ថ្ងៃនេះអ្នកខ្លាំងទាំង ៤ ជួបជាមួយថៃនៅសៀមរាប

ភ្នំពេញ:     ​ថ្ងៃទី​៧ តុលា​នេះ​លើស​ង្វៀន CTN ខេត្តសៀមរាប​អ្នក​ប្រដាល់​កម្ពុជា​ដែល​ខ្លះ​ជា​អ្នកខ្លាំង​ជើងចាស់ និង អ្នក​ខ្លាំង​ជើង​ថ្មី​រង់ចាំ​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ ។​

​    ​កីឡាការិនី​អេ​យ៉ា​នុត​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ ជាមួយ​កីឡាការិនី​ថៃ​ឈ្មោះ​ផ​ន​ស្នេហ៍​ ស៊ីត​ប៉ា​ធី​ម ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​អេ យ៉ា​នុត​គឺជា​កូនស្រី​ច្បង​របស់លោក​អេ​ភូ​ថង​ដែលជា​អ្នក​ប្រដាល់​ស្រី​ដែល​ ខ្លាំងជាងគេ​នៅ​ស្រុក​ខ្មែរ ។​កីឡា​ការិនី​រូបនេះ​មាន​កណ្ដាប់ដៃ​ធ្ងន់ និង រហ័សរហួន ឯ អ្នក​ប្រដាល់​ថៃ​គេ​មិនដឹងថា​ខ្លាំង​ឬក៏​យ៉ាងណា​នោះទេ ។ យ៉ា​នុត​និយាយថា​គេ​ត្រូវតែ​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ។​នរណា​មាន​សំណាងល្អ ?

​     ​ចាន់ គង់​រាជ​ក្លឹប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ប៉ុប​ អាយ ស៊ីត​ហ្វាំ​ង​ម៉ៃ ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។​

​    ​គង់​រាជ​ល្អ​ជើង និង កែង​អ្នកណា​ប្រកួត​ហ៊ាន​តែ​មើលស្រាល​អ្នក​ប្រដាល់​រូបនេះ​គេ​ងាយ​នឹង​ទទួល​ គ្រោះថ្នាក់​ដោយសារ​កែង​របស់គេ​ណាស់ ។​ចំពោះ​ប៉ុប​អាយ​វិញ​មិន​អន់​នោះទេ​គេ​បានបង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា​គេ​ ត្រូវតែ​ស្ពាយ​ជ័យ​ជំនះ​ត្រឡប់​ទៅវិញ ។ ចាំមើល​នរណា​ជា​អ្នកខ្លាំង​ពិតប្រាកដ ?

​    ​ចាន់ សំអាត​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ ៨ ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​អេក​រៈ ស៊ីត​ប៉ា​ធី​ម​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែជា​អ្នកខ្លាំង​នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ដូចគ្នា ។​នរណា​ជា​អ្នក​ដណ្ដើម​បាន​ជ័យជំនះ​ពី​ការប្រកួត​នេះ ?

​    ​អ្នក​ប្រដាល់​ជើងចាស់​វ៉ែន សុវណ្ណ​ក្លឹប​កងកេង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​ស៊ី​ង​ដាំ​ស៊ីត​ហ្វាំ​ង​ម៉ៃ​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩ ​គីឡូក្រាម ។​

​    ​សុទ្ធតែជា​អ្នក​ប្រដាល់​ជើងចាស់​ទម្ងន់​ធំ​ដូចគ្នា និង​មានបទពិសោធន៍​ច្រើន​ដូចគ្នា​តែ​កម្លាំង​អាច​ឆាប​ធ្លាក់ចុះ​ហើយ​មើលទៅ ។​ទាំងសងខាង​សុទ្ធ​តែមាន​ជំនឿ​ចិត្ត​ដូចគ្នា នរណា​ឈ្នះ ?
​    ​