ក្រុមការងារ​បច្ចេកទេស​ត្រីភាគី បញ្ចប់​កិច្ចប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ថ្ងៃទី​៧​តុលា​នេះ

ភ្នំពេញ: កិច្ចប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​រវាង​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី នឹងត្រូវ​បញ្ចប់​កិច្ចប្រជុំ នៅ​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥​។ ភាគី​សហជីព​កម្មករ និង​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ នឹង​បោះឆ្នោត​សម្រេច​រៀងៗ​ខ្លួន ដើម្បី​ដាក់​តួលេខ បញ្ជូន​ទៅកាន់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ដែលជា​យន្តការ​ត្រីភាគី ប្រជុំ​សម្រេច ចុងក្រោយ លើ​ការឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ សម្រាប់​ឆ្នាំ​២០១៦​។​
     ​
​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អ្នកសម្របសម្រួល​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​៦​តុលា ភាគី​សហជីព​កម្មករ បាន​បន្ថយ​តួលេខ​បន្តិច ហើយ​ភាគី​និយោជក ដែលជា​ថៅកែ​រោងចក្រ​កាត់ដេរ ក៏បាន​បង្កើន​តួលេខ​បន្តិច​ផងដែរ​។

​លោក ហេង សួរ បន្តថា សហជីព​បាន​ព្រមព្រៀង​បន្ថយ​ការទាមទារ​ឡើង​ប្រាក់ខែ​កម្មករ មក​ត្រឹម ២៥% ស្មើនឹង ១៦០​ដុល្លារ​។ រីឯ​និយោជក ព្រម​ឡើងដល់ ៤% លើ​ប្រាក់ខែ​ឆ្នាំមុន គឺ​ស្មើនឹង ១៣៣,១២ ដុល្លារ​។​

​ដោយសារតែ​គម្លាត​នៅ​ឆ្ងាយ​ពីគ្នា​រវាង​សហជីព​កម្មករ និង​ថៅកែ​រោងចក្រ​កាត់ដេរ​ដូច្នេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ដែលជា​សមាជិក​មួយរូប ក្នុងចំណោម​មេដឹកនាំ​សហជីព​កម្មករ​ទាំង ១៦ រូប ក្នុង​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី បាន​បញ្ជាក់ថា កិច្ចប្រជុំ​ក្រុមការងារ​ត្រីភាគី​នោះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៧​តុលា​នេះ ដោយនៅ​ម៉ោង ១ រសៀល ភាគី​សហជីព​កម្មករ និង​ភាគី​ថៅកែ​រោងចក្រ នឹង​បោះឆ្នោត​សម្រេច​លើ​តួលេខ​រៀងៗ​ខ្លួន ដើម្បី​បញ្ជូន​ទៅកាន់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ប្រជុំ​សម្រេច ចុងក្រោយ​។​

​គណៈកម្មការ​ប្រឹក្សា​ការងារ ជា​យន្តការ​ត្រីភាគី រួមមាន ភាគី​សហជីព​កម្មករ ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ និង​ភាគី​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ ភាគី​សហជីព​កម្មករ ដែលមាន​សមាសភាព ១៦ រូប បាន​រក្សា​ជំហរ​ទាមទារ​ឡើង​ប្រាក់ខែ​ដល់​កម្មករ​កាត់ដេរ សម្រាប់​ឆ្នាំ​២០១៦ ចំនួន ១៦០ ដុល្លារ​។ រីឯ​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ ព្រមព្រៀង​ឡើង​ត្រឹមតែ ១៣៣,១២ ដុល្លារ​ប៉ុណ្ណោះ​៕​