អាហារ ៣ យ៉ាងអ្នកមិនគួរដាក់ក្លាហ្សេ

ការ​បង្កើត​ទូរទឹក​កកឡើង​ គឺជា​ការ​ផ្លាស់ប្ដូរ ​Game ក្នុង​ការ​សាក​សមត្ថភាព​របស់​យើង​ដើម្បី​រក្សា​អាហារ​បានយូរ​។ វាអាច​ការពារ​អាហារ​ជាច្រើន​ប្រភេទ​ពីការក​ពូន​នូវ​ប្រភេទ​បាក់តេរី ​ដែល​បណ្ដល​ឱ្យកើត​ជំងឺ ​ព្រម​ទាំង​ជួយ​សន្សំ​ប្រាក់​កាស​ក្នុង​ការទិញ​អាហារ​ទៀត​នៅពេល​វាខូច ​ពីព្រោះ​យើង​អាច​ទទួល​ទាន​វាបាន​ទាំងអស់​។ មនុស្ស​យើង​ភាគ​ច្រើន​ប្រើ​ប្រាស់​ទូរទឹក​កក ​ដោយ​មាន​ការយល់​ដឹង​បន្ដិច​បន្ដួច​ពីប្រភេទ​ នៃអាហារ ​ដែល​យើង​គួរដាក់​ក្លាហ្សេ​នៅក្នុងវា ​ហើយ​ប្រភេទ​អាហារណា ​ដែល​យើង​មិនគួរ​ដាក់​ក្លាហ្សេ​។ ជាញឹក​ញាប់​យើង​ តែង​ដាក់​ក្លាហ្សេ​អាហារ ​ដែល​យើង​អាច​រក្សា​ទុកវា​នៅលើ​ធ្នើរ​ ឬកន្លែង​រក្សាទុក​អាហារ​។ ការ​ដាក់​ក្លាហ្សេ​អាហារ ​នៅក្នុង​ទូរទឹក​កកអាច​បំផ្លាញ​សោភ័ណភាព ​និងរស​ជាតិ​របស់វា​។ ខាង​ក្រោម​នេះ ​Cool News សូម​ណែនាំ​លោក​អ្នក ​នូវអាហារ ​៣ប្រភេទ​ ដែល​អ្នកមិន​គួរដាក់​ក្លាហ្សេ​នៅក្នុង​ទូរទឹកកក​៖
១. ឪឡឹក​ទាំង​មូល​៖ ផ្លែ​ឪឡឹក​ទាំងមូល​មិន​គួរត្រូវ​បាន​ដាក់​ក្លាហ្សេ​នៅក្នុង​ទូរទឹក​កក​នោះទេ​។ នៅក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​កាលពីឆ្នាំ​ ២០០៦ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មកពី​នាយកដ្ឋាន​កសិកម្ម​អាមេរិក​បាន​រកឃើញ​ថា ​នៅពេល​ដាក់​រក្សា​ទុកនៅ​ក្នុង​សីតុណ្ហ​ភាពធម្មតា​ ឪឡឹក​អាច​រក្សានូវ​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដកម្ម​(សារធាតុ​ Lycopene និង​សារធាតុ ​បេតា​ការ៉ូទីន​)បាន​ច្រើន​ជាងក្លា​ហ្សេ​នៅក្នុង​ទូរទឹកកក​។ ជាក់​ស្ដែង​ការសិក្សា​ស្រាជ្រាវ​បាន​រកឃើញថា ​បើធៀប​ទៅនឹង​ផ្លែឈើ​ ដែល​ទើប​នឹង​បេះថ្មីៗ ​ផ្លែឪឡឹក ​ដែល​រក្សាទុក​នៅក្នុង​បន្ទប់​មាន​សីតុណ្ហ​ភាព​ធម្មតា​ មានផ្ទុក​នូវ​សារធាតុ​ Lycopene ច្រើន​រហូត​ដល់ ​ ៤០% និង​សារ​ធាតុ​បេតាការ៉ូ​ទីន​ ១៣៩%។ ដូច្នេះ​ជំនួស​ឱ្យការ​ក្លាហ្សេ​ឪឡឹក​ទាំងមូល​នៅក្នុង​ទូរទឹក​កក​ សូម​រក្សា​ទុក​វា​នៅ​លើ​ធ្នើរក្នុង​កម្រិត​សីតុណ្ហ​ភាព​ធម្មតា​។ ប៉ុន្ដែ​ទោះ​ជាយ៉ាង​ណា​ ប្រសិន​បើ​អ្នក​កាត់​ឪឡឹក​ជាដុំៗ ​អ្នក​អាច​គ្របវា ​ហើយ​រក្សាទុក​នៅក្នុង​ទូរទឹក​កក។​
អាហារ ៣ យ៉ាងអ្នកមិនគួរដាក់ក្លាហ្សេ

២. ប៉េង​ប៉ោះ៖​  ប៉េង​ប៉ោះ​គឺងាយ​នឹង​ទ្រោម​ពីធម្មជាតិ​ ហើយ​បាត់បង់​នូវ​រសជាតិ​ និងសោភ័ណ​ភាព ​នៅពេល​ដាក់​ក្លាហ្សេ​នៅក្នុង​ទូរទឹក​កក​។ សីតុណ្ហភាព​ត្រជាក់​អាច​បំផ្លាញ​នូវ​ភ្នាស​ត្រង់​ផ្នែក​កៀនៗ​នៃ​ផ្លែឈើ​ ដែល​ធ្វើឱ្យ​វាបាត់​បង់​នូវ​រសជាតិ​ និង​ប្រែទៅជា​ទន់ជ្រាយ​។  ម្យ៉ាង​ទៀត​ខ្យល់​ត្រជាក់​ នៃទូរទឹក​កក​បញ្ឈប់​នូវដំណើរ​ការ​ទុំនៃ​ផ្លែឈើ។​ កន្លែង​មួយដ៏​ប្រសើរ​បំផុត ​ដើម្បីរក្សា​ទុកផ្លែ​ប៉េង​ប៉ោះ​មិនទាន់​ទុំគឺ​នៅលើ​ធ្នើរ​ក្នុង​កម្រិត​សីតុណ្ហភាព​ធម្មតា​។ ដើម្បី​ឱ្យប៉េង​ប៉ោះ​ទុំលឿន​ សូម​ដាក់វា​នៅក្នុង​ថង់ក្រដាស ​ដោយ​ផ្កាប់​ទង​ចុះក្រោម​។ អ្នក​ត្រូវដឹងថា​ ប៉េង​ប៉ោះទុំ​គឺអាច​ទិញ​យក​មកពិសា​បាន​ត្រឹម​​រយៈ​ពេល​ ពីរ​ ឬបីថ្ងៃ​ប៉ុណ្ណោះ​ ដូច្នេះ​សូមទិញ​ត្រឹម​បរិមាណ ​ដែលអ្នក​ត្រូវ​ពិសា​សម្រាប់រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ​បានហើយ។​ ចំពោះ​ផ្លែប៉េង​ប៉ោះ​ទុំនេះ​ត្រូវ​រក្សាទុក​នៅក្នុង​បន្ទប់​មានសីតុណ្ហ​ភាព​ធម្មតា​ដោយ​ដាក់​ទង​បញ្ឈរ​ឡើង​លើឱ្យ​ឆ្ងាយពី​ពន្លឺព្រះអាទិត្យ​។ ប៉ុន្ដែ​ប្រសិន​បើអ្នក​មាន​ប៉េង​ប៉ោះ​ទុំជោរ ​សូម​ដាក់​វាក្លាហ្សេ​នៅក្នុង​ទូរទឹក​កករយៈ​ពេល ​ពីរ​ ទៅបីថ្ងៃ ​មុនពេល​ដែល​វាខូច​ទាំងស្រុង។​
អាហារ ៣ យ៉ាងអ្នកមិនគួរដាក់ក្លាហ្សេ

៣. ដំឡូង​បារាំង៖​ ការ​រក្សា​ទុកដំឡូង​បារាំង​នៅក្នុង​ទូរទឹក​កក ​នឹងធ្វើ​ឱ្យផ្អែម ​និង​គគ្រើម​ខុស​ពីធម្មតា​។ សីតុណ្ហ​ភាព​ត្រជាក់​នឹង​បំបែក​ចោល​នូវជាតិ​ម្សៅ​នៅក្នុង​ដំឡូង​ ជាហេតុ​បង្កើន​នូវ​បរិមាណ​ជាតិស្ករ​។ ប្រការ​នេះ​ដឹកនាំ​ទៅការ​កើន​ឡើង​កម្រិត​ខ្ពស់​នៃសារ​ធាតុគី​មីម្យ៉ាង​ឈ្មោះថា​ Acrylamide នៅ​ពេល​អ្នក​ចម្អិន​វានៅ​ក្នុង​សីតុណ្ហ​ភាព​ក្ដៅខ្លាំង​។  សារធាតុ​ Acrylamide អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​របស់​អ្នក ​និង​បង្កើន​គ្រោះ​ថ្នាក់នៃ​ជំងឺ​មហារីក។​​ នៅពេល​រក្សាទុក​វានៅ​កន្លែង​ក្ដៅ ​ហើយ​សើម ​ដំឡូង​បារាំង​នឹង​ចាប់​ផ្ដើម​ដុះពន្លក ​និង​រលួយ​ខូច​។ ដំឡូង​បារាំង​នៅល្អធ​ម្មតា ​អាច​រក្សាទុក​ឱ្យនៅ​មានគុណ​ភាព​ល្អជាច្រើន​ខែ ​នៅពេល​រក្សាទុ​នៅកន្លែង​ងឹត​ និងត្រជាក់​ដូចជា​ កន្លែង​រក្សាទុក​អាហារ​ជាដើម​។ ប្រសិន​បើដំឡូង​បារាំង​សើម​ សូម​ដាក់​វាសម្ងួត​នៅលើ​ធ្នើរ​មុន​ពេល​យក​វាទៅ​រក្សាទុក​។ សូម​ចៀស​វាង​ ការរក្សា​ទុកដំឡូង​បារាំង​នៅក្នុង​ថង់ផ្លា​ស្ទីក ​ពីព្រោះ​ការខ្វះ​នូវខ្យល់​ចេញ​ចូល​បណ្ដាល​ឱ្យវាចាប់​ផ្ដើម​ខូចឆាប់​រហ័ស​។ អ្នក​អាច​រក្សា​វាទុក​នៅក្នុង​ថង់ក្រដាស​ ដែល​អនុញ្ញាត​ឱ្យខ្យល់​ចេញ​ចូល​បានល្អ៕​
អាហារ ៣ យ៉ាងអ្នកមិនគួរដាក់ក្លាហ្សេ

អត្ថបទ៖ ដេវីដ
Source: top10homeremedies