កីឡាករ ឌុន ប៊ុនឌឿន ប៉ះ ទេស ឧត្តម នៃព្រឹត្តិការណ៍ TIFFY SUPER FIGHT

ភ្នំពេញ៖ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម លើសង្វៀន TV5 Arena នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០១៥ ជាការប្រកួតលើកទី៤ ក្នុងវគ្គជម្រុះដំណាក់កាលទី២ ដែលមានអ្នកប្រដាល់៤រូប ដើម្បីប្រជែងយកកៅអី សម្រាប់ដំណាក់កាលទី៣ ជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនោះ ។

ការប្រកួតជម្រុះក្នុងដំណាក់កាលទី២នេះកីឡាករ ធន់ ចាន់តាក់ អ្នកប្រដាល់ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ប៉ះ ប្រាក់ រ៉ាម៉ាញ អ្នកប្រដាល់ក្លឹបតាឯកដំបងដែកមានរិទ្ធ ។ ចាន់តាក់ និង ប្រាក់ រ៉ាម៉ាញ ជាអ្នកប្រដាល់ស្រករក្រោយដូចគ្នា កាល ពីក្នុងដំណាក់កាលទី១ ធន់ ចាន់តាក់ វាយឈ្នះ ម៉ឺន ដា ក្លឹបខ្លារខិនមានរិទ្ធដោយពិន្ទុ គ្រាដែល ប្រាក់ រ៉ាម៉ាញ បានវាយឈ្នះ យឹម សារុន ក្លឹបកងពលតូចលេខ៣១ ដោយពិន្ទុដែរ ។ សម្រាប់ការជួបគ្នារវាង ធន់ ចាន់តាក់ និង ប្រាក់ រ៉ាម៉ាញ នេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងថា រ៉ាម៉ាញ ទំនងជាមិនឈ្នះ ចាន់តាក់ នោះឡើយព្រោះ ចាន់តាក់ វាយបុកខ្លាំង និងមានផ្លែល្អជាង រ៉ាម៉ាញ ។

ចំណែកការជួបគ្នារវាង ឌុន ប៊ុនឌឿន អ្នកប្រដាល់ក្លឹបអេភូថងកីឡា និង ទេស ឧត្តម អ្នកប្រដាល់ក្លឹបកងពលតូចលេខ៧០ ។ ប៊ុនឌឿន មានកលល្បិច និងបទពិសោធន៍លើសង្វៀនច្រើនជាង ទេស ឧត្តម ប៉ុន្តែ ប៊ុនឌឿន ក៏មិនអាចធ្វេស ប្រហែសមើលស្រាលឧត្តមបានដែរព្រោះ ឧត្តម ក៏វាយខ្លាំង និងល្អដែរ និយាយរួមពីរនាក់នេះ គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន ។ កាលពីប្រកួតក្នុងដំណាក់កាលទី១នោះ ប៊ុនឌឿន វាយឈ្នះ ធឿន គឹមហៀង ក្លឹបកងពលតូចអន្តរាគមន៍លេខ៨ ក្នុងទឹកទី២ ស្របពេលដែល ឧត្តម បានផ្តួលកីឡាករ ថែម ពិរោះ ក្លឹបខេត្តកំពង់ចាម ក្នុងទឹកទី២ដូចគ្នា ។

ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ TIFFY ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៣២នាក់ចូលរួម ហើយចែកចេញជា ៤ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់ ។ ដំណាក់ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤ និងទី៥ ជាការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ គឺពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ៕

កីឡាករ ឌុន ប៊ុនឌឿន ប៉ះ ទេស ឧត្តម នៃព្រឹត្តិការណ៍ TIFFY SUPER FIGHT