សម្តេចចៅហ្វា​វាំង គង់ សំ​អុល ​ចូលរួម​ពិធី​បុណ្យ​​កាន់បិណ្ឌ​វេនទី​៩ ​នៅ​វត្ត​៣​ក្នុងស្រុក​បរិបូណ៌

ខេត្តកំពង់ឆ្នាំង​ ៖ ​ក្នុង​ថ្ងៃ​​បុណ្យ​កាន់បិណ្ឌ​វេន​ទី​៩ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណីខ្មែរ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ​តុលា ​​២០១៥ សម្តេចចៅហ្វា​វាំង គង់  សំ​អុល ឧបនាយករដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​​ក្រសួងព្រះបរមរាជវាំង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី លោក គុយ សុផល ទេស​រដ្ឋមន្ត្រី ​​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​ក្រសួងព្រះបរមរាជវាំង​ ​លោក សៀត គឹ​ម​លៀង អភិបាលរង​ខេត្ត ព្រមទាំង​លោក លោកស្រី ប្រតិភូ​ព្រះ​បរមរាជវាំង​ ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរដែនដី​ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ចូលរួម​យ៉ាងច្រើន​កុះករ​ ​ក្នុង​ពិធី​កាន់បិណ្ឌ​វេនទី​៩ នៅ​​វត្ត​ចំនួន​៣​ ​មាន​ វត្ត​ក្បាលដំរី  វត្ត​ពន្លៃ និង​វត្ត​ក្រោល​ជី ក្នុងស្រុកបរិបូរ​ណ៏ ។

ពិធីបុណ្យកាន់បិណ្ឌ​នេះ បាន​ប្រារព្ធ​ធ្វើ​ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​មានការថ្វាយ​នូវ​គ្រឿង​សក្ការៈបូជា​ចំពោះ​ព្រះ​ពុទ្ធរូប ព្រះសម្មាសម្ពុទ្ធ​ ព្រះ​បរម​គ្រួ​នៃ យើង និង​បាន​ប្រារព្ធ​នូវបទនមស្ការ​ព្រះ​រតនត្រ័យថ្វាយបង្គំ​ព្រះ សមាទានសីល ដើម្បី​គោរពរំឭក​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យកែវ​ទាំង​បី មាន​ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ព្រមទាំង​បាន​និមន្ត​ព្រះសង្ឃស្វាធ្យាយ​ជ័យ​ន្តោ​ចម្រើនព្រះ​បរិត្ត ពុទ្ធ​ពរ​ជ័យ​មង្គលជូន​ចំពោះសម្តេចចៅហ្វា​វាំង គង់ សំ​អុល ​ព្រមទាំង​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់ ថ្នាក់ នៃ​ក្រសួងព្រះបរមរាជវាំង ថ្នាក់​ដឹក​នាំ​ខេត្ត​ ​អាជ្ញាធរ​ស្រុក​បរិបូណ៌ និងពុទ្ធបរិស័ទ​ចំណុះ​ជើងវត្តទាំងអស់ សូម​បាន​ជួប​ប្រទះ​តែ​ព្រះពុទ្ធ​ពរ​ទាំង​៤​ប្រការ និងសុំ​តែ​សេចក្តី​សុខ ​សេចក្តីចម្រើន និងសុភមង្គល​គ្រប់​ក្រុម​គ្រួសារ ​។

​នៅ​ក្នុងឱកាស​នេះ​ដែរ សម្តេចចៅហ្វា​វាំង គង់ សំ​អុល ព្រមទាំង​ថ្នាក់ដឹកនាំ​​ បាន​ប្រ​គេ​ន​ចង្ហាន់ បរិក្ខា និង​បច្ច័យ​ដល់​ព្រះ​​សង្ឃវត្ត​ទាំង​៣ ​ចំនួន​៣៩​អង្គ  ក្នុង​១អង្គ​ៗ​ចង្ហាន់​១​ស្រាក់​ ​ទេយ្យទាន​១​កញ្ចប់​ បច្ច័យ​៥​ម៉ឺន​រៀល ព្រះ​ចៅអធិការ​៣​អង្គ ក្នុង​១​អង្គ​ៗ​ចង្ហាន់​១​ស្រាក់  ​ទេយ្យទាន​១​កញ្ចប់​បច្ច័យ​១០​ម៉ឺន​រៀល  ​។ ប្រគេន​ក្នុង​មួយ​វត្ត​ៗ​ទទួល​បាន​អង្ករ​១០០​គីឡូក្រាម​ ទឹកក្រូច៥​កេស​ មី​៥​កេស​ ​ទឹកបរិសុទ្ធ​៥​កេស​ ត្រី​​ខ២៤​កំប៉ុង​ និង​បច្ច័យ​១​លាន​រៀល ​សម្រាប់​​កសាង​សមិទ្ធផលនានាក្នុង​វត្ត​ផង​ដែរ ​។ ជូន​យាយជី តាជី និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ចំនួន​៦៧៧​នាក់ ​ក្នុង​ម្នាក់​ៗ​ទទួល បាន​​ប្រាក់​​៥​ពាន់​រៀល​ និង​កុមារ​តូច​ៗ​ចំនួន​១.០១០​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ស្ករ​គ្រាប់​ និង​​ប្រាក់​​១​ពាន់​រៀល​ផង​ដែរ ៕