ប្រេស៊ីល ប្រឈមមុខនឹងការប្រកួតជម្រុះ World Cup ដោយគ្មាន Neymar

ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​​បាន​កើត​ឡើង​សម្រាប់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល បើ​គិត​ចាប់​តាំង​ពី​ការ​រង​បរា​ជ័យ​យ៉ាង​អា​ម៉ាស់​ក្នុង​ពេល​ធ្លាក់​ចេញ​ពី​ព្រឹត្ត​ការណ៍ World Cup កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ ខណៈ​ដែល​យុទ្ធ​នា​ការ​នៃ​ការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០១៨ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កត្តា​ដ៏​​គួរ​ឲ្យ​​ព្រួយ​បារម្ភ​មួយ​នៅ​តែ​​រក្សា​​មាន​វត្ត​មាន​ដដែល ពោល​គឺ​ការ​អវត្ត​មាន​​របស់​តា​រា​ឆ្នើម Neymar​។ រយៈ​​ពេល​​ច្រើន​ជាង​​មួយ​ឆ្នាំ​​បាន​កន្លង​ផុត​ទៅ បើ​គិត​ចាប់​តាំង​ពី​ការ​រង​បរា​ជ័យ​ដ៏​ខក​ចិត្ត​ក្នុង​លទ្ធ​ផល ៧-១ នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ​ក្នុង​ព្រឹត្តិ​ការណ៍ World Cup នៅ​លើ​​ទឹក​ដី​របស់​ប្រេស៊ីល​។ ចាប់​តាំង​ពី​ពេល​នោះ​មក មាន​នូវ​ការ​បរា​ជ័យ​ដ៏​អា​ម៉ាស់​ដូច​គ្នា​​នេះ​ក្នុង​ព្រឹត្តិ​ការណ៍ Copa America តាម​រយៈ​ការ​ធ្លាក់​​ចេញ​​ក្រោម​ស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​ប៉ា​រ៉ា​ហ្គាយ ដោយ​ការ​​ស៊ុត​បាល់​​ប៉េ​ណាល់​ទី​កាត់​សេច​ក្តី​។
1
គ្រូ​បង្វឹក​នៃ​​ក្រុម​ប្រេស៊ីល ត្រូវ​បាន​ផ្លាស់​ប្តូរ ហើយ​វា​មាន​នូវ​ការ​ត្រួត​ពិនិត្យ​យ៉ាង​ច្រើន​ឥត​ឈប់​ឈរ​។ ប៉ុន្តែ ក្នុង​ពេល​ស្ថិត​ក្នុង​ភាព​ជ្រួល​ច្រ​បល់ ប្រទេស​ដែល​ឆ្កួត​នឹង​កីឡា​បាល់​ទាត់​​មួយ​នេះ នៅ​តែ​​ពឹង​ផ្អែក​ដ៏​ធំ​​ទៅ​លើ​ប្រធាន​ក្រុម និង​​ជា​តារា​ឆ្នើម​របស់​ក្លិប Barcelona គឺ Neymar ហើយ​មាន​នូវ​ការ​ព្រួយ​បារម្ភ​ថា ក្នុង​​ពេល​គ្មាន​រូប​គេ ប្រេស៊ីល​ប្រហែល​ជា​មិន​អាច​ទទួល​ជ័យ​ជម្នះ​ឡើយ​។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​អវត្ត​មាន​អំឡុង​ពេល​ប្រេស៊ីល​ចាញ់​ដ៏​អា​ម៉ាស់​​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​២០១៤ វគ្គ​ពាក់​​​កណ្តាល​ផ្តាច់​ព្រ័ត្រ​​។ បន្ទាប់​មក ក្នុង​យុទ្ធ​នា​ការ Copa America នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​កូ​ឡុំ​ប៊ី រូប​គេ​បាន​រង​​ការ​ពិន័យ​កាត​ក្រហម និង​រង​ពិន័យ​ព្យួរ​៤​ប្រកួត ដែល​ធ្វើ​​ឲ្យ​គេ​ត្រូវ​អវត្ត​មាន​ក្នុង​ការ​ប្រកួត​ដែល​នៅ​សល់ ខណៈ​​​ដែល​ក្រុម​ជម្រើស​របស់​​គេ​​បាន​ធ្លាក់​​ចេញ​ទាំង​ខក​ចិត្ត​។ បច្ចុប្បន្ន ខណៈ​ដែល​ការ​ប្រកួត​​២​លើក​នៅ​តែ​នៅ​សល់​ក្នុង​ពិន័យ​ព្យួរ​នេះ Neymar នឹង​អវត្ត​មាន​ម្តង​ទៀត​សម្រាប់​ការ​ប្រកួត​ជម្រុះ​បើក​ឆាក​​សម្រាប់ World Cup ឆ្នាំ​២០១៨ ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ស៊ីលី នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​វ៉េ​ណេ​ស៊ុយ​​អេ​ឡា នា​ថ្ងៃ​ទី​១៣ ខែ​តុលា ខាង​មុខ​៕

ប្រភព​ព័ត៌​មាន៖ AFP