ប្រទះឃើញ​រូបចម្លាក់ ពេល​កាយ​ប្រឡាយ​រំដោះ​ទឹក​ប្រាសាទបន្ទាយស្រី​

Sanofi

​រូបចម្លាក់​មាន​ទម្រង់​ជា​សន្លឹក​សីមា សម្រាប់​ដាក់តាំង​លម្អ​នៅតាម​ជ្រុង​ប្រាសាទ ត្រូវបាន​ក្រុមមន្ត្រី​អភិរក្ស​ប្រាសាទ​ប្រទះឃើញ ពេល​កាយ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ប្រាសាទបន្ទាយស្រី​។ ​រូបនេះ​មាន​ចម្លាក់​ជា​រូប​គ្រុឌ និង​មាន​ក្បាច់លម្អ​ព័ទ្ធជុំវិញ ដែលមាន​ទទឹង​​ប្រវែង​១២​សង់​ទី ម៉ែត្រ និង​បណ្តោយប្រវែង ២៩ សង់ទីម៉ែត្រ ធ្វើ​ពី​ថ្មភក់​ពណ៌​ក្រហមក្នុង​ទម្រង់​រចនាបទ សម័យ​បន្ទាយស្រី។

លោក សារាយ គឹម​ហួល មន្ត្រី​អភិរក្ស​ប្រាសាទ ប្រចាំ​នៅ​ប្រាសាទបន្ទាយស្រី បា​ន​បញ្ជាក់ថា ក្រុមការងា​អភិរក្ស​ប្រាសាទ​របស់​អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​បំពេញ​កិច្ចការ​ថែទាំ ជាប្រចាំ​នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ ក្នុង​បរិវេណ​ប្រាសាទ​ក៏ដូចជា​ក្នុង​ឧទ្យាន​ទាំងមូល​។​ដោយឡែក​ក្នុងពេល​កំពុង​កាយ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ប្រាសាទបន្ទាយស្រី កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥​នេះ ក្រុមការងារ ក៏បាន​ប្រទះឃើញ​រូបចម្លាក់​នេះ ដោយ​ចៃដន្យ នៅ​ទីតាំង​នោះ ដែលមាន​ចម្ងាយ​៤​ម៉ែត្រ ខាងកើត​ខ្លោងទ្វារ​ទី​៣ ក្នុង​ជម្រៅ​ដី​ប្រមាណ​ជា​១៥​សង់ទីម៉ែត្រ​។

បន្ទាប់ពី​បាន​ប្រទះឃើញ ក្រុមការងារ​ក៏បាន​ធ្វើ​កំណត់ត្រា និង​លាង​សម្អាត​ដោយ​ចុះ​លេខ​បញ្ជី​ត្រឹមត្រូវ រង់ចាំ​ដើម្បី​ពិនិត្យមើល​លទ្ធភាព​ជួសជុល និង​រក្សាទុក​តាម​គោលការណ៍​បច្ចេកទេស​៕
សុ ថា​ត់​

​   

Related