​រដ្ឋមន្ត្រី​ជំរុញ​បន្ថែម ខណៈ​មន្ត្រី​ពន្ធដារ ប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ជាង ៩៩៧ លាន​ដុល្លារ​

ភ្នំពេញ: ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ជាង ៩៩ លាន​ដុល្លារ​។ ចំណែកឯ​រយៈពេល ៩ ខែ​ឆ្នាំ​២០១៥ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​ចំនួន​ជាង ៩៩៧ លាន​ដុល្លារ​ស្មើនឹង ៨៥,៦២ ភាគរយ នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​។ ទោះជា​យ៉ាងណា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជំរុញ​ឲ្យ​មន្ត្រី​ពន្ធដារ ខិតខំ​ប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បន្ថែមទៀត ដាក់​ចូលក្នុង​ថវិកាជាតិ​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​ពន្ធដា​រ បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​សារពើពន្ធ ប្រចាំ​ខែកញ្ញា និង​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ជំរុញ​ឲ្យ​មន្ត្រី​ពន្ធដារ ខិតខំ​ជម្នះ​ការលំបាក និង​បញ្ហា​ប្រឈម​នានា ខិតខំ​អនុវត្ត​ភារកិច្ច ប្រមូល​ចំណូល​ពន្ធ​គ្រប់​ប្រភេទ ឲ្យ​បានសម្រេច​តាម​គោលដៅ​កំណត់ ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៥ បង្កើន​ការផ្តល់សេវា​ដល់ អ្នក​ជាប់ពន្ធ​ឲ្យ​បាន​ប្រសើរ ផ្តល់​ភាពងាយស្រួល ដល់​អ្នក​ជាប់ពន្ធ​ទទួល​សេវា ងាយស្រួល​ឆាប់រហ័ស នៅ​គ្រប់​ទីកន្លែង និង​អនុវត្ត​វិធានការ​នានា សំដៅ​ធ្វើ​ឲ្យ​បានសម្រេច គោលដៅ​ចំណូល​ឆ្នាំ​២០១៥​។​

​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​រាយការណ៍ អំពី​ស្ថានភាព​ចំណូល​ពន្ធដារ មានដូចជា ៖ ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ចំនួន ៣៩៨.០៥៧,៥០ លាន​រៀល (៩៩,៥១​លាន​ដុល្លារ​)​។ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៥ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ ប្រមូលបាន​សរុប​ចំនួន ៣.៩៨៩.២៤៥,៩១ លាន​រៀល (៩៩៧,៣១​លាន​ដុល្លារ​) ស្មើនឹង ៨៥,៦២ ភាគរយ នៃ​គោលដៅ​កំណត់ ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ក្នុង​ឆ្នាំ​២០១៥ ដែល​ក្នុងនោះ​មាន​៖ ថវិកា​ថ្នាក់ជាតិ បាន​ចំនួន​ស្មើនឹង ៨៦,៨០ ភាគរយ និង​ថវិកា​ថ្នាក់ក្រោម​ជាតិ បាន​ចំនួន​ស្មើនឹង ៧៨,០៥ ភាគរយ​។ ប្រសិនបើ​ធ្វើការ​ប្រៀបធៀប ទៅនឹង​រយៈពេល​៩​ខែ ដូចគ្នា​នៃ​ឆ្នាំ​២០១៤ ឃើញថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ សម្រាប់​រយៈពេល​៩​ខែ ឆ្នាំ​២០១៥ កើនឡើង​ចំនួន​ស្មើនឹង ២៥,៥៣ ភាគរយ​។​

​លោក គង់ វិបុល បាន​បន្តថា ក្នុង​រយៈពេល​៩​ខែ ដូចគ្នានេះដែរ ឃើញថា ក៏មាន​ការកើនឡើង នូវ​ចំណូល​ពន្ធ តាម​ប្រភេទ​ពន្ធ​សំខាន់ៗ មួយចំនួន ដូចជា ពន្ធលើប្រាក់ចំណេញ មានការ​កើនឡើង​ប្រមាណ ២៧,៦ ភាគរយ ពន្ធលើ ប្រាក់បៀវត្ស មានការ​កើនឡើង​ប្រមាណ ២១,៣ ភាគរយ អាករ​លើ​តម្លៃបន្ថែម មានការ​កើនឡើង​ប្រមាណ ១៥,៩ ភាគរយ និង​អាករ​ពិសេស​មានការ​កើនឡើង ប្រមាណ ២៧,១ ភាគរយ​។ ចំណែកឯ​ចំណូល​ពន្ធ តាម​សកម្មភាព​អាជីវកម្ម ក៏មាន​ការកើនឡើង ស្ទើរតែ​ទាំងអស់​ដែរ ក្នុងនោះ​រួមមាន​៖ ផ្នែក​សេវា​ហិរញ្ញវត្ថុ កើនឡើង​ប្រមាណ ៤០,០ ភាគរយ ផ្នែក​ផលិត​ភេសជ្ជៈ​កើនឡើង​ប្រមាណ ១៥,៥ ភាគរយ ផ្នែក​ទូរគមនាគមន៍ កើនឡើង​ប្រមាណ ១៤,៣ ភាគរយ ផ្នែក​ផលិត​គ្រឿង​ប្រើប្រាស់ កើនឡើង​ប្រមាណ​៤,៨​ភាគរយ ផ្នែក​នីហរ័ណ​អាហរ័ណ​កើនឡើង​ប្រមាណ​១៦,១​ភាគរយ ផ្នែក​សណ្ឋាគារ​និង​ផ្ទះសំណាក់​កើនឡើង​ប្រមាណ​៣២,៣​ភាគរយ ផ្នែក​ផលិត​ថ្នាំជក់​កើនឡើង​ប្រមាណ​១២៧,៩​ភាគរយ ផ្នែក​ផលិត​សម្លៀកបំពាក់​កើនឡើង​ប្រមាណ​១៧,៥​ភាគរយ ផ្នែក​ដឹកជញ្ជូន​និង​ទេសចរណ៍​កើនឡើង​ប្រមាណ​១១,៩​ភាគរយ ផ្នែក​កសិកម្ម​កើនឡើង​ប្រមាណ​៦២,៨​ភាគរយ ផ្នែក​លក់​ភេសជ្ជៈ​កើនឡើង​ប្រមាណ​២៦,៥​ភាគរយ ផ្នែក​អាកាសយានដ្ឋាន​និង​កំពង់ផែ​កើនឡើង​ប្រមាណ​១០,៨​ភាគរយ ផ្នែក​លក់​គ្រឿង​ឧ​ប​ភោ​បរិភោគ​កើនឡើង​ប្រមាណ​៨៧,៦​ភាគរយ ផ្នែក​លក់​សម្ភារៈ​ការិយាល័យ​កើនឡើង​ប្រមាណ​៣៦,២​ភាគរយ ផ្នែក​ផលិត​ម្ហូបអាហារ​កើនឡើង​ប្រមាណ​១៥,០​ភាគរយ ផ្នែក​ផលិត​យានយន្ត​កើនឡើង​ប្រមាណ​១៧២,៨​ភាគរយ​។​

​លោក​អូន ព័ន្ធមុនីរ័ត្ន បាន​មានប្រសាសន៍​បន្តទៀតថា អគ្គនាយកដ្ឋាន​ពន្ធដា​រ ជា​អង្គភាព​អនុវត្ត​គោលនយោបាយ​សារពើពន្ធ របស់​រដ្ឋាភិបាល ក្នុងការ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ និង​ជា​អង្គភាព​បម្រើសេវា​សាធារណៈ ជូន​អ្នក​ជាប់ពន្ធ​ឲ្យ​បានល្អ​ប្រសើរ ឲ្យ​មានការ​ពេញចិត្ត​ក្នុងការ​បង់ពន្ធ​ពី​អ្នក​ជាប់ពន្ធ​។​

​ទន្ទឹមនេះ ក្នុង​គោលដៅ​ដើម្បី​ធានាបាន​នូវ​ភាពជឿ​ទុកចិត្ត ព្រមទាំង​បង្កើន​នូវ​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ ជូន​អ្ន​ជាប់ពន្ធ ឲ្យ​កាន់តែ​ល្អប្រសើរ នាឱកាស​នោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​និង​ចុះ​ពិនិត្យមើល​នូវ​ការិយាល័យ​ចុះបញ្ជី​និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ពន្ធដារ ដែលមាន​លក្ខណៈ​ស្វ័យប្រវត្តិ​និង​មាន​លក្ខណៈ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​គឺ​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​រក្សាទុក​រាល់​ទិន្នន័យ​របស់​អ្នក​ជាប់ពន្ធ​និង​រៀបចំ​ប្រព័ន្ធ​Cooling System ដែលជា​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ក្នុងការ​ថែរក្សា Data Center ដែល​ស្ថិតក្នុង​អគារ​សាលា​ជាតិ​ពន្ធដារ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ច្រកចេញចូល​អគ្គនាយកដ្ឋាន​ពន្ធដារ ឆ្លងកាត់​ប្រព័ន្ធ​សុវត្ថិភាព​របស​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។​

​លោក​រដ្ឋមន្ត្រី បានធ្វើការ​វាយតម្លៃ​ខ្ពស់​គ្រប់​អង្គភាព​ពន្ធដារ ដែល​បាន​ប្រឹងប្រែង​ខិតខំ​ប្រមូល​ចំណូល​ដែលមាន​ការកើនឡើង​គួរ​ជាទី​ពេញចិត្ត និង​បាន​ណែនាំ​ឲ្យ​មន្ត្រី​ពន្ធដារ​ទាំងអស់​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​វិន័យ​ការងារ​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​មន្ត្រី​ពន្ធដារ​ឲ្យ​បានល្អ​ប្រសើរ​តាមរយៈ​ការផ្តល់សេវា​អ្នក​ជាប់ពន្ធ​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​គោរព​ច្បាប់​និង​បទ​ប្ប​ញ្ញ​តិ្ត​ជា​គោល ធ្វើយ៉ាងណា​ឲ្យ​អ្នក​ជាប់ពន្ធ​រីករាយ​ក្នុង​កិច្ចសហការ​បង់ពន្ធ​ជូន​រដ្ឋ និង​កិច្ចពង្រឹង​រដ្ឋបាល​សារពើពន្ធ ដើម្បី​ការប្រមូល​ពន្ធ​ឲ្យ​កាន់តែ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត ដើម្បី​ឈានទៅ​សម្រេចបាន​តាម​ផែនការ​ក្នុង​ច្បាប់​៕V​/S

​រដ្ឋមន្ត្រី​ជំរុញ​បន្ថែម ខណៈ​មន្ត្រី​ពន្ធដារ ប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ជាង ៩៩៧ លាន​ដុល្លារ​

​រដ្ឋមន្ត្រី​ជំរុញ​បន្ថែម ខណៈ​មន្ត្រី​ពន្ធដារ ប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ជាង ៩៩៧ លាន​ដុល្លារ​

​រដ្ឋមន្ត្រី​ជំរុញ​បន្ថែម ខណៈ​មន្ត្រី​ពន្ធដារ ប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ជាង ៩៩៧ លាន​ដុល្លារ​

​រដ្ឋមន្ត្រី​ជំរុញ​បន្ថែម ខណៈ​មន្ត្រី​ពន្ធដារ ប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ជាង ៩៩៧ លាន​ដុល្លារ​