នគរបាល​ខេត្តកំពង់ឆ្នាំង​ចាប់​ថ្នាំញៀន​ជិត​១​គីឡូក្រាម​មាន​៥០​កញ្ចប់​ស្មើនឹង​១ម៉ឺន​គ្រាប់ រថយន្ត​ទូ​រី​ស​១​គ្រឿង និង​អ្នកជួញដូរ​៣​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ ថ្នាំញៀន​W5 ចំនួន​៥០​កញ្ចប់​មាន​ចំនួន ១០.១០០​គ្រាប់ ស្មើនឹង​០,៩២៣ គីឡូក្រាម អ្នកជួញដូរ​ប្រុស​ស្រី​៣​នាក់​និង​រថយន្ត​ទូ​រី​ស​១​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចំរុះ មាន​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​សមត្ថកិច្ច​នគរបាល​ខេត្ត និង​ស្រុក​បរិបូណ៌ ស្ទាក់​ចាប់បាន​។​ករណី​បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ​នេះ បានធ្វើ​ឡើង​នៅ​ម៉ោង​៣​និង​២៥​នាទី​ល្ងាច ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុងភូមិ​អង្គ ឃុំ​ពពេល ស្រុក​បរិបូណ៌​។​

​លោក​វរសេនីយ៍ឯក ជុន ថា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្ត និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស បានអោយដឹងថា​៖ ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​ដឹកនាំ​ដោយ លោក​វរសេនីយឯក​ពៅ សំ​អេង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ មាន​សហការី​១០​នាក់ សម្របសម្រួល​ក្នុង​កិច្ចប្រតិបត្តិការ​ដោយ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត សហការ​ជាមួយ​នគរបាល​ប្រ ឆាំង​គ្រឿងញៀន​ខេត្ត និង​នគរបាល​ស្រុក​បរិបូណ៌​។​ ​ ​

​ជនល្មើស​៣​នាក់​ដែល​ចាប់ខ្លួនបាន​មាន​៖ ១.​ឈ្មោះ សំ សារឿន អាយុ​៥៦​ឆ្នាំ ភេទ​ប្រុស ជា​អ្នក​បើ​ ​កបរ​រថយន្ត​ទូ​រី​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2- 1371 រស់នៅក្នុង​សង្កាត់​ទួល​សង្កែ ខ័​ណ្ឌ​ឫស្សីកែវ​ ​ក្រុងភ្នំពេញ ២.​ឈ្មោះ យ័ន មុំ អាយុ​៣៦​ឆ្នាំ ( ជា​ប្រពន្ធ​ឈ្មោះ សំ សារឿន ) និង​៣.​ឈ្មោះ​មី រ៉ែ​ម អាយុ​៤៥​ឆ្នាំ ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​កណ្តាល ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ណ្ទ​រ ខេត្តព្រៃវែង​។​ ​ ​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​៖ រថយន្ត​ទូ​រី​ស​១​គ្រឿង ថ្នាំញៀន​១​កញ្ចប់​ធំ ( មាន​៥​សុង ) ស្មើ​និង​៥០​កញ្ចប់​តូច ( ក្នុង​១​កញ្ចប់​តូចៗ មាន​១០២​គ្រាប់ ) សរុប​រួមមាន​ចំនួន ១០.១០០​គ្រាប់ និង​មាន ទម្ងន់ ០,៩២៣​គីឡូក្រាម ទូរ​សព្ទ័​ដៃ​៤​គ្រឿង កាបូប​ដាក់​លុយ​២​និង​លុយ​មួយចំនួនទៀត​។​ ​ ​

​លោក​ស្នងការរង​បាន​អោយដឹងទៀតថា​៖ មុខសញ្ញា​ជនល្មើស​នេះ តាម​ចម្លើយ​របស់ គេ​គឺជា​អ្នក ទទួល​ថ្នាំញៀន​ពី​មេ​ធំ​នៅក្នុង​ក្រុងភ្នំពេញ ដឹក​បញ្ជូនមក​ចែកចាយ​អោយ​ម៉ួ​យ​នៅក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិសាត់ ដែល​ករណីនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​តាមដាន​ប្រកិតៗ ពេញ​១​ថ្ងៃ​១​យប់​រួចមកហើយ ទើប​សហការគ្នា​ចាប់​រថយន្ត វត្ថុតាង និង​ជនល្មើស បាន​នៅក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​ ​ ​

​នៅ​ម៉ោង​៨​យប់ ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៥ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សមត្ថ​ ​កិច្ច​ចំរុះ និង​លោក​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត បានធ្វើការ​ហែក​កញ្ចប់​ថ្នាំញៀន​ត្រួតពិនិត្យ រាប់ ថ្លឹង និង​វិច​ខ្ចប់​ទុកដាក់​តាម​និតិ​វិធី ចំពោះមុខ​ជនល្មើស និង​ក្រុម​អ្នក​ក​សែត ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ ​ទៅកាន់​អយ្យការ​តុលាការខេត្ត​កំពង់ឆ្នាំង ធ្វើការ​ចោទប្រកាន់ និង​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​ច្បាប់​។​ ​ ​

ករណី​បង្ក្រាបបាន​គ្រឿងញៀន​មាន​ចំនួន​ដ៏​ច្រើន​ក្នុង​នៅ​ទឹកដី​ខេត្តកំពង់ឆ្នាំង​ដែល​មិន​ធ្លាប់មាន​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​អម​អរសាទរ​យ៉ាងខ្លាំង និង​ស្នើសុំ​តុលាការខេត្ត​ផ្តន្ទាទោស​ជនល្មើស អោយ បាន​ម៉ឺងម៉ាត់​តាម​បញ្ញត្តិ​ផង​កុំ​ប្រញាប់​ដោះលែង ដោយ​មិនទាន់បាន​ផ្តន្ទាទោស​នោះ​។

​លោក​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ កន្លងមក​អ្នក​ចែកចាយ​ថ្នាំ ញៀន មួយចំនួន ពេល​សមត្ថកិច្ច​ចាប់បាន​បញ្ជូន​ទៅដល់​តុលាការខេត្ត​បានតែ​១​ថ្ងៃ ឬ​២​ថ្ងៃ ក៏​ស្រាប់តែ ត្រូវគេ​ដោះលែង​ទៅវិញ ករណីនេះ​ធ្វើអោយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​នៅ​មូលដ្ឋាន​ខកចិត្ត​យ៉ាងខ្លាំង ចំណែក​សមត្ថកិច្ច​ដែល​ខិតខំ​ប្តូរ​និង​គ្រោះថ្នាក់​ក៏​មិន​សប្បាយចិត្ត​ដែរ លោក​ស្នងការរង​និយាយថា បើ​តុលាការខេត្ត​ធ្វើបែបនេះ​ទៀត​លោក​នឹង​ប្តឹងទៅ​ថ្នាក់លើ​ហើយ​៕ រិ​ទ្ធ ជ័យ​

KA-05-04-2015-27 KA-05-04-2015-28 KA-05-04-2015-30 KA-05-04-2015-31​ ​ ​