ក្រុម​ហ៊ុន​អាកាសចរណ៍ ​បាសសាកា​ អ៊ែរ ​នឹង​ប្រគល់​ប្រាក់​​ជូន​អ្នក​ដំណើរ​ពិការ​វិញ​

​ក្រុម​ហ៊ុន​អាកាសចរណ៍​ ​បាសសាកា​ អែ៊រ (Bassaka Air) ​​​បាន​លើក​ឡើង​​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​​ប្រគល់​​​ប្រាក់​​ចំនួន​២៤០​ដុល្លារ​វិញ​ដែល​ខ្លួន​បាន​​​គិត​ថ្លៃ​ពី​ជន​ពិការ​​អង្គុយ​លើ​រទេះ​រុញ​​​ម្នាក់​ដែល​​​ត្រូវ​​ប្រើ​ជណ្ដើរ​យន្ត​​ស្ទូច​​ឡើង​​ជើង​ហោះ​ហើរ​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប​កាលពី​ខែ​កញ្ញា។

សេចក្ដី​ថ្លែងការណ៍​នេះ​បញ្ជាក់​ថា អ្នក​ដំណើរ​រូប​នោះ​​​ត្រូវ​បាន​​គិត​ថ្លៃ​សេវា​​ប្រើ​ប្រាស់​​ជណ្ដើរ​យន្ត​​ដោយ​សារ​ការ​ទំនាក់​ទំនង​​គ្នា​មិន​ច្បាស់​លាស់​រវាង​ក្រុមហ៊ុន​អាកាស ចរណ៍​មួយ​នេះ​ និង​ក្រុ​មហ៊ុន​សេវា​គ្រប់គ្រង​​អាកាសយានដ្ឋាន​កម្ពុជា​​ (CAMS) ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​សេវា​​ “​ជណ្ដើរ​យន្ត​ស្ទូច​”។

សេចក្ដី​ថ្លែងការណ៍​ដដែល​​មាន​ខ្លឹមសារ​​ដូច្នេះ​ថា ”ឧប្បត្តិហេតុ​នេះ​​​កើត​ឡើង​ដោយ សារ​​ការ​ទំនាក់​ទំនង​​ និង​ការ​​​ជូន​ដំណឹង​​​គ្នា​រវាង​ក្រុម​ហ៊ុន​ទាំង​ពីរ​​មិន​​រលូន​។ក្រុម​ហ៊ុន បាសសាកា អែ៊រ ​និង​ពង្រឹង​​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ចំពោះ​ការ​ផ្ដល់​សេវា​ល្អ​បំផុត​​ដល់​ជន​ពិការ​ ហើយ​នឹង​​​លើក​លែង​ការ​​គិត​ថ្លៃ​​សេវា​​បន្ថែម​ពី​ពួកគេ​​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។

កាល​​​ពីថ្ងៃទី​​​១៩ ខែ​​​កញ្ញា លោកស្រី Rahma Elsiddig Gasm ជា​​​មន្ត្រី​​​ជន​​​ជាតិ​​​ស៊ូដង់​​​ម្នាក់​​​មក​​​ពី​​​អង្គការ​​​សកម្មភាព​​​ជន​​​ពិការ​​​ និង​​​ការ​​​អភិវឌ្ឍន៍​​​អន្តរជាតិ​​​ (ADD) បាន​​​សុំ​​​ជំនួយ​​​ដើម្បីធ្វើដំណើរ​តាម​ជើង​ហោះ​ហើរ​​​របស់​​​ក្រុមហ៊ុន​​​កាសចរណ៍ បាស​​​សាកា អ៊ែរ ពី​​​ខេត្ត​​​សៀម​​​រាប​​​មក​​​រាជធានីភ្នំពេញ​​​។ បុគ្គលិក​​​បាន​​​គិត​​​ថ្លៃ​​​ពី​​​​​​លោក​​​ស្រី​​​ Rahma Elsiddig Gasm ​ពីព្រោះ​​​​​​​​​​​​​​​​​លោក​​​ស្រី​​​មិន​​​បាន​​​ប្រាប់​​​ពួក​​​គេ​​​ជា​​​មុន​​​ថា លោក​​​ស្រី​​​នឹង​​​ត្រូវ​​​ប្រើ​​​សេវាកម្ម​​​ជណ្តើរ​​​យន្ត​​​ស្ទូច​នេះ។

លោក ឯម ចាន់​​​មករា អគ្គលេខាធិការ​​​ក្រុម​​​ប្រឹក្សា​​​សកម្ម​​​ភាព​​​ជន​​​ពិការ​​​ដែល​​​បាន​​​ផ្ញើ​​​លិខិត​​​មួ​យ​​​ច្បាប់​​​ទៅ​​​ CAMS សុំឲ្យ​​​​​​ក្រុមហ៊ុន​​​​​​នេះ​​​បញ្ជាក់​​​ពី​​​គោល​​ការ​ណ៍របស់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥​​​ខែ​​​កញ្ញា បាន​​​លើក​​​ឡើង​​​ថា មាន​​​ការ​​​យល់​​​ ច្រឡំ​​​ទាក់​​ទិន​​​កិច្ច​​​សន្យា​​​រវាង​​​ក្រុម​​​ហ៊ុន CAMS និង ក្រុមហ៊ុន​អាកាស​ចរណ៍ បាស​​​សាកា ​​​អ៊ែរ។

ពី​​​មុន​​​ក្រុម​​​ហ៊ុន​​​អាកាស​​​ចរណ៍​​​នេះ​​គិត​​​ថ្លៃ​​​សម្រាប់​​​សេវាកម្ម​​​ជណ្តើរ​​​យន្ត​​​ស្ទួច​​​នេះ​​​ ប៉ុន្តែ  ឲឡូវ​​​​​​ ក្រុមហ៊ុន​ CAMS​​​បាន​​​លុប​​​ចោលវិញ​​​​​​ហើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “បាស​​​សាកា អ៊ែរ មិន​​​ទទួល​​​បាន​​​គោល​ការណ៍​​​ថ្មី​​​នេះ​ទេ ដូច្នេះ​​​ការ​​​ពន្យល់​​​របស់​​​ខ្លួន​​ទៅកាន់ [​​​លោកស្រី Elsiddig Gasm] ធ្វើ​​​ឡើង​​​ដោយ​​​មិន​​​បាន​ដឹង​​​​​​ពី​​​គោល​​​ការណ៍​​​ថ្មី​​​នេះ​​​”។

លោក ខែក ណូរិនដា ប្រធាន​​​ទំនាក់​​​ទំនង​​​សាធារណៈនៅក្រុមហ៊ុន​​​​ CAMS បាន​​​ថ្លែង​​​ថា បុគ្គលិក​បាស​​​សាកា​​​ អ៊ែរ បាន​​ដឹង​ពី​គោល​​​ការណ៍​​​ថ្មីនេះ​ ប៉ុន្តែ មាន​​​ការ​​​យល់​​​ច្រឡំ។

លោកបាន​​​ថ្លែង​​​ថា ”ឧប្បត្តិហេតុ​​​នេះ​​​គឺ​ដោយសារ​​​ការ​​​បក​​​ស្រាយ​​​មិន​​​បាន​​​ត្រឹម​​​ត្រូវ​​​ពី​​​គោលការណ៍​​​ថ្មី​​​ទាក់​​​ទង​​​ការ​​​ប្រើ​​​សេវាកម្ម​​​ជណ្តើរ​​​យន្ត​​​ស្ទួច​​​សម្រាប់​​​អ្នក​​​ដំណើរ​​​ដែល​​​ជា​​​ជន​​​ពិការ”។

នៅ​​​ក្នុង​​​សេចក្តីថ្លែងការណ៍​​​របស់​​​ខ្លួន​​​​​​ក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​នេះ​​​​​​ បាន​​លើកឡើង​​​​ថា ខ្លួន​​​នឹង​​​ប្រគល់​​​ប្រាក់​​​ជូន​​​លោក​​​ស្រី  Elsiddig Gasm សម្រាប់​​​ការ​គិត​ថ្លៃ​​​សេវា​​​នេះ​​​តាម​​​រយៈ​​​ ADD អន្តរជាតិ​”៕ សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Meghan Tribe)

 

The post ក្រុម​ហ៊ុន​អាកាសចរណ៍ ​បាសសាកា​ អ៊ែរ ​នឹង​ប្រគល់​ប្រាក់​​ជូន​អ្នក​ដំណើរ​ពិការ​វិញ​ appeared first on ខេមបូឌា ដេលី.