នារី​ៗ​ចូល​ចិត្ត​ឆ្លើយ “បាទ!” ភាគច្រើន​ជា Lesbian?

នារី​ៗ​ចូល​ចិត្ត​ឆ្លើយ “បាទ!” ភាគច្រើន​ជា Lesbian?

នារី​មួយចំនួន​ សម័យ​ឥលូវ ហេតុ​អ្វី​ចូលចិត្ត​ប្រើ​ពាក្យ “បាទ!” ? នេះ​ជា​សំណួរ​របស់ ស៊ីថា និស្សិត​សាកលវិទ្យាល័យ​​មេគង្គ​កម្ពុជា។ យុវជន​រូប​នេះបាន​លើក​ជា​ចម្ងល់​ទៀត​ថា តើ​មាន​អាថ៌កំបាំង​​ នៅ​ពី​ក្រោយ​ការ​ប្រើ​ពាក្យ​នេះមែន​ដែរ​ឬ​ទេ? ចង់​ដឹង​សូម​ស្ដាប់​សម្ដីរបស់​យុវវ័យដូច​​ខាងក្រោម៖

 

នារី​ៗ​ចូល​ចិត្ត​ឆ្លើយ “បាទ!” ភាគច្រើន​ជា Lesbian?រូបតំណាង

 

លោក ជីវ៉ា បាន​ប្រាប់​ថា លោក​មិន​​ដឹងត្រូវ​និយាយ​ដូចម្ដេចទេ ប៉ុន្តែ​​ យុវជន​រូប​នេះថា ​មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​មិត្ត​ស្រី​របស់​លោក ក៏​និយាយ​ពាក្យ​នេះ​ដែរ។ លោក​ថា ៖ “អត់​ទេ!! មិត្ត​ស្រី​ខ្ញុំ ក៏​ឆ្លើយ​បាទ! បាទ! ដែរ​ហ្នឹង”។

 

ជា​នារី​ម្នាក់​​ចូលចិត្ត​ឆ្លើយ “បាទ” ពេល​មិត្តភ័ក្ដិ​ហៅ កញ្ញា សារីម បង្ហើប​ប្រាប់ Sabay ថា ការ​​ប្រើ​ពាក្យ​នេះ មិន​មែន​​បាន​ន័យ​​ថា កញ្ញា​ជា​​ជា​មនុស្ស​ស្រលាញ់​មនុស្សភេទ​​ដូចគ្នា ដែល​ភាសា​អង់គ្លេស​គេ​ថា “Lesbian”។ តាម​ពិតកញ្ញា​ប្រើ​ពាក្យ​នេះ ដើម្បី​តែ​លេង​សើច​ប៉ុណ្ណោះ។

 

និស្សិត​ផ្នែក​គណនេយ្យ នៃ​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង​​បញ្ជាក់​ថា ដោយសារ​​នៅ​កន្លែង​ធ្វើការ គេ​ច្រើន​ហៅ​កញ្ញា​ថា Ah Boy! Ah Boy! ដូច្នេះ​កញ្ញា​​ក៏​ជាប់​មាត់​និយាយ​ “បាទ!” តែ​ម្ដង​។

 

“ខ្ញុំ​ចូល​ចិត្ត​ស្លៀកពាក់​អាវយឺត ខោ​ខោវប៊យ គេ [មិត្តភ័ក្ដិ] ក៏​ហៅអា​ប្រុស ខ្ញុំ​ក៏​ជាប់​មាត់​ឆ្លើយ​ “បាទ!” ហើយ​ពេល​ខ្លះ ឆ្លើយ​បាទ​ជាមួយ​ម៉ែ​ដែរ​ហ្នឹង។ អត់​ទេ​បង! មិន​មែន​ស្រលាញ់​ស្រី​ដូចគ្នា​ទេ”។ សារីម បន្ថែម។

 

“វា​រឿង​គួរ​ឱ្យ​​អស់​សំណើច នៅ​ពេល​ខ្លះ​មាន​គេ​សួរ​ថា តើ​ខ្ញុំ​មាន​សង្សារ​ប្រុស​ឬ​ស្រី? ខ្ញុំ​ថា “​ប្រុស” ហើយ​គេ​សួរ​ទៀត​ថា​ចុះ ហេតុ​អី​បាន​ជា​និយាយ “បាទ” ទៅ​វិញ? ខ្ញុំ​ថា​ពាក្យ​បាទ​ឬ​ចាស មិន​អាច​និយាយ​ថា នារី​ណា​ម្នាក់​ស្រលាញ់​ភេទ​ដូច​គ្នា ឬ​ខុស​គ្នា​ឡើយ”។ នេះ​ជា​ការ​បញ្ជាក់​របស់​កញ្ញា កន្និដ្ឋា។

 

អតីត​និស្សិត​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​វ័យ ២៣ ឆ្នាំ​រូប​នេះ រៀបរាប់​ថា កញ្ញា​ក៏​តែង​ប្រើ​ពាក្យ​បាទ​ញឹកញាប់​ដែរ ៖ “ខ្ញុំ​ប្រើ​ញឹកញាប់ តែ​អត់​មាន​អារម្មណ៍​ស្រលាញ់​ស្រី​អី​ផង”។

 

កូន​អ្នក​ភ្នំពេញដដែលប្រាប់​ទៀត​ថា មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា មិន​សំដៅ​លើ​ការ​និយាយ​ពាក្យ “បាទ” នោះ​ទេ ហើយ​ពេល​ខ្លះ​អ្នក​មិន​និយាយ​ពាក្យ​នេះ អាច​ស្រលាញ់​ភេទ​ដូចគ្នា​ក៏​ថា​បាន។

 

មិន​ខុស​ពី​​យុវតី​ទាំងពីរ​ខាងលើ​ទេ សុជាតា បុគ្គលិក​ក្រុមហ៊ុន​សារព័ត៌មាន​មួយ ក៏​ប្រើ​ពាក្យ​នេះញឹកញយ​ដែរ តែ​កញ្ញា​ថា ការ​ប្រើប្រាស់ គឺ​គ្រាន់​​តែ​លេង​សើច និង​ឌឺ​ដាក់​ប្រុសៗ​ដែល​ចង់​ញ៉ែ​នាងតែ​ប៉ុណ្ណោះ តាម​ពិត​កញ្ញា​គ្មាន​ចិត្ត​ស្រលាញ់​ស្រី​ទេ។ សុជាតា ​បង្ហើ​បថា ៖ “ចេះ​តែ​មាន​ហ្មង បើ​ស្រលាញ់ស្រីខាត​បាត់ (សើច)”៕

 

ចុចអាន៖ អត់​ស្រឡាញ់​គេ គួរ​ទទួល​របស់​ពី​គេ​អត់?

ចុចអាន៖ ចរិត​បែប​​នេះ​​​ របស់​ប្រុសៗ​​ឬ​​​ហៅ​ថា​​ ដល់​ត្រើយ​សើយ​គូទ?

 

អត្ថបទ៖ អ៊ុំ សុភក្តិ