ប៉ូលិសអន្តោប្រវេសន៍ ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១៦ នាក់ បន្ថែមទៀត ដែល​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា​

ភ្នំពេញ: ​ប៉ូលិស​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ចំនួន ១៦ នាក់ ( ស្រី ៤ នាក់ ) កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​។ ជនជាតិ​វៀតណាម​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន នៅ​ខេត្តបន្ទាយមានជ័យ ១៣ នាក់ ( ស្រី ៤ នាក់ ) និង​នៅ​សិប្បកម្ម​កែច្នៃ​ឈើ ៣​នាក់ នៅ​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​របាយការណ៍​របស់​ប៉ូលិស បង្ហាញថា ជនជាតិ​វៀតណាម ទាំង ១៦ នាក់​នោះ បាន​ចូលមក​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា ដោយ​ខុសច្បាប់ និង​គ្មាន​ឯកសារ​អ្វី​ទាំងអស់​។​

​ជា​ហូរហែរ​កន្លងមក ប៉ូលិសអន្តោប្រវេសន៍ បាន​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនបរទេស ដែល​បាន​ចូលមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា​។ ក្នុងនោះ មាន​វៀត​ណាម ច្រើនជាងគេ​។ ក្រោយពីការត្រួតពិនិត្យ និងឃាត់ខ្លួន ជនបរទេស​ទាំងនោះ ត្រូវបានបណ្តេញចេញពីកម្ពុជា​។

​របាយការណ៍​របស់​ប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បង្ហាញថា ជនបរទេស ដែល​ចូលមក​រស់នៅ​ខុសច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា ទៅ​ប្រទេស​កំណើត​វិញ ចាប់ពី​ឆ្នាំ​២០១៤ មកដល់​ត្រឹម​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ មាន​ចំនួន ៣.២២៦ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ៥៦៧​នាក់ និង​មាន ៤៦ សញ្ជាតិ​។ ជនបរទេស​ទាំងនោះ ភាគច្រើន​ជា​ជនជាតិ​វៀតណាម​៕​