តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​សវនាការ​លើករ​ណី​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​

ភ្នំពេញ: ​សវនាការ​កាត់ក្តី នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ករណី​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ក្នុង​សំណុំរឿង​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា និង​វៀតណាម បាន​បន្តធ្វើ​នៅ​ព្រឹក​ថ្ងៃទី​៧​តុលា​នេះ​។ សវនាការ​លើ​ករណីនេះ បានធ្វើ​ឡើង​ម្តង​រួចមកហើយ កាលពី​ព្រឹក​ថ្ងៃទី​២​តុលា ដោយមាន​វត្តមាន​រប​ស់លោក​ហុង​សុខ​ហួរ​។ ប៉ុន្តែ​ក្រោយ​ការសាកសួរ​អស់​ពេល​ពេញ​មួយ​ព្រឹក កាលពី​ថ្ងៃទី​២​តុលា ចៅក្រម​បានសម្រេច​លើក​ពេល​សវនាការ មក​ធ្វើ​បន្ត​នៅ​ព្រឹក​ថ្ងៃទី​៧​តុលា​នេះ​។​

​ក្នុង​សវនាការ កាលពី​ព្រឹក​ថ្ងៃទី​២​តុលា លោក ហុង សុខ​ហួរ បាន​ថ្លែង​ទៅកាន់​ចៅក្រម ដោយ​ទទួលស្គាល់ថា លោក​បាន​បង្ហោះ​នូវ​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​។ ប៉ុន្តែ​លោក​ហុង​សុខ​ហួរ បាន​បដិសេធថា ឯកសារ​នោះ លោក​មិនបាន​ក្លែង​ទេ គឺ​លោក​ឃើញ​ក្នុង​អ៊ី​ន​ធើ​ណែ​ត តាំងពី​ឆ្នាំ​២០០៦ មក​ម្លេះ​។​

​សូម​រម្លឹកថា ក្នុងពេល​តុលាការ បើកសវនាការ កាលពី​ព្រឹក​ថ្ងៃទី​២​តុលា ក៏មាន​ក្រុមអ្នកតវ៉ា​មួយក្រុម បាន​លើក​បដា និង​រូបថត ស្រែក​មេក្រូ ទាមទារ​ដោះលែង​លោក​ហុង​សុខ​ហួរ នៅមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ផងដែរ​។​

​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ តុលាការ​បានសម្រេច​ឃុំខ្លួន​លោក ហុង សុខ​ហួរ ដាក់ពន្ធនាគារ​ព្រៃ​ស​។​

​តុលាការ បាន​ចោទប្រកាន់​លោក​ហុង សុខ​ហួរ ចំនួន ៣ បទល្មើស​៖ ទី​១ បទ​ក្លែង​ឯកសារ​សាធារណៈ ទី​២.​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​សាធារណៈ និង​ទី​៣.​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វ៉ឹ​ក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ការចោទប្រកាន់ ៣​បទល្មើស​នេះ ដោយសារតែ​លោក ហុង សុខ​ហួរ បាន​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤៕