ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ​៖ អង្គរក្ស ត្រូវ​ស្មោះត្រង់ និង​មាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ការពារ​ថ្នាក់ដឹកនាំ​

កំពង់ស្ពឺ: ប្រធាន​នាយកដ្ឋានអង្គរក្ស លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ បាន​ថ្លែងថា នគរបាល​អង្គរក្ស ត្រូវតែមាន​ភាពស្មោះត្រង់ និង​មាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ការពារ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ជាតិ​-​អន្តរជាតិ ហើយ​បើ​អង្គរក្ស គ្មាន​ភាពស្មោះត្រង់​នោះ ថ្នាក់ដឹកនាំ ពិតជា​មិន​យកទៅ​ការពារ​សុវត្ថិភាព​ទេ​។​

​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ជំនាញ ការពារ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៅ​សាលា​នគរបាលជាតិ មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច នា​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស មានប្រសាសន៍ថាៈ "​នគរបាល​អង្គរក្ស ត្រូវតែ​យល់​ពី​តួនាទី​ភារកិច្ច​របស់ខ្លួន ឲ្យ​បាន​ច្បាស់ ព្រោះថា ថ្នាក់ដឹកនាំ​មាន​សុខ​សុវត្ថិភាព ក៏​ដោយសារ​អង្គរក្ស មាន​គ្រោះថ្នាក់ ក៏​ដោយសារ​អង្គរក្ស ដូច្នេះហើយ​ទាមទារ​ឲ្យ​អង្គរក្ស ត្រូវតែមាន​ភាពស្មោះត្រង់ និង​មាន​ជំនាញ​ច្បាស់លាស់ ក្នុងការ​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​"​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ បាន​បន្តថា តួនាទី​របស់​អង្គរក្ស មិនមែន​ការពារ​ខ្លួនឯង​នោះទេ គឺ​អង្គរក្ស​មាន​ភារ​កិច្ចកា​រពារ​សុខ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ហើយ​បើ​អង្គរក្ស គ្មាន​ភាពស្មោះត្រង់​នោះ ថ្នាក់ដឹកនាំ​ពិតជា មិន​យកទៅ​ការពារ​សុវត្ថិភាព​ទេ តែបើ​អង្គរក្ស​មាន​ភាពស្មោះត្រង់ និង​មាន​ជំនាញ​ច្បាស់លាស់​នោះ ពិតជា​ទទួល​បានការ​ជឿជាក់ និង​ឲ្យ​តម្លៃ​ពី​ថ្នាក់ដឹកនាំ ដូច្នេះហើយ​យើង​ត្រូវតែមាន​មោទនភាព​ចំពោះ​ខ្លួនឯង​។​

​លោក​អគ្គ​ស្នងការរង​នគរបាលជាតិ បន្តទៀតថា មន្ត្រីនគរបាល​ជំនាន់​ថ្មី​នេះ ពេល​ត្រឡប់​ទៅ​បម្រើ​ភារកិច្ច​ជូន​អង្គភាព សូម​ឲ្យ​ប្អូនៗ​ខិតខំ​សិក្សា​ស្វែងយល់​ពី​ការងារ​ជាក់ស្តែង និង​បន្ត​ការហ្វឹកហាត់​ជំនាញ​បន្ថែមទៀត ពិសេស​ត្រូវគោរព​វិន័យ សីលធម៌ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព ក៏ដូចជា​មជ្ឈដ្ឋាន​ខាង​ក្រៅ​ឲ្យ​បានល្អ​។​

​សូមបញ្ជាក់​ផងដែរ​ថា សាលា​នគរបាលជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម បានទទួល​បើក​វគ្គប​ណ្តុះ​បណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​បេក្ខជន​ជ្រើសរើស​ថ្មី ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ឆ្នាំ​២០១៤ ចំនួន ៣​វគ្គ សរុប​ចំនួន ២៩៩​នាក់ មកពី​អង្គភាព​អន្តរាគមន៍ ១៩៩​នាក់ និង​អង្គភាព​តម្រួត​បទបញ្ជា​ចំនួន ១០០​នាក់​។ ដោយឡែក​វគ្គ​ទី​៤ ដែល​ប្រារព្ធ​ពិធី​បិទ​វគ្គ​នាឱកាស​នេះ មាន​រយៈពេល​៣​ខែ និង​មាន​កម្មសិក្សាការី​ចូល​សិក្សា​ចំនួន ៩០​នាក់ ស្រី ១៦​នាក់ ដែល​មកពី​នាយកដ្ឋាន​អង្គរក្ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៕V/S