជី​បោះ​ឆ្នោត​ត្រូវ​មាន​តម្លាភាព គុណភាព និង​សុវត្ថិភាព​នៃ​ទិន្នន័យ​អ្នក​បោះ​ឆ្នោត ដែល​ចំណុច​ទាំង​នេះ​ត្រូវ​រៀបចំ​គ្រប់គ្រង​តាម​ប្រព័ន្ធ​កុំព្យូទ័រ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

មក​ទល់​នឹង​ពេល​នេះ គ.ជ.ប បាន​ទទួល​ជំនាញ​ការ​បរទេស ៣​រូប​ហើយ ដើម្បី​ជួយ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។ ជំនាញ​ការ​ទាំង​នោះ មក​ពី​ប្រ​ទេស​ជប៉ុន ចំនួន ២​រូប និង​បារាំង ១​រូប ហើយ​នៅ​ថ្ងៃ​ទី​១៨ តុលា ខាង​មុខ ជំនាញ​ការ​ម្នាក់​ទៀត​មក​ពី​សហភាព​អឺរ៉ុប ក៏​នឹង​មក​ដល់​កម្ពុជា ដែរ ដើម្បី​ធ្វើ​ការងារ​ផ្នែក​បច្ចេកទេស​ជាមួយ គ.ជ.ប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។