វិចារណកថាៈ បុណ្យភ្ជុំបិណ្ឌបង្ហាញ ពីទំនៀមទម្លាប់ ដ៏ល្អរបស់ខ្មែរ

ក្នុងរដូវបុណ្យ ភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃបិណ្ឌ១ រហូតដល់ថ្ងៃភ្ជុំធំបានបង្ហាញ អំពីទំនៀមទម្លាប់ដ៏ល្អ របស់ ខ្មែរ ហើយប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនា បានបង្ហាញនូវទឹកចិត្តគោរពស្រឡាញ់ ជីដូនជីតាឪពុក ម្តាយបងប្អូនសាច់ញាតិអស់ពីចិត្តពីថ្លើម ។ សូម្បីតែសាច់ញាតិ ដែលលាចាកទៅកាន់ លោកខាងមុខ ក៏ប្រជាពលរដ្ឋខ្មែរ ធ្វើបុណ្យឧទ្ទិសកុសលជូនដែរ នេះគឺជាភស្តុតាងបង្ហាញថា ខ្មែរមាន ប្រពៃណីទំនៀមទម្លាប់ដ៏ល្អ ចេះស្រឡាញ់សង្គមគ្រួ សារ សង្គមជាតិ និងសាច់ញាតិរបស់ខ្លួនប្រកប ដោយភក្តីភាព និងភាពស្មោះត្រង់គ្រប់ពេលវេលា ។ ជាក់ស្តែងនៅក្នុង រដូវភ្ជុំបិណ្ឌបងប្អូនជនរួមជាតិខ្មែរ ដែលចាកចេញពីស្រុកកំណើតមកធ្វើការងារ ឬប្រកបរបររកស៊ីផ្សេងៗក្នុងរាជធានីភ្នំ ពេញ និងតាមបណ្តា ខេត្តនានាតែងតែវិលត្រឡប់ទៅស្រុកកំណើតជួបជុំគ្រួសារ និងសាច់ញាតិដើម្បីចូលរួមកាន់បិណ្ឌ និងភ្ជុំបិណ្ឌជា មួយគ្នានៅវត្តអារាមដោយចិត្តជ្រះថ្លា និងបង្ហាញសាមគ្គីភាពក្នុងសង្គមយ៉ាងរីករាយ ។

គួររំលឹកដែរថា ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ប្រណិប័តន៍ព្រះពុទ្ធសាសនាតែង មានចិត្តជ្រះថ្លាមេត្តាករុណាដល់គ្នា ទៅវិញទៅមក ចេះជួយទុក្ខធុរៈគ្នា ទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ គួរឲ្យកោតសរសើរបំផុត ។ មនុស្ស ចាស់ ទុំក្នុង សង្គមខ្មែរតែងតែផ្តល់ជាគំរូល្អៗដល់កូនចៅជំនាន់ក្រោយ ដើម្បីភាពសុខសាន្តនៅក្នុងសង្គមគ្រួសារ ការរាប់អានសាច់ ញាតិក្នុងភូមិផងរបងជាមួយ និងកសាងសមិទ្ធផលផ្សេងៗ នៅវត្តអារាមជាកេរតំណែល សម្រាប់មនុស្សជំនាន់ក្រោយ ។ ជាងនេះទៅទៀតព្រះសង្ឃតែងតែបង្ហាញ នូវគំរូល្អបំផុតដើម្បីឲ្យពុទ្ធ បរិស័ទ ចេះធ្វើបុណ្យទាន ចេះដឹងគុណឪពុកម្តាយ បុព្វការីជនរបស់ខ្លួន ស្គាល់បាបស្គាល់បុណ្យ ហើយសាងតែអំពើ ល្អក្នុងសង្គម ។ ហេតុនេះហើយទើបចាប់តាំងពីថ្ងៃ បិណ្ឌ១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌតែងតែមានពុទ្ធបរិស័ទ ទៅវត្តយ៉ាងច្រើន ដើម្បីធ្វើបុណ្យទានសាងអំពើល្អតាមប្រពៃណីទំ នៀមទម្លាប់តពីដូនតា ។ បើទោះបីជាប់ រវល់ការងារ ឬប្រកបរបរទទួលទានយ៉ាងណា ក៏ប្រជាពលរដ្ឋខ្មែរនៅតែឆ្លៀត ពេលទៅវត្តធ្វើបុណ្យធ្វើទាន សន្សំកុសលសម្រាប់ជាតិនេះ និងជាតិខាងមុខតាមជំនឿរៀងៗខ្លួនដែរ ។

ក្នុងឱកាសកាន់បិណ្ឌរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ព្រះសង្ឃនៅតាមបណ្តាវត្តមួយចំនួនទាំងនៅក្នុងរាជធានី ភ្នំពេញ និងបណ្តាខេត្តនានាបានយកចង្ហាន់ ដែលពុទ្ធបរិស័ទប្រគេន ទៅចែកជូនចំពោះជនក្រីក្រគ្មានទីជម្រក កុមារ កំព្រា ជនពិការ និងអ្នកជំងឺមួយចំនួនដែលសម្រាកនៅក្នុងមន្ទីរពេទ្យ ។ ទង្វើរបស់ព្រះសង្ឃបែបនេះ គឺជាគំរូដ៏ប្រពៃ បំផុតដើម្បីបង្ហាញពីវប្បធម៌នៃការចែករំលែក និងចេះជួយធុរៈគ្នាក្នុងគ្រាលំបាក ហើយ ម្ចាស់ទានក៏ទទួលបាន កុសលផលបុណ្យជាទីគាប់ចិត្តដែរ ។ ការចេះអាណិតស្រឡាញ់គ្នា ចេះយកអាសាគ្នា នៅក្នុងសង្គមខ្មែរគឺជារឿងដែល កើតមានជាយូរមកហើយ ដូច្នេះប្រជាពលរដ្ឋខ្មែរជាពុទ្ធបរិស័ទទូទៅ ត្រូវបន្តសាងអំពើល្អបន្ថែមទៀត ដើម្បីសន្សំកុសល ផលបុណ្យទៅជាតិមុខ ។ ទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរ នឹងស្ថិតស្ថេរជារៀងរហូតទាល់តែពុទ្ធបរិស័ទរក្សាអំពើល្អចេះធ្វើ បុណ្យទានរួមគ្នា ចេះសង្រ្គោះគ្នានៅក្នុង គ្រាអាសន្ន និងគ្រាលំបាកដើម្បីភាពសុខសាន្តទាំងអស់គ្នា ។

តាមពិនិត្យជាក់ស្តែង នៅក្នុងបរិវេណវត្តមួយចំនួន រាជធានីភ្នំពេញ ក្នុងឱកាសកាន់បិណ្ឌរយៈពេលប៉ុន្មានថ្ងៃកន្លង ទៅនេះគឺមានមនុស្សចាស់ៗ ក្មេងតូចៗ ជនអនាថា និងជនពិការមួយចំនួនក្នុងសម្លៀកបំពាក់ចាស់ៗ បានអង្គុយ សុំទាន ពីពុទ្ធបរិស័ទដែលទៅធ្វើបុណ្យនៅវត្ត ។ អ្នកទាំងនោះមានសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលទទួលបាន ការដាក់ទាន ខ្លះៗពីពុទ្ធបរិស័ទដែលទៅវត្ត ហើយពួកគាត់រីករាយកាន់តែខ្លាំង នៅពេលព្រះសង្ឃចែករំលែក ចំណីអាហារដល់ពួកគាត់ ឲ្យទទួលទានបានឆ្ងាញ់ និងបានឆ្អែតគ្រប់ៗគ្នា ។ ការចែករំលែកចំណីអាហារ ពីព្រះសង្ឃទៅដល់មនុស្សចាស់ជរា ជន ក្រីក្រ ជនអនាថា ជនពិការ និងមជ្ឈមណ្ឌលកុមារកំព្រា ជាដើមគឺ បង្ហាញថា វប្បធម៌ចែករំលែកក្នុងសង្គមខ្មែរមានតម្លៃ យ៉ាងធំធេងគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ ។ ជាពិសេស ការគោរពស្រឡាញ់ ជីដូនជីតាឪពុកម្តាយក្រុមគ្រួសារសាច់ ញាតិបងប្អូននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ គឺជាភស្តុតាង យ៉ាងច្បាស់ក្រឡែតថា សង្គមខ្មែរមានទំនៀមទម្លាប់ដ៏ល្អផូរផង់ តាំងពីដូនតារហូតមក ហើយ ទំនៀមទម្លាប់នោះនៅគង់វង្សជារៀងរហូត ។

មនុស្សចាស់ទុំដែលប្រណិប័តន៍ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ហើយតែងតែធ្វើបុណ្យនៅវត្តអារាម និងសាង អំពើល្អជាប្រចាំបានលើកឡើងថា ការធ្វើបុណ្យដាក់ទានមិនប្រកាន់បុគ្គល ការយកម្ហូបអាហារ នំចំណីទៅចែក ជូនជន ក្រីក្រ ជនអនាថា និងកុមារកំព្រានោះគឺជាការសាងបុណ្យកុសលដ៏វិសេសវិសាលសម្រាប់បច្ចុប្បន្នជាតិ និងអនាគតជាតិ តាមទំនៀមទម្លាប់របស់ខ្មែរ ។ អ្នកកាន់សីលទានបានបញ្ជាក់ទៀតថា ការស្រឡាញ់រាប់អាន យោគយល់គ្នាទៅវិញទៅ មករវាងពុទ្ធបរិស័ទទាំងនៅក្នុងវត្តអារាម សង្គមគ្រួសារ និងសង្គមជាតិ តែងនាំមក នូវភាពរីករាយ និងសេចក្តីសុខសាន្ត យូរអង្វែងសម្រាប់មនុស្សជាតិ ។ មានន័យថា ការធ្វើបុណ្យដាក់ទាន នៅក្នុងសង្គមខ្មែរជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំ បិណ្ឌរយៈពេល១៥ថ្ងៃបានបង្ហាញអំពីទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរ ដូច្នេះជនរួមជាតិខ្មែរជាពុទ្ធបរិស័ទត្រូវរួមគ្នាសាងអំពើល្អជារៀងរហូត ។ ការទៅធ្វើបុណ្យនៅវត្តអារាម និងការ ធ្វើបុណ្យដាក់ទានជាមួយមនុស្សជុំវិញខ្លួនជាអំពើដ៏ល្អប្រពៃបំ ផុតរបស់ពលរដ្ឋខ្មែរ ដែលនាំមកនូវកុសលប្រសើរ សម្រាប់ជីវិត និងភាពសុខសាន្តក្នុងសង្គម ៕