គ្រាប់​មហា​ប្រល័យ​បន្សល់​ពី​សម័យ​សង្គ្រាម​ឆ្នាំ​70

គ្រាប់​មហា​ប្រល័យ​បន្សល់​ពី​សម័យ​សង្គ្រាម​ឆ្នាំ​70

ខេត្តកណ្តាល ៖ គ្រាប់បែក​ធុន​មហា​ប្រល័យ​មួយ​របស់​អា​មេ​រិ​ក ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​កប់​នៅ​ក្នុង​ដី​មាន​ទម្ងន់​៧៥០​គី​ ទ្បូ​ក្រាម ត្រូវ​បាន​មន្ត្រី​អង្គការ​ស៊ី​ម៉ាក់ និង​នគរបាល​គាស់​យក​ពី​ក្នុង​ដី កាលពី​រសៀល​ថ្ងៃទី​៥ តុលា នៅ​ចំណុច​ជំរុំ​ត្នោត​ជិត​អាស្រម​អ្នកតា​ក្របៅ​ជុំ ខាងក្រោយ​ភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ដោយ​សុវត្ថិភាព ។

គ្រាប់នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ព្រែក​ចារ​ប្រទះ​ឃើញ ហើយ​បាន​រាយការណ៍​ដល់​នគរបាល​មូលដ្ឋាន និង​បាន​ទាក់ទង​ទៅ​អង្គការ​ស៊ី​ម៉ាក់ ដើម្បី​គាស់​យក​ចេញពី​មូលដ្ឋាន ព្រោះ​ជា​គ្រាប់​មិន​ទាន់​ផ្ទុះ ។ មន្ត្រីនគរបាល​ស្រុក​ល្វាឯម​បានឱ្យ​ដឹង​ថា យើង​និង​មន្ត្រី​ជំនាញ​អង្គការ​ស៊ី​ម៉ាក់​បាន​គាស់​យក​គ្រាប់​មិន​ទាន់​ ផ្ទុះ​នេះ ពី​ក្នុង​ដី​កាលពី​រសៀល​ថ្ងៃ​ទី​៥ តុលា ។ គ្រាប់​នេះ​ជា​ប្រភេទ​គ្រាប់ M17 មាន​ប្រវែង​១,៣​ម៉ែត្រ ទម្ងន់​៧៥០​គី​ទ្បូ​ក្រាម ជា​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ B52 មិន​ទាន់​ផ្ទុះ និង​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​ក្នុង​ទស​វត្ស​ទី​៧០ ។

តាមប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ស្រុក​ល្វាឯម បានឱ្យ​ដឹង​ថា នៅ​ភូមិ​ស្រា​ស្ត​ស្រុក​ល្វាឯម​នេះ​សំបូរ​គ្រាប់​មិន​ទាន់​ផ្ទុះ ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម ដោយ​កប់​នៅ​រាយ​ប៉ាយ​ក្នុង​ដី ។ កន្លង​មក​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ញឹក ញាប់​ណាស់ នឹង​ត្រូវ​បាន​រាយការណ៍​ដល់​អង្គការ​ស៊ី​ម៉ាក់​គាស់​យក​ចេញ​ជា​បន្តបន្ទាប់ ។

កាលពី​សម័យ​សង្គ្រាម​ដើម​ទស​វត្ស​៧០​ក្នុង​អំ​ទ្បុ​ង​ឆ្នាំ​១៩៧០ ដល់​១៩៧៥ នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ជា​សមរភូមិ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា ហើយ​ក៏​រង​ការ​ទម្លាក់​គ្រាប់​ពីលើ​យន្តហោះ​បេ​៥២​ស្ទើរ​សុះដី ដែល​បន្សល់​ទុក​រណ្តៅ​គ្រាប់​ធំ​ៗ​ជា​ច្រើន​កន្លែង​និង​បន្សល់​ទុក​គ្រាប់​ មិន​ទាន់​ផ្ទុះ​ក៏​ច្រើន​ផង​ដែរ​កប់​ក្នុង​ដី​ខ្លះ​រាក់​ខ្លះ​ជ្រៅ ៕

ផ្តល់​សិទ្ធ​ដោយ ៖ កោះសន្តិភាព