តើ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ជា​គំរូ​​ដើម្បី​ឲ្យ​កូរ៉េខាងជើង​បើកចំហ​ឬទេ?

វ៉ាស៊ីនតោន៖ ថ្មីៗនេះ នៅពេលដែល​មេដឹកនាំ​កូរ៉េខាងជើង​បាន​ទាក់ទង​ជាមួយ​ចិន រុស្ស៊ី និង​កូរ៉េខាងត្បូង​នោះ មាន​ចម្ងល់ ថា​តើ​ប្រទេស​កុ​ម្មុយ​និ​ស្ត​ដ៏​ឯកោ​មួយ​នេះ​ពិតជា​ស្វែងរក​លទ្ធភាព​ដើម្បី​បើកចំហ​ប្រទេស​របស់ខ្លួន​ទៅកាន់​ពិភពលោក​មែន ឬ​យ៉ាងណា?

បើសិនជា​ប្រទេស​កូរ៉េខាងជើង​ពិតជា​ស្វែងរក​លទ្ធភាព​ដើម្បី​បើកចំហ​ប្រទេស​របស់ខ្លួន​ពិតមែន​នោះ នោះ​ប្រទេស​ពីរ​គឺ​កម្ពុជា និង​មី​យ៉ាន់​ម៉ា ឬ​ភូមា អាច​នឹង​ផ្តល់​ជា​គម្រូ​សម្រាប់​កូរ៉េខាងជើង ដើម្បី​បញ្ចប់​ទំព័រ​ភាព​ឯកោ បញ្ចប់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ ហើយ​ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ទីផ្សារ​សេដ្ឋកិច្ច​សេរី។ ប្រទេស​ទាំងពីរ​នេះ​កំពុងតែ​ពង្រឹង​ជំហរ​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ ក្រោយពី​បាន​បិទទ្វារ​អស់​រយៈពេល​ដ៏​យូរ​ដោយសារតែ​សង្គ្រាម​ក្នុងស្រុក និង​ការគ្រប់គ្រង​បែប​ផ្តាច់ការ។ បើទោះបីជា​ប្រទេស​កូរ៉េខាងជើង​មាន​ស្ថានភាព​ខុសគ្នា​ពី​ប្រទេស​ទាំងពីរ​នេះ​ក្តី ក៏​អ្នកជំនាញ​ខាង​សន្តិសុខ និង​អ្នកវិភាគ​នយោបាយ និង​សេដ្ឋកិច្ច​យល់ថា ប្រទេសមួយ​ចំនួន​អាច​ផ្តល់​ជា​មេរៀន​គម្រូ​ដល់​ប្រទេស​កូរ៉េខាងជើង។

លោក Joseph DeTrani គឺជា​នាយក​អង្គការ​សម្ព័ន្ធ​សន្តិសុខ​ជាតិ និង​ស៊ើបការណ៍ និង​ជា​អតីត​អ្នកតំណាង​បេសកកម្ម​ពិសេស​សម្រាប់​ការចរចា៦ភាគី​ជាមួយនឹង​កូរ៉េខាងជើង បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា ឬ​ភូមា។

លោក​យល់ថា ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់«ដំណាក់កាល​ដ៏​ជូរចត់​មួយ»នៃរ​បបក​ម្មុយ​និ​ស្ត​ខ្មែរក្រហម និង​សង្គ្រាម​ក្នុងប្រទេស។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ កម្ពុ​ជាមាន​អត្រាកំណើន​សេដ្ឋកិច្ច​ប្រមាណ៧ភាគរយ​ក្នុង​មួយឆ្នាំ។ ចំណែកឯ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​ក៏បាន​ឆ្លងកាត់​បទពិសោធន៍​ស្រដៀង​គ្នា ដែល​ប្រទេស​នេះ​បាន​ស្ថិតនៅក្រោម​ការ​គ្របគ្រង​របស់​រដ្ឋាភិបាល​យោធា​ផ្តាច់ការ។ ក៏ប៉ុន្តែ​របប​យោធា​នេះ​ត្រូវបាន​រំលាយចោល​កាលពី​ឆ្នាំ២០១០ ហើយ​ការបោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​នឹង​កើតឡើង​នៅ​ខែវិច្ឆិកា​ខាងមុខនេះ។

«ខ្ញុំ​មើលទៅ​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​ដ៏​អាក្រក់ ហើយ​ឥឡូវនេះ​កំពុងតែ​ទទួលបាន​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ ហើយ​បានផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន។

ហើយ​ប្រទេស​មី​យ៉ាន់​ម៉ា​ក៏​ដូចគ្នា។ ការគ្រប់គ្រង​ដោយ​ពួកយោធា​ត្រូវបាន​លុបបំបាត់ ហើយ​ការបោះឆ្នោត​នឹងធ្វើ​ឡើង​នៅ​ខែវិច្ឆិកា​ខាងមុខនេះ។ ហើយ​ប្រទេស​នេះ​កំពុង​បើកចំហ​ដូច​កម្ពុជា​ដែរ។ ដូច្នេះ ប្រទេស​ទាំងពីរ​នេះ​គឺជា​គម្រូ​ដ៏​ល្អ»។

លោក DeTrani បាន​ឲ្យ​ដឹង​បន្ថែមទៀតថា កូរ៉េខាងជើង​បាន​ទាក់ទង​ទៅ​ចិន​ក្នុង​មួយ​រយៈពេល​កន្លងទៅនេះ តែ​ទំនាក់ទំនង​នេះ​នៅមាន​ស្ថានភាព​តានតឹង​មួយកម្រិត​ដែរ។ ក៏ប៉ុន្តែ កម្ពុជា និង​មី​យ៉ាន់​ម៉ា​មាន​ទំនាក់ទំនង​វិជ្ជមាន និង​ល្អ​គួរសម​ជាមួយនឹង​កូរ៉េខាងជើង។

«កូរ៉េខាងជើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​កម្ពុជា ហើយក៏​កំពុងតែ​ចាប់​ផ្តើមកសាង​ទំនាក់ទំនង​ការទូត​ជាមួយនឹង​ប្រទេស​មី​យ៉ាន់​ម៉ា។ ដូច្នេះ​ប្រទេស​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​ល្អជា​មួយ​កូរ៉េខាងជើង»។

កម្ពុជា​អាចជា​គម្រូ​មួយ​ដ៏​ល្អ​ក្នុងការ​សម្រេចបាន​សន្តិ​ភាព និង​ស្ថិរភាព​ក្នុងប្រទេស ក្រោម​ការគ្រប់គ្រង​តាម​លទ្ធិប្រជាធិបតេយ្យ ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​បើកចំហ​ទៅកាន់​ពិភពលោក។ នេះ​បើ​យោងតាម​លោក​ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​មួយ​នៅ​កម្ពុជា។

«ការបើក​ទូលាយ​សេដ្ឋកិច្ច និង​លទ្ធិប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​បែប​ទីផ្សារសេរី​ផង មានន័យថា យើង​មានការ​អភិវឌ្ឍ​បាន​ច្រើន»។

លោក​ចាន់ សុផល​យល់ថា ការបើកចំហ​នេះ​បានអនុញ្ញាត​ឲ្យ​កម្ពុជា​ពង្រីក​ទីផ្សារ​សេដ្ឋកិច្ច​របស់ខ្លួន​កាន់តែ​ធំ​ឡើង។

«ហើយ​យើង​ក៏បាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​ច្រក​ទៅកាន់​ទីផ្សារ​សម្រាប់​ការនាំចេញ​នូវ​ផលិតផល​នៃ​ក្រុមហ៊ុន​វិនិយោគ​ផលិត ក៏ដូចជា​ប្រជាពលរដ្ឋ​យើង​ផ្ទាល់​ជា​អ្នក​ផលិត»។

សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ ក្រោយពី​របប​យោធា​ផ្តាច់ការ​ត្រូវបាន​រំលាយចោល​កាលពី​ឆ្នាំ២០១១មក រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក Thein Sein បានធ្វើ​កំណែទម្រង់​ប្រទេស​មី​យ៉ាន់​ម៉ា​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច។

លោកស្រី Chaw Chaw Sein ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Yangon ឲ្យ​ដឹងថា កូរ៉េខាងជើង​អាច​រៀនសូត្រ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​ការបង្កើត​សម្ព័ន្ធភាព​ជាមួយនឹង​ប្រទេស​មហាអំណាច។

«កូរ៉េខាងជើង​គួរតែ​រៀនសូត្រ​ពី​យើង ដែល​យើង​បាន​បង្កើត​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​ប្រាស្រ័យ​ទាក់ទង​ជាប្រចាំ​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​សហគមន៍​អន្តរជាតិ។ ហើយ​ការផ្លាស់ប្តូរ​ទៅ​គោរព​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​គឺ​កើតចេញពី​ថ្នាក់លើ មិនមែន​ពី​អំណាច​ប្រជាពលរដ្ឋ​ទេ»។

ក៏ប៉ុន្តែ រាល់​ការផ្លាស់ប្តូរ​របស់​ប្រទេសនីមួយៗមិនអាច​កើតឡើង​បានទេ បើ​គ្មាន​ឆន្ទៈ​នយោបាយ​ពី​មេដឹកនាំ​របស់​ប្រទេស​នោះ។ នេះ​បើ​យោងតាម​លោក​ឈាង វណ្ណា​រិ​ទ្ធ សាស្ត្រាចារ្យ​ខាង​ការសិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​សាកលវិទ្យាល័យ Leeds ចក្រភព​អង់គ្លេស។

«តួនាទី​របស់​សហគម​ន៍​អន្តរជាតិ​គឺ​សំខាន់ ក៏ប៉ុន្តែ​វា​ផ្តើមចេញពី​ឆន្ទៈ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​ដែរ។ បើ​លោក Thein Sein មិនមាន​ឆន្ទៈ​នយោបាយ​ក្នុងការ​បើកចំហ និង​កំណែទម្រង់ ក៏​វា​មិន​ទៅរួច​ដែរ»។

ក៏ប៉ុន្តែ លោក​យល់ថា ឆន្ទៈ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ក្នុងការ​ផ្លាស់ប្តូរ ដូចជា​នៅ​ស្រពិចស្រពិល​នៅឡើយ បើទោះបី​ជាមាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​យ៉ាងណាក្តី។

«បើ​យើង​ក្រឡេកមើល​បរិបទ​នៅ​កូរ៉េខាងជើង​វិញ សូម្បី​តែមាន​សម្ពាធ​ពី​បរទេស សហគមន៍​អន្តរជាតិ អង្គការសហប្រជាជាតិ និង​ប្រទេស​នៅក្នុង​តំបន់​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​បើ​ថ្នាក់ដឹកនាំ​មិនមាន​ឆន្ទៈ​នយោបាយ​ទេ នោះ​វា​ពិបាក​នឹង​ទៅរួច»។

ចាប់តាំងពី​ឆ្នាំ២០០៥មក សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ចិន និង​រុស្ស៊ី​មិន​ចង់​ឲ្យ​កូរ៉េខាងជើង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ ដោយបាន​បង្កើត​កិច្ចចរចា៦ភាគី​ស្តី​កម្មវិធី​នុយក្លេអ៊ែរ​បស់​ប្រទេស​កុ​ម្មុយ​និ​ស្ត​នេះ។

ក៏ប៉ុន្តែ លោក DeTrani បាន​ឲ្យ​ដឹងថា ការចរចា​ជា​បន្តបន្ទាប់​មិន​ទទួលបាន​លទ្ធផល​អ្វី​ទេ ចាប់តាំងពី​ឆ្នាំ២០០៨មក។ ទោះបីជា​យ៉ាងណាក្តី សហរដ្ឋអាមេរិក​នៅតែ​យកចិត្តទុកដាក់​ក្នុងការ​ចាប់ផ្តើម​ការចរចា​សារជាថ្មី​ម្តងទៀត​ជាមួយនឹង​កូរ៉េខាងជើង។ លោក​យល់ថា កូរ៉េខាងត្បូង​អាច​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្សះផ្សា​ជាមួយនឹង​កូរ៉េខាងជើង។

«ខ្ញុំ​យល់ថា កូរ៉េខាងត្បូង​ចង់​ផ្សះផ្សា​ជាមួយនឹង​កូរ៉េខាងជើង ហើយ​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​កំពុង​រង់ចាំ​ការចង់​សម្ព័ន្ធភាព​ជាមួយ​នឹង​ប្រជាពលរដ្ឋ​របស់​កូរ៉េខាងជើង»។

ទាក់ទង​នឹង​ការផ្សះផ្សា​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​នេះ លោក​ឈាង វណ្ណា​រិ​ទ្ធ យល់ថា លោកស្រី Park Geun-hye ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ។

«យើង​ឃើញថា គោលនយោបាយ​របស់លោក​ស្រី Pak Geun-hye គឺមាន​គោលនយោបាយ​ដើម្បី​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ បើ​ប្រៀបធៀប​នឹង​ថ្នាក់ដឹកនាំមុន»។

ក៏ប៉ុន្តែ បើ​ប្រៀបធៀប​ឥទ្ធិពល​ចិន និង​សហរដ្ឋអាមេរិក​មកលើ​កូរ៉េខាងជើង​វិញ លោក​ជឿថា កូរ៉េខាងជើង​អាច​ទទួលយក​ការចរចា​ពី​ចិន​ជាជាង​ពី​សហរដ្ឋអាមេរិក។

«ខ្ញុំ​គិតថា និយាយ​ឲ្យ​ចំ​ទៅ បើ​អាមេរិក​និយាយ​ទៅ កូរ៉េខាងជើង​មិន​ស្តាប់​ទេ ពីព្រោះ​វា​មិនមាន​ជំនឿ​ទុកចិត្ត​គ្នា។ យើង​ឃើញថា ប្រទេស​ចិន​ក៏​កំពុង​ដាក់​សម្ពាធខ្លះ។ វា​មិន​ច្រើន​ទេ គឺថា សម្ពាធ​នៅមានកម្រិត​មួយ ទៅដល់​កូរ៉េខាងជើង​ដែរ ដើម្បី​កុំ​ឲ្យ​កូរ៉េខាងជើង​ហ្នឹង​មាន​អាវុធ​នុយក្លេអ៊ែរ​ជាដើម»។

ថ្មីៗនេះ លោក Kim Jong Un មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង បាន​ទាក់ទង​ប្រទេស​ចិន រុស្ស៊ី អឺរ៉ុប និង​សមាគម​អាស៊ាន។ ហើយ​ចាប់តាំងពី​ខែឧសភា ឆ្នាំ២០១៤មក រដ្ឋាភិបាល​ក្រុង​ព្យុង​យាំង​បាន​អនុវត្ត​កំណែទម្រង់សេដ្ឋកិច្ច ដោយ​អនុញ្ញាត​ឲ្យ​កសិករ​មាន​សិទ្ធិ​រក្សាទុក​ទិន្នផល​ស្រូវ​របស់ខ្លួន ហើយ​និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម។

លោក DeTrani យល់ថា មេដឹកនាំ​កូរ៉េខាងជើង​កំពុង​ស្វែងយល់​ពី​សារៈសំខាន់​នៃ​ការបើកចំហ​ទីផ្សារ​សេដ្ឋកិច្ច​របស់ខ្លួន។

«លោក Kim Jong Un កំពុងតែ​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច បង្កើត​តំបន់​សេដ្ឋកិច្ច ហើយ​ក៏បាន​ទាក់ទង​ទៅ​ចិនជារឿយៗ និង​ទៅខាង​អឺរ៉ុប និង​អាស៊ាន​ផងដែរ»។

បើទោះបីជា​យ៉ាងណាក្តី ក៏​កូរ៉េខាងជើង​ទំនងជា​នឹងមិន​បោះបង់ចោល​គម្រោង​អាវុធ​នុយក្លេអ៊ែ​របស់ខ្លួន​ទេ ហើយ​លោក DeTrani យល់ថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន​មិន​ទទួលយក​បានទេ ហើយ​ចិន និង​រុស្ស៊ី​ក៏​ទំនងជា​មិនអាច​ទទួលយក​ដែរ៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម