តុលាការថៃ ច្រានចោលបណ្តឹង លោកស្រី យីងឡាក់ លើអគ្គព្រះរាជអាជ្ញា

បាងកក ៖ តុលាការឧក្រិដ្ឋកម្ម នៃប្រទេសថៃ នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០១៥ នេះ បាន សម្រេចច្រាន ចោលនូវបណ្តឹងរបស់លោកស្រី អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់ ទៅលើអគ្គព្រះរាជអាជ្ញា និង ចៅ ក្រមចំនួន ៣រូបផ្សេងទៀត ដោយអះអាងថា ពួកគេទាំងនេះ បានរួមគំនិតគ្នា ប្រព្រឹត្តនូវអំពើអាក្រក់ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា លោកស្រី យីងឡាក់ បានដាក់ពាក្យ បណ្តឹងដូចខាងលើ នេះ កាលពីថ្ងៃទី២៩ ខែកញ្ញា ដោយចោទប្រកាន់មន្ត្រីតុលាការកំពូលៗខាងលើនេះ ពីបទ រំលោភច្បាប់ឧក្រិដ្ឋកម្ម អំឡុងពេលដែលធ្វើការដោះស្រាយបណ្តឹង ពាក់ព័ន្ធនឹងរឿងក្លែងបន្លំកម្មវិធីទិញស្រូវ របស់រដ្ឋាភិបាលលោកស្រី ដោយបានចោទលោកស្រី យីងឡាក់ ថា មិនគោរពពាក្យសន្យា និងបានរំលោភបំពានលើអាជ្ញាធរនោះ ។

គួរបញ្ជាក់ថា តុលាការ បានទទួលយកបណ្តឹងប្រឆាំងនឹងលោកស្រី យីងឡាក់ កាលពីខែមីនា ហើយលោកស្រី យីងឡាក់ បានច្រានចោល នូវរាល់ការចោទប្រកាន់ទាំងអស់ បន្ទាប់ពីបាន ចូលស្តាប់ពាក្យបណ្តឹង ក្នុងតុលាការ ជាលើកដំបូង កាលពីខែឧសភា កន្លងទៅនេះ ។ លោកស្រី ក៏បានធ្វើការចោទប្រកាន់ មន្ត្រីតុលាការទាំង ៤រូប នោះវិញថា បានចោទប្រកាន់លោកស្រី ដោយគ្មានភស្តុតាង ក៏ព្រោះតែពួកមិនទាន់ មានការស៊ើបអង្កេតអ្វីជាមុន សោះ ក៏ធ្វើការចោទប្រកាន់លោកស្រីបែបនេះ ៕

តុលាការថៃ ច្រានចោលបណ្តឹង លោកស្រី យីងឡាក់ លើអគ្គព្រះរាជអាជ្ញា