ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​មេខ្លោង​ចោរប្លន់ អ្នកលក់​មាស​ផ្សារ​ចិន​

ព្រះសីហនុ: ជនសង្ស័យ​ម្នាក់ ជា​មេខ្លោង​ចោរប្លន់ អ្នកបង្កើត​ក្រុម អ្នកផ្ដល់​អាវុធ អ្នកបញ្ជា​ឱ្យ​ប្លន់ និង​អ្នក​ចែក​ផលប្រយោជន៍ ត្រូវបាន​កម្លាំង​នគរបាល ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បាន នៅ​យប់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​លោក​វរសេនីយ៍ឯក កុល ផល្លី ស្នងការរង​ខេត្ត​ព្រះសីហនុ បានអោយដឹងថា មេខ្លោង​ចោរប្លន់​ម្នាក់នេះ ឈ្មោះ ឡុ​ញ ភារ​ម្យ ហៅ ស្លេក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ និង​ទីលំនៅមិន​ពិតប្រាកដ ។​

​លោក​ស្នងការរង បាន​បន្តថា ប្រតិ​ប​ត្ដិ​ការរួម​គ្នា រវាង​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្ត​ព្រះសីហនុ និង​កម្លាំង​អធិការដ្ឋាន​នគរបាលក្រុង ព្រះសីហនុ  ហើយ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ ឈានទៅដល់​ការចាប់ខ្លួនមេខ្លោង​ចោរប្លន់​ម្នាក់នេះ​តែម្តង មេខ្លោង​ចោរប្លន់​ម្នាក់ ដែលជា​អ្នកធ្វើ​សកម្មភាព​ប្លន់អ្នកលក់​មាស​នៅ​ចំណុច​ផ្សារ​ចិន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

​លោក​ស្នងការរង បាន​បន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យ ជា​មេខ្លោង​ចោរប្លន់ ស្ថិតក្រោម​ការសួរនាំ និង​ឃុំខ្លួន​នៅ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ព្រមទាំង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕V/S

ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​មេខ្លោង​ចោរប្លន់ អ្នកលក់​មាស​ផ្សារ​ចិន​