សាខាគយ និងរដ្ឋាករខេត្តសៀមរាប ស្ទាក់ចាប់រថយន្ត ដឹកទំនិញគេចពន្ធ នាំចូលពីប្រទេសថៃ ជិត៣ពាន់កេស

ភ្នំពេញ៖សាខាគយ និងរដ្ឋាករខេត្តសៀមរាប នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ បានសហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោក ជួស សុបញ្ញា បានដឹកនាំកម្លាំងបានធ្វើការ ស្ទាក់ចាប់រថយន្ត ដឹកទំនិញនាំចូលពីប្រទេសថៃ គេចពន្ធជិត៣០០០កេស ។

មន្ត្រីសាខាគយខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានថា មានរថយន្តដឹកទំនិញមួយម៉ាក HYUNDAI ចង្កួតឆ្វេង ពាក់ស្លាកលេខ តាកែវ 3A 2319 មានផ្ទុកទំនិញសង្ស័យគេចពន្ធ តាមបណ្តាលផ្លូវជាតិលេខ៦ ឆ្ពោះចូលខេត្តសៀមរាបនោះ សមត្ថកិច្ចចម្រុះបានធ្វើការស្ទាក់ឃាត់រថយន្តដឹកទំនិញគេចពន្ធខាងលើ នៅចំណុច ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដោយធ្វើការត្រួតពិនិត្យ រកឃើញទំនិញ ភេសជ្ជៈម៉ាក Red Bull ចំនួន២៤០០កេស (១៥០០កេស បង់ពន្ធត្រឹមត្រូវ និង៩០០កេសមិនទាន់បង់ពន្ធ) ប្រេងខ្យងចំនួន ២០០កេស និង ទឹកសណ្តែកម៉ាក Lactasoy ចំនួន ១៧០០កេស សុទ្ធតែមិនទាន់បង់ពន្ធ។

មន្ត្រីដដែលនោះបានបញ្ចាក់ទៀតថា ក្រោយពិនិត្យរួចរាល់ឃើញថា ទំនិញក្នុងរថយន្តទាំងអស់ មានទំនិញមិនទាន់បង់ពន្ធតាមច្បាប់ចំនួនជិត ៣ពាន់កេស ហើយបង់ពន្ធរួចតែ១៥០០កេសប៉ុណ្ណោះ ដូច្នេះសមត្ថកិច្ចបានសម្រេចបញ្ជូន ទាំងរថយន្ត និងទំនិញមករក្សាទុកនូវសាខាគយ និងរដ្ឋាករខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕