ក្រោយ​ភ្លៀង​មេឃ​ស្រឡះ ម្តាយមីង​ឈ្នះក្តី អាណិត​ប្រគល់​ដី​ខ្លះ​ឱ្យ​ក្មួយ

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ចប់​ការ​សម្របសម្រួល​ទំនាស់​ដីធ្លី​ដ៏​រ៉ាំ​រៃ​រវាង​ម្តាយមីង និង​ក្មួយបង្កើត ដែល​មាន​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៥ តុលា ២០១៥ ទាំង​ម្តាយមីង ឪពុកមា​ជាដើម​បណ្តឹង និង​ជា​អ្នក​ឈ្នះក្តី​ រួម​ទាំងក្មួយ​ប្រុស​ដែល​ជា​ចុង​ចម្លើយ និង​ជា​អ្នក​ចាញ់ក្តី បាន​ញញឹមញញែម​ចុះ​ពី​សាលាស្រុក​បរិបូណ៌​វិញ និង​បាន​ពោល​ថា «​ចប់​ហើយ ពួក​យើង​ត្រូវ​គ្នា​វិញ​ហើយ​» ។

លោក កង ហុង មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ពពេល ស្រុក​បរិបូណ៌ ជា​គ្រូបង្រៀន​សាលា​បឋម​សិក្សា​ឃុំ​ឆ្នុ​ង​ទ្រូ ស្រុក​បរិបូណ៌ បាន​ញញឹម​ដោយ​ក្តី​សប្បាយ​រីករាយ​ថា «​រឿង​ខ្ញុំ​ចប់​ហើយ អរគុណ​ណាស់ អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​សារព័ត៌មាន ពិសេស​សារព័ត៌មាន​«កោះសន្តិភាព» ដែល​បាន​ជ្រោមជ្រែង​ឱ្យ​មាន​កិច្ច​សម្របសម្រួលរវាង​ភាគី​ទាំង​២ ។ លោក​បន្ត​ថា ក្រោយ​ពី​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​២ តុលា ២០១៥ ដែល​ស​ម្រ​ច​រឹបអូស​ដី​ទំហំ​៧​អា ៤៣​ស​ង្ទី​អា ដែល​រូប​លោក​កំពុង​រស់នៅ​សព្វថ្ងៃ​ទៅ​ឲ្យ​ម្តាយមីង ឈ្មោះ តាន់ សុខុម និង​ប្តី​ឈ្មោះ ស៊ា ឆ​យ រួច​មក លោក​បាន​ជំទាស់​មិន​ព្រម​ជា​ដាច់ខាត  ព្រោះ​លោក​បាន​មក​រស់នៅ​លើ​ដី​នេះ​តាំងពី​ឆ្នាំ​១៩៧៩ ។

ពេល​នោះ​ដែរ មាន​អាជ្ញាធរ​ស្រុក និង​អ្នក​សារព័ត៌មាន ពិសេស​ភ្នាក់ងារ​សារព័ត៌មាន​«កោះសន្តិភាព»​បាន​ទៅ​បញ្ចុះបញ្ចូល​សម្របសម្រួល ពី​ម្តាយមីង និង​ឪពុកមា ដោយ​លើក​ហេតុផល​ផ្សេង​ៗ​ ធ្វើ​ឱ្យ​ពួក​គាត់​បន្ទាន់​ឥរិយាបថ​សុខចិត្ត​ចែករំលែក​ដី​មួយ​ចំណែក​ក្នុង​ ទំហំ​ដី​ទាំងអស់​ឲ្យ​គ្រួសារ​គាត់​បាន​រស់នៅ​បន្ត​ទៀត ព្រោះ​សុទ្ធតែ​ម្តាយមីង និង​ក្មួយ គ្រាន់​តែ​មាន​លក្ខខណ្ឌ​បន្តិចបន្តួច គឺ​ឱ្យ​គាត់​ជា​កូនក្មួយ​ទៅ​អង្វរ​ម្តាយមីង​សុំ​ដី​រស់នៅ​ផង ។

ក្រោយមក​នៅ​ថ្ងៃ​ទី​៣ តុលា រូប​គាត់​បាន​ទៅ​ដល់​ផ្ទះ​ម្តាយមីង គ្រាន់តែ​ឃើញ​រូប​គាត់​ទៅ​ដល់​ភ្លាម​ទាំង​ម្តាយមីង ទាំង​គាត់​បាន​ឱប​គ្នា​យំ ព្រោះតែ​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ​ដោយសារ​តែ​រឿង​ដីធ្លី ពួក​គាត់​ទាំង​២​បាន​ក្លាយជា​សត្រូវ មិន​ដែល​រាប់រក​គ្នា​ម្តងណា​ឡើយ ។ ពេល​នោះ ម្តាយមីង​គ្រាន់តែ​ស្តីបន្ទោស​ថា អញ​ឈឺ ម៉េច​អ្ហែង​មិន​មក​មើល​អញ​ផង គាត់​គ្រាន់តែ​ឆ្លើយ​ថា អ្នក​ណា​ហ៊ាន​មក បើ​មីង​កំពុង​ខឹង​ខ្ញុំ​ហើយ ខ្ញុំ​គិត​ថា​មីង​បោះបង់​ខ្ញុំ​ចោល​ហើយ ។ ម្តាយមីង​បាន​និយាយ​ថា អញ​ឱ្យ​ដី​នៅ​ខ្លះ ហើយ​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ យើង​ទៅ​ជួប​គ្នា​នៅ​សាលាស្រុក ដើម្បី​ធ្វើ​កំណត់ហេតុ​តាម​ផ្លូវច្បាប់ ។

លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូណ៌ បាន​និយាយ​ថា ម្តាយមីង​និង​ក្មួយ​ត្រូវ​គ្នា​វិញ​ហើយ ដោយ​ម្តាយមីង យល់ព្រម​ចែក​ក្បាលដី ប្រវែង​ទទឹង​៥​ម៉ែត្រ បណ្តោយ​ទៅ​ក្រោយ តាម​ទំហំ​ដី ឱ្យ​ក្មួយ​ឈ្មោះ កង ហុង រស់នៅ​បន្ត​ទៀត ។ ក្នុង​នាម​លោក​ជា​អាជ្ញាធរ លោក​សប្បាយចិត្ត​ណាស់​បានឃើញ​ពួក​គាត់​ត្រូវ​គា្ន​វិញ មិន​ខុស​ពីក្រោយ​ពេល​ភ្លៀង មេឃ​ស្រឡះ​ឡើយ ។ ចំណែក ម្តាយមីង តាន់ សុខ​អេ​ង ក្រោយ​ពី​បាន​ប្រគល់​ដី​ឱ្យ​ក្មួយ​រស់នៅ​ហើយ បាន​ផ្តាំ​ថា សុំ​ជួយ​ថែរក្សា​ដី​ដែល​ជា​ចំណែក​នៅ​សល់​ផង ព្រោះ​ទុក​ឱ្យ​ប្អូន​ៗ​ឯង គេ​មក​សង់ផ្ទះ​រស់នៅ​ជិត​គ្នា និង​ជួយ​មើល​គ្នា​ផង ព្រោះ​ឯង​ជា​មនុស្ស​ចាស់​ត្រូវ​មើលថែ​ជំនួស​មីង​ផង មីង​កាន់តែ​ចាស់​ណាស់​ទៅ​ហើយ ។

សូម​រំឭក​ថា ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ម្តាយមីង និង​ក្មួយបង្កើត​នេះ បាន​អូស​បន្លាយ​ជាង​១០​ឆ្នាំ ប្តឹង​គ្នា​តាំងពី​សាលាដំបូង ដល់​កំពូល ទីបំផុត អ្នក​ឈ្នះ​នៅ​តែ​កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិន​បាន ហើយ​ទំនាស់​ក្តីក្តាំ​គ្នា​រវាង​ម្តាយមីង​និង​ក្មួយ​នេះ អាច​ជា​គំរូ​ដល់​មនុស្ស​ទូទៅ បើ​អាច​ចៀស​បាន គួរ​ចៀស​ឱ្យ​ឆ្ងាយ ព្រោះថា ទម្រាំ​ដឹង​ចាញ់​ឈ្នះ​ប៉ុណ្ណេះ ម្នាក់​ៗ​អស់ទ្រព្យ​សម្បត្តិ​មិន​តិច​ទេ ៕

ក្រោយ​ភ្លៀង​មេឃ​ស្រឡះ ម្តាយមីង​ឈ្នះក្តី អាណិត​ប្រគល់​ដី​ខ្លះ​ឱ្យ​ក្មួយ
ក្រោយ​ភ្លៀង​មេឃ​ស្រឡះ ម្តាយមីង​ឈ្នះក្តី អាណិត​ប្រគល់​ដី​ខ្លះ​ឱ្យ​ក្មួយ
ក្រោយ​ភ្លៀង​មេឃ​ស្រឡះ ម្តាយមីង​ឈ្នះក្តី អាណិត​ប្រគល់​ដី​ខ្លះ​ឱ្យ​ក្មួយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត