នគរបាល ខេត្តព្រះសីហនុ ចាប់មេខ្លោងចោរប្លន់ អាជីវករផ្សារចិន កាលពីខែមិថុនា

ព្រះសីហនុ៖ មេក្លោងក្នុងសកម្មភាពប្លន់អាជីវករលក់មាស និងដូរលុយនៅផ្សារចិន ក្នុងក្រុងព្រះសីហនុ កាលពីខែ មិថុនា កន្លងទៅនោះ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ តាមចាប់បានហើយនៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៥។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់របស់លោក បានស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួន មេខ្លោងចោរប្លន់ប្រដាប់អាវុធម្នាក់ ដែលបានធ្វើសកម្មភាពប្លន់អាជីវករលក់មាស ដូរលុយនៅផ្សារចិននាក្រុងព្រះសីហនុ នៅម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ជននេះមានឈ្មោះ ឡុញ ភារម្យ ហៅស្លេក ភេទប្រុស អាយុ ៣១ឆ្នាំ គឺជាមេខ្លោង និងជាជនដៃដល់ក្នុងសកម្មភាពប្លន់ កាលពីម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅផ្សារចិន ក្រុម៤១ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។ បើតាមលោកស្នងការ ជននេះ ត្រូវបានចៅក្រមសា លាខេត្តព្រះសីហនុ ចេញដីកាបង្គាប់អោយចាប់ខ្លួន លេខ:១១៣៦ដ.ច.ខ /១៥ ចុះថ្ងៃទី១៩.០៨.២០១៥។

ក្រោយការចាប់ខ្លួនមេចោរប្លន់រូបនេះ ត្រួវបានឃាត់ខ្លួន នៅការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី សួរចម្លើយស្វែងរកចាប់បក្ខពួកផ្សេងទៀត៕

នគរបាល ខេត្តព្រះសីហនុ ចាប់មេខ្លោងចោរប្លន់ អាជីវករផ្សារចិន កាលពីខែមិថុនា