អនុ​ប្រធាន​បក្ស​ប្ដឹង​រំលាយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ រង​ការ​ចោទ​ពី​អនុ​ប្រធាន និង​អគ្គលេខាធិការ​គណបក្ស ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ប្រើ​អំណាច​ផ្ដាច់ការ។ ភាគី​អនុ​ប្រធាន​បក្ស​ប្ដឹង​សុំ​ឲ្យ​តុលាការ​រំលាយ​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ នេះ។ ទោះជា​យ៉ាង​ណា លោក ម៉ម សូណង់ដូ ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់។

​ជម្លោះ​ហែកហួរ​ផ្ទៃក្នុង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ កាន់តែ​រីក​ធំ​បន្ទាប់​ពី​អនុ​ប្រធាន និង​អគ្គលេខាធិការ ព្រម​ទាំង​មន្ត្រី​គណបក្ស​មួយ​ចំនួន​ទៀត ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ប្ដឹង​អោយ​រំលាយ​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ នេះ​ចេញ​ពី​ឆាក​នយោបាយ​កម្ពុជា។

អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​បណ្ឌិត ហ៊ាង ឫទ្ធី មាន​ប្រសាសន៍​ថា លោក ម៉ម សូណង់ដូ គឺ​ជា​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដែល​តែងតែ​ប្រើប្រាស់​អំណាច​ផ្ដាច់ការ​ក្នុង​ការ​ចាយវាយ​ថវិកា​បក្ស​យ៉ាង​អនាធិបតេយ្យ៖ «សុំ​អោយ​តុលាការ​រំលាយ​គណបក្ស​នេះ ដោយ​មិន​ប្រើ​អង្គ​សមាជ​ទេ ព្រោះ​ថា អង្គ​សមាជ​ធ្វើ​មិន​បាន​ទេ ដោយសារ​បក្សពួក​គ្នា​គាត់​ទាំង​អស់​ច្រើន​ណាស់ គាត់​រៀបចំ​ដើម្បី​ទប់ស្កាត់​ផែនការ​អ្នក​ជាតិនិយម គាត់​យក​អំណាច​ផ្ដាច់ការ​ប្រើប្រាស់​តែម្ដង។ អ៊ីចឹង​ចំណុច​នេះ មាន​តែ​ប្រើប្រាស់​តាម​ផ្លូវ​តុលាការ​ទេ ទើប​យើង​ទប់ស្កាត់​កុំ​ដើរ​ភូត​កុហក​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត»

លោក ហ៊ាង ឫទ្ធី បន្ថែម​ថា តាំង​ពី​លោក​ចូល​រួម​បង្កើត​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​មក គឺ​តែងតែ​ជំរុញ​ឲ្យ​លោក ម៉ម សូណង់ដូ អនុវត្ត​ច្បាប់​បែប​ប្រជាធិបតេយ្យ ដូចជា​ការ​ចាយវាយ​ថវិកា​អោយ​មាន​តម្លាភាព និង​មាន​គណនេយ្យករ​គ្រប់គ្រង​ការ​ចាយវាយ​ទាំង​អស់​អោយ​មាន​វិក្កយបត្រ ប៉ុន្តែ​លោក ម៉ម សូណង់ដូ តែងតែ​ច្រានចោល​ចំពោះ​សំណើ​នេះ។

ជា​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ លើក​ឡើង​ថា លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​បណ្ដឹង​រំលាយ​គណបក្ស​នោះ​ឡើយ។ ទោះ​យ៉ាង​ណា​លោក​ថា នឹង​ព្យាយាម​ផ្សះផ្សា​ជម្លោះ​ផ្ទៃក្នុង​បក្ស​នេះ ហើយ​ប្រសិនបើ​ជម្លោះ​មិន​សះ​ជា​ទេ​នោះ លោក​នឹង​រៀបចំ​សមាជ​វិសាមញ្ញ ដើម្បី​បោសសំអាត​មន្ត្រី​បក្ស​ដែល​បង្ក​បញ្ហា។

​លោក ម៉ម សូណង់ដូ៖ «បញ្ហា​សព្វថ្ងៃ​នេះ​វា​ល្អ​ទៅ​វិញ​ទេ ព្រោះ​ថា យើង​ធ្វើ​ទូក​មួយ​បាន យើង​ដាក់​ទៅ​ក្នុង​ទន្លេ គឺ​យើង​អាច​កែតម្រូវ​សាច់​ឈើ​កន្លែង​ណា​ច្រើន​ជាង​យើង​ចៀរ​ចេញ​ទៅ។ ប្រសិនបើ​យើង​មិន​ដឹង​បញ្ហា​របស់​គណបក្ស​របស់​យើង ក៏​មិន​អាច​ផ្សះផ្សា ឬ​ដោះស្រាយ​បញ្ហា​នេះ​បាន​ដែរ ហើយ​ខ្ញុំ​យល់​ថា បញ្ហា​នេះ​ជា​បញ្ហា​ផ្ទៃក្នុង គឺ​អត់​មាន​គ្រោះថ្នាក់​អ្វី​ទាំង​អស់ ហើយ​អ្នក​ដែល​បង្ក​បញ្ហា​ទៅ​វិញ​ទេ ដែល​មាន​បញ្ហា​ក្នុង​សតិ​អារម្មណ៍»

​កាល​ពី​ពេល​ថ្មីៗ​នេះ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​ទើបតែ​បាន​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​ឡើង​វិញ​នោះ ក៏​គ្រោង​ដក​លោក ហារី សំអាត ពី​អនុ​ប្រធាន​បក្ស​ដែរ ដោយសារ​តែ​លោក​បាន​ធ្វើ​ខុស​នឹង​បទបញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស គឺ​ដឹកនាំ​សមាជិក​បក្ស​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ខ្មែរ​សាមគ្គី​របស់​អ្នកស្រី ឡាក់ សុភាព។

ទាក់​ទង់​នឹង​រឿងរ៉ាវ​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ឃើញ​ថា គណបក្ស​ដែល​មិន​គិត​ប្រយោជន៍​ជាតិ​ជាធំ​នោះ គឺ​បង្ហាញ​អោយ​ឃើញ​នូវ​ការ​ហែកហួរ​គ្នា​មិន​ចេះ​ចប់​ដោយ​ធ្វើ​នយោបាយ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន៖ «ប្រសិនបើ​យើង​បើក​គណបក្ស​ដោយ​គ្មាន​គោលការណ៍​ច្បាស់លាស់ ដើម្បី​តែ​ផលប្រយោជន៍ គឺ​ខ្មែរ​ទាស់​គ្នា​មិន​ចេះ​ចប់​ទេ ហើយ​មិន​ចំណេញ​អ្វី​ដល់​ជាតិ​ទាល់​តែ​សោះ»

​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ធ្វើ​សមាជ​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន។ អង្គ​សមាជ​បាន​បោះឆ្នោត​លើកដៃ​គាំទ្រ លោក ម៉ម សូណង់ដូ ធ្វើ​ជា​ប្រធាន និង​ជ្រើសរើស​លោក​បណ្ឌិត ហ៊ាង ឫទ្ធី និង​លោក ហារី សំអាត ជា​អាណិកជន​ខ្មែរ​មក​ពី​សហរដ្ឋអាមេរិក ជា​អនុ​ប្រធាន​គណបក្ស។ ទោះជា​យ៉ាង​ណា សមាជ​មិន​បាន​មួយ​ខែ​ស្រួលបួល​ផង គណបក្ស​ថ្មី​នេះ​បាន​ជួប​រឿង​ប្រេះឆា​ជា​ច្រើន​ករណី។ គេ​នៅ​ចាំ​អ៊ុត​មើល​ថា តើ​គណបក្ស​នេះ នឹង​មាន​មុខ​មាត់​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា ត​ទៅ​ទៀត ឬ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។