អុល ស្រី​ពៅ : បើ​ស្រឡាញ់​ប្រុស​ពិបាក​ពេក ចង់​ស្រឡាញ់​ស្រី​វិញ​ម្តង​

Sanofi

​អុល ស្រី​ពៅ តារា​បង្ហាញ​ម៉ូដ និង ជា​តារា​សម្តែង​មានកេរ្តិ៍ឈ្មោះ​ល្បី​គួរសម​នៅក្នុង​ពិភព​សិល្បៈ ដែល​ពេលនេះ​នាង​បានបង្ហាញ​ពី​អារម្មណ៍​ធុញថប់​ជាមួយ​គូស្នេហ៍​ជា​បុរស ហើយ​ចង់​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​ភេទ​ដូចគ្នា​វិញ​ម្តង ។ ស្របពេល​ជាមួយគ្នានេះដែរ​ក៏មាន​ប្រភពព័ត៌មាន​មួយ​ដែល​អាច​ជឿទុកចិត្ត​បាន​បង្ហើប​ប្រាប់​«​ប្រជាប្រិយ​»​ថា បច្ចុប្បន្ននេះ ស្រី​ពៅ កំពុងតែ​បង្កាត់ភ្លើង​ស្នេហ៍​ភេទ​ដូចគ្នា ហើយក៏​កំពុង​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ​ជាមួយគ្នា​ថែម​​ទៀតផង ។

តារា​សម្តែង និង បង្ហាញ​ម៉ូដ​រូបរាង​ខ្ពស់ស្រឡះ សាច់​សខ្ចី ដែលមាន​ទឹកដី​កំណើត​នៅ​ខេត្តកណ្តាល អុល ស្រី​ពៅ បាន​ចូលប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ​នៅ​ឆ្នាំ ២០០៩ ដែល​ដំបូង​ឡើយ​នាង​ចាប់យក​អាជីព​ជាតា​រា​បង្ហាញ​ម៉ូដ ។ ដោយសារតែ​នាង​មាន​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់ បូក​រួមទាំង​ទេពកោសល្យ​សិល្បៈ​មាន​តាំងពី​កំណើត​ផង​នោះ ស្រី​ពៅ ក៏បាន​ចាប់យក​អាជីព​ជាតា​រា​សម្តែង​មួយទៀត ។​ ស្រី​ពៅ មាន​ស្រុកកំណើតនៅ​ឃុំ​ត្បូង​ក្តី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក្នុង​គ្រួសារ​កសិករ មាន​បងប្អូន ៣ នាក់ ស្រី​ទាំង ៣ នាក់ ជា​កូនស្រី​ពៅ ឆ្នាំនេះ​នាង​មាន​អាយុ ២២ ឆ្នាំ​ហើយ ។ ដោយសារតែ​ស្រឡាញ់​សិល្បៈ​តាំងពី​វ័យ​កុមារភាព​នាង​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ពេញទំហឹង​នៅ​ឆ្នាំ ២០០៩ ។

កន្លង មក​នាង​ក៏​ធ្លាប់​ចូល​ប្រឡង​ក្នុង​កម្មវិធី​«​ស្រី​ឆ្លាត ប្រុស​ឆ្លាត​»​របស់​ស្ថានីយទូរទស្សន៍ CTN ដែរ នាង​មិនមាន​ភ័ព្វវាសនា​បាន​ជាប់ ឡើយ តែ​យ៉ាងណា​នាង​បានជា​ប់ដ​ល់វគ្គ​ចុងក្រោយ ។ ក្នុង​គ្រួសារ​របស់​នាង​មិនមាន​អ្នកណាម្នាក់​ជាប់​ឈាមជ័រ​ជា​អ្នកសិល្បៈ​ឡើយ ហើយ​ក្នុងចំណោម​បងប្អូន​របស់​នាង​ទាំងបី​នាក់​មានតែ​រូបនាង​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្រឡាញ់​ចូលចិត្ត ហើយ​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នេះ ។​ ​បើទោះបីជា​គេ​បានដឹងថា នាង​មាន​គូ​ដណ្តឹង​ហើយ​គ្រោង​រៀបការ​ជាមួយគ្នា​នាពេល​ឆាប់ៗ​ខាងមុខនេះ​យ៉ាងណាក្តី ស្រាប់តែ​ថ្មីៗ​នេះ​«​ប្រជាប្រិយ​»​បានទទួល​ព័ត៌មាន​ពី​អ្នក​ថតរូប​អាជីព​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ថា អុល ស្រី​ពៅ ដែលជា​តារា​បង្ហាញ​ម៉ូដ​ម្នាក់​កំពុង​ពេញនិយម​កំពុង​បង្កើត​ចំណង​ស្នេហ៍​ភេទ​ដូចគ្នា ហើយ​ថែមទាំង​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ​ជាមួយ គ្នា​ថែមទៀត ។

ពាក់ព័ន្ធ​នឹង​រឿងនេះ ស្រី​ពៅ បាន​បកស្រាយ​ថា សព្វថ្ងៃ​នាង​មាន​គូ​ដណ្តឹង​រួចហើយ ហើយ​ថែមទាំង​មានគម្រោង​រៀបការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ថែមទៀត​ផង ។ ចំពោះ​ព័ត៌មាន​ដែល​គេ​និយាយថា នាង​មានទំនាក់ទំនង​ស្នេហា​ជាមួយ​ភេទ​ដូចគ្នា​មិន​ពិត​ឡើយ តែ​នាង​បាន​និយាយ​បែប​ចាក់បណ្តោយ​ទៅវិញ​ថា​«​ប៉ុន្តែពេលខ្លះ​ខ្ញុំ​ហាក់​មាន​អារម្មណ៍​ចង់​ស្រឡាញ់​ស្រី​ដូចគ្នា​ដែរ​នៅពេល​ដែលមាន​ភាព​រកាំ​រ​កូ​ស​ជា​មួយគូ​ដណ្តឹងម្តងៗ​គឺ​កុំ​ឲ្យ​ពិបាក​ពេក ។ ពេលខ្លះ​ឈ្លោះ​គ្នា​អ៊ីចឹងទៅ​ខ្ញុំ​គិតថា​ស្រឡាញ់​ប្រុស​ពិបាក​ណាស់ ចង់​ស្រឡាញ់ស្រី​វិញ​ម្តង​ប្រហែលជា​ស្រួល​ជាង​នេះ (​សើច​)»​។​

​ទោះបីជា អុល ស្រី​ពៅ កំពុងតែ​កាក់កប​នឹង​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ និង សម្តែង​ក្តី ក៏​នាង​មិនមាន​បំណង​ចង់​បន្ត​យក​អាជីព​នេះ​ឲ្យ​បាន​វែងឆ្ងាយ​ទៅមុខទៀត​ដែរ ដោយ​នាង​បាន​លើកឡើងថា ទៅ​ថ្ងៃមុខ​នាង​នឹងបាត់បង់​រូប​សម្ផស្ស ហើយ​អាជីព ឬ ការងារ​សិល្បៈ​ក៏​បាត់បង់​ទៅតាម​នោះដែរ ។ មហិច្ឆតា​សម្រាប់​ទិសដៅ​ទៅ​ថ្ងៃ​អនាគត នាង​មានបំណង​ចង់​បើក​ភោជនីយដ្ឋាន និង ហាង​សម្រាប់​លក់​គ្រឿងសំណង់នៅពេលដែល​ការងារ​សិល្បៈ​លែង​ត្រូវការ​រូបនាង ៕​សយ ស៊ីណា​






Related