ក្រុមហ៊ុន Smart និងក្លឹបភ្នំពេញក្រោន ប្រកាសពីភាពជាដៃគូផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូផ្លូវការរយៈពេល៣ឆ្នាំ ជាមួយក្លឹប បាល់ទាត់លំដាប់លីកកំពូលកម្ពុជា គឺក្លឹបភ្នំពេញក្រោន ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ប្រទេស កម្ពុជា ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមវត្តមានលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart និងលោក រិទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន ដែលធ្វើនៅទីលាន RSN កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ។

លោក Thomas Hundt បានមានប្រសាសន៍ថា Smart និងភ្នំពេញក្រោន មានគោលដៅរួមគ្នាជាច្រើន ដើម្បីលើក កម្ពស់គុនភាពកីឡាករអាជីព និងការអភិវឌ្ឍធនធានកីឡាករយុវជន ។ ក្លឹបភ្នំពេញក្រោនមានកម្មវិធីហ្វឹកហាត់ និង បណ្ដុះបណ្ដាលទេពកោលសល្យកីឡាប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ហើយក៏ជាក្លឹបលេចធ្លោជាងគេផងដែរ ។ តាម រយៈការរួមចំណែកឧបត្ថម្ភជាមួយក្លឹបភ្នំពេញក្រោននេះដែរ ក្រុមហ៊ុន Smart សង្ឃឹមថា នឹងជំរុញលើកទឹកចិត្តឲ្យ មនុស្សកាន់តែច្រើនចូលរួមលេងបាល់ទាត់មិនថា លេងកម្សាន្ដ ឬលេងអាជីពឡើយ ។

នាយកប្រតិបត្តិរូបនេះបានបន្ដថា «ភាពជាដៃគូនេះ គឺពិតជាសមិទ្ធផលដ៏សំខាន់មួយផ្សេងទៀតរបស់ Smart ឆ្ពោះទៅ រកការលើកកម្ពស់សុខភាពសហគមន៍ រួមទាំងជាការបណ្ដុះបណ្ដាលកីឡាបាល់ទាត់ ដែលជាកីឡាលំដាប់ថ្នាក់ពិភព លោកមួយនេះ ។ Smart នឹងខិតខំគ្រប់បែបយ៉ាង ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន និងល្បីល្បាញដូចបណ្ដាប្រទេសផ្សេងៗ តាមរយៈការរួមចំណែកជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោននេះ» ។

លោក រិទ្ធី សំណាង បានថ្លែងឲ្យដឹងដែរថា ក្លឹបភ្នំពេញក្រោន ពិតជាមានកិត្តិយស និងមានក្ដីរំភើបជាខ្លាំងចំពោះការ ផ្ដល់កិច្ចសហការពីក្រុមហ៊ុន Smart ដើម្បីក្លាយជាអ្នកឧបត្ថម្ភធំរបស់ក្លឹបលើឯកសណ្ឋានកីឡាករភ្នំពេញក្រោន ។ ការ គាំទ្រនេះទៀតសោត គឺជាផ្នែកមួយដ៏សំខាន់ ដែលជំរុញឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់ងាកមកលេងកីឡា និងគាំ ទ្រអតីតក្រុមជើងឯកលីកកំពូលកម្ពុជា៥សម័យកាលនេះ ហើយក៏ជាការរួមចំណែកបណ្ដុះបណ្ដាល ធនធានកីឡាករ យុវជនក្លឹបភ្នំពេញក្រោនផងដែរ ។

គួរបញ្ជាក់ថា ទន្ទឹមជាមួយនឹងការរួមចំណែកលើកស្ទួយវិស័យកីឡានេះដែរ ក្រុមហ៊ុន Smart Axiata ក៏បានបង្កើតនូវសេវាកម្មកម្សាន្ដថ្មីពាក់ព័ន្ធនឹងកីឡាផងដែរ ដែលមានឈ្មោះថា Smart Fantasy Football ដែលក្រុមហ៊ុនទើបដាក់ ឲ្យដំណើរការជាមួយនឹងការលេងកម្សាន្ដដោយឥតគិតថ្លៃ ដើម្បីបង្កើនភាពសប្បាយរីករាយ និងការល្បងប្រាជ្ញាទាក់ទង ពីរបៀបដឹកនាំកីឡាករក្នុងការប្រកួតលីកកំពូលអង់គ្លេស (English Premier League) ទៀតផង ៕

 

ក្រុមហ៊ុន Smart និងក្លឹបភ្នំពេញក្រោន ប្រកាសពីភាពជាដៃគូផ្លូវការ

ក្រុមហ៊ុន Smart និងក្លឹបភ្នំពេញក្រោន ប្រកាសពីភាពជាដៃគូផ្លូវការ