ការសន្យា​ឲ្យ​មាន់៖ បក្ស​អំណាច​ខ្មែរ​ធ្វើការ​បកស្រាយ និង​វាយបកធ្ងន់ៗទៅ​អ្នកវិភាគ

គណបក្ស​អំណាច​ខ្មែរ ចេញ​សេចក្ដីថ្លែងការណ៍​បំភ្លឺថា ការបកស្រាយ​ផ្ដល់​មាន់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​របស់លោក សួន សេរី​រដ្ឋា នោះ គឺជា​ការប្ដេជ្ញាចិត្ត ក្នុងការ​ដឹកនាំ​ប្រទេស​ដើម្បី​លុបបំបាត់​ភាពអត់ឃ្លាន​របស់​ពល​រដ្ឋ​ខ្មែរ​ប៉ុណ្ណោះ បើសិនជា​គណបក្ស​នេះ​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស។ គណបក្ស​អំណាច​ខ្មែរ ក៏បាន​ច្រានចោល​ការបកស្រាយ​រប​ស់​អ្នកវិភាគ ដែល​លើកឡើងថា ការសន្យា​ចែក​មាន់​របស់លោក សួន សេរី​រដ្ឋា ជាការ​សន្យា​ប្រជាភិថុតិ​ដែរ។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា ធ្លាប់​ថ្លែងប្រាប់​សកម្មជន​គាំទ្រ​គណបក្ស​ខ្លួន កាលពី​ថ្ងៃទី០១ យ៉ាង​ដូច្នេះ​ថា៖«យ៉ាងហោចណាស់​បើ​គណបក្ស​អំណាច​ខ្មែរ​ឈ្នះឆ្នោត យើង​សន្យា​ក្នុង​រយៈពេល២ឆ្នាំ​យ៉ាងយូ ពលរដ្ឋ​ខ្មែរ​គ្រប់​ក្រុមគ្រួសារ​ទាំងអស់ យ៉ាងហោចណាស់​មាន​មាន់​មួយ​ធ្វើ​ម្ហូប​ទទួលទាន​រៀងរាល់ថ្ងៃ។ ត្រឹម​មាន់​មួយ​ឲ្យ​ពលរដ្ឋ​មួយ​គ្រួសារ​មាន​ទទួលទាន​រៀងរាល់ថ្ងៃ​អត់​ពិបាកធ្វើ​ទេ។ យើង​ដឹកនាំ​ប្រទេស​តែ២ឆ្នាំ គឺ​មួយ​ផ្ទះ​បើ​អត់​បំផុត ក៏មាន​មាន់​មួយ​ធ្វើជា​ម្ហូប​ទទួលទាន។ មិន​ដូច​រាល់ថ្ងៃ ឃើញ​អ្នកខ្លះ​អត់បាយ​ទទួលទាន​ស្លាប់ អត់​មាន​អ្នកណា​ដឹង អ្នកណា​ទទួលខុសត្រូវ​ទេ»។

សេចក្ដីថ្លែងការណ៍​គណបក្ស​អំណាច​ខ្មែរ​គឺ​ឆ្លើយតប​ទៅនឹង​អត្ថបទ​របស់​សារព័ត៌មានថ្មីៗ ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី៥ ខែតុលា ក្រោម​ចំណងជើង​ថា៖ «អ្នកវិភាគ៖ ការសន្យា​ចែក​មាន់​របស់លោក សួន សេរី​រដ្ឋា ជា​នយោបាយ​ប្រជាភិថុតិ»។ 

បក្ស​អំណាច​ខ្មែរ​បាន​បកស្រាយ​បំភ្លឺថា ការ​ថ្លែង​របស់លោក សួន សេរី​រដ្ឋា នេះ គឺជា​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ធ្វើ​នយោបាយ​ដឹកនាំ​ប្រទេស ដើម្បី​ធ្វើយ៉ាងណា​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឲ្យ​គ្រួសារនីមួយៗរបស់​ពលរដ្ឋ​ខ្មែរ ទូទាំងប្រទេស​មាន​ប្រាក់ចំណូល ដែល​អាច​ទិញ​មាន់​មួយ​ក្បាល​ធ្វើ​ម្ហូប​ទទួលទាន​ជា​រៀងរាល់ថ្ងៃ ពោលគឺ​មិនមែនជា​នយោបាយ​សន្យា​ចែក​មាន់ដូចជា​ការលើក​ឡើង​របស់​អ្នកវិភាគ​នោះទេ។

សេចក្ដីថ្លែងការណ៍​ដដែល ក៏បាន​ច្រានចោល​ការលើកឡើង​រប​ស់​អ្នកវិភាគ​នយោបាយ គឺ​លោក អ៊ូ វីរៈ និង​លោក សូ ចន្ថា ដោយ​សម្ដី​រិះគន់ថា អ្នក​ទាំងពីរ​បាន​វិភាគ​បញ្ច្រស់​ទិស ពី​គោលនយោបាយ​របស់​គណ​បក្ស​អំណាច​ខ្មែរ។ សេចក្ដីថ្លែងការណ៍​បានបញ្ជាក់​យ៉ាងនេះ៖«កន្លងមក​ដោយសារតែ​មាន​ក្រុមអ្នកវិភាគ​នយោបាយ ដែល​តាំងខ្លួន​ធ្វើជា​អ្នកវិភាគ​ទាំង​មិនចេះ​អាន និង​មិនចេះ​ស្ដាប់​ភាសា​ខ្មែរ​ជាក់លាក់​បែប​ហ្នឹង បានជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលបាន​ព័ត៌មាន​ខុស និង​វង្វេង​ជាមួយ​ក្រុម​ពួក​នយោបាយ និង​ក្រុមអ្នកវិភាគ ទាំងនេះ ហើយ​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ឆ្លង​ជំងឺ​ខ្វាក់​ខួរក្បាល​ពួកគេ​រហូតដល់​ថ្ងៃនេះ»។

ការបកស្រាយ​របស់​គ​ណ​បក្ស​អំណាច​ខ្មែរ​នេះ ធ្វើឡើង​ក្រោយ​អ្នកវិភាគ​នយោបាយ យល់ឃើញថា ការសន្យា​ផ្ដល់​មាន់​មួយ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ​របស់លោក សួន សេរី​រដ្ឋា គឺ​គ្រាន់តែ​ការសន្យា​បែប​កុម្មុយនីស្ត និង​ប្រជាភិថុតិ ដែល​មិនអាច​ធ្វើទៅ​រួច​នោះទេ៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម