ពលរដ្ឋក្រីក្រ ៥០០នាក់​ទទួល​បាន​ការព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ពីក្រសួង​សុខាភិបាល និង​មន្ទីរ​ពេទ្យជោរ៉ៃ

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រចំនួន ៥០០នាក់ មកពីខេត្តព្រៃវែង ទទួលបានសេវាការព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រសួងសុខាភិបាល និងមន្ទីរពេទ្យជោរ៉ៃភ្នំពេញ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០១៥នេះ។

ថ្លែងក្នុងឱកាស បើកឲ្យដំណើរការកម្មវិធីផ្តល់ការព្យាបាលជំងឺ ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រទាំង ៥០០នាក់ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នាមន្ទីរពេទ្យជោរ៉ៃភ្នំពេញ អគ្គនាយកមន្ទីរពេទ្យជោរ៉ៃភ្នំពេញ លោក Nguyen Hoang Nam បានលើកឡើងថា ការផ្តល់វេសាឥតថ្លៃនេះ គឺក្រសួង និងមន្ទីរពេទ្យជួយពិនិត្យពួកគាត់ទៅលើជំងឺមួយចំនួន មានការពិនិត្យបេះដូង, តម្រងទឹកនោម, ទឹកនោមផ្អែម, បាក់ដៃ បាក់ជើង ដោយយើងពិនិត្យតាមម៉ាស៊ីអេកូ និងឧបករណ៍ផ្សេងៗទៀត និងថែមទាំងជួយព្យាបាលបកភ្នែករបស់ពួកគាត់ជាង ១០០នាក់ផងដែរ។

លោកអគ្គនាយក បានបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះមន្ទីរពេទ្យ ក៏ធ្លាប់បានធ្វើចំនួន ៣ដងរួចមកហើយ ដោយលើកទី១. ក្នុងអំឡុងពេលដែលមន្ទីរពេទ្យជោរ៉ៃកំពុងសាងសង់អគារ ដោយជួយពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋបានប្រហែលជាង ២ពាន់នាក់, លើកទី២. ជាមួយកាកបាទក្រហមកម្ពុជា ចំនួន ៥០០នាក់ និងលើកទី៣. ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ៥០០នាក់ ផងដែរ។
 លោកស្រី តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នេះ ពិតជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងធ្វើបច្ចុប្បន្ននេះ។

លោកស្រីថា “ការចូលរួមរបស់វិស័យឯកជននេះ គឺមានគោលបំណងលើកស្ទួយសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី កុមារ យុវវ័យ និងជនចាស់ជរា សំដៅក្នុងការចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជាស្របតាមយុទ្ធសាស្ត្រជាតិ”។

លោក Nguyen Hoang Nam បានបញ្ជាក់ថា នៅឆ្នាំ២០១៦ខាងមុខនេះ មន្ទីរពេទ្យជោរ៉ៃភ្នំពេញ នៅតែបន្តធ្វើសកម្មភាពមនុស្សធម៌ បែបនេះទៀតដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជា៕

ពលរដ្ឋក្រីក្រ ៥០០នាក់​ទទួល​បាន​ការព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ពីក្រសួង​សុខាភិបាល និង​មន្ទីរ​ពេទ្យជោរ៉ៃ