ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨​វិច្ឆិកា បើកសវនាការ​លើ​សំណុំរឿង ០០២ វគ្គ​១ នៅ​សាលាក្តី​ខ្មែរក្រហម​

ភ្នំពេញ: ​អង្គជំនុំជម្រះ​តុលាការ​កំពូល របស់​សាលាក្តី​ចម្រុះ​កាត់ទោស​អតីត​ខ្មែរក្រហម បានសម្រេច​កាលបរិច្ឆេទ បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ក្នុង​សំណុំរឿង ០០២ វគ្គ​១ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ ទី​១៦ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ នេះ​បើតាម​សេចក្តីប្រកាស ដែល​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥​។​

​សេចក្តីជូនដំណឹង​អំពី​កាលបរិច្ឆេទ​នៃ​សវនាការ​លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​០០២ វគ្គ​១ ដែល​ក្រឡាបញ្ជី​នៃ​អង្គជំនុំជម្រះ​តុលាការ​កំពូល បានធ្វើ​ឡើង កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ បាន​បង្ហាញថា សវនាកា​រណាម​យ​យ ក្នុងការ​ស្តាប់​សាក្សី​បន្ថែម អាច​នឹង​ធ្វើឡើង មុនពេល​សវនាការ​លើ​បណ្តឹងសាទុក្ខ​នេះ​។ ដីកា​កំណត់​កាលបរិច្ឆេទ​សវនាការ រួមទាំង​ការផ្តល់​ពេលវេលា និង​បញ្ហា​សម្រាប់​ការពិភាក្សា នឹង​ចេញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សូម​រម្លឹកថា សំណុំរឿង ០០២/០១ ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បើកសវនាការ​ជំនុំជម្រះ ដំណាក់កាល​ទីមួយ (​សំណុំរឿង ០០២/០១) ចាប់ផ្តើម នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០១១ ដោយ​ផ្តោត​ជា​ចម្បង​ទៅលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ទាក់ទង​នឹង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ និង​ក្រោយមកទៀត ចេញពី​តំបន់​ផ្សេងៗ (​ដំណាក់កាល​ទីមួយ និង​ទី​ពីរ​) និង​ការសម្លាប់​ទាហាន លន់ នល់ នៅ​ទីតាំង​សម្លាប់​មនុស្ស​ទួល​ពោធិ៍​ជ្រៃ បន្ទាប់ពី​ខ្មែរក្រហម​ឡើងកាន់​អំណាច​ភ្លាមៗ ក្នុង​ឆ្នាំ​១៩៧៥​។ អង្គជំនុំជម្រះ​សាលាដំបូង ក៏​ពិចារណា​ទៅលើ​តួនាទី​របស់​ជនជាប់ចោទ​ទាក់ទិន​នឹង​គោលនយោបាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ទាំងអស់ ដែល​នឹង​ផ្តល់​ជា​មូលដ្ឋាន​សម្រាប់​ការពិនិត្យ​ទៅលើ​បទ​ចោទ​សេសសល់​ទាំងអស់ នៅក្នុង​សវនាការ​នាពេលខាងមុខ​។

​សវនាការ​សួរដេញដោល​លើ​ភស្តុតាង ក្នុង​សំណុំរឿង ០០២/០១ ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៣ ហើយ​សេចក្តីសន្និដ្ឋាន​បញ្ចប់​ការពិភាក្សា​ដេញដោល ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣​។ សាលក្រម​សាលាដំបូង ត្រូវបាន​ប្រកាស នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤​។ នួន ជា និង ខៀវ សំផន ត្រូវបាន​តុលាការ រកឃើញថា មាន​ពិរុទ្ធភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ហើយ​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។ ជនជាប់ចោទ​ទាំងពីរ បាន​ប្តឹង​សាទុក្ខ​ប្រឆាំងនឹង​សាលក្រម​នេះ​៕​