NASA បញ្ចេញរូបភាព ព្រំដែន រវាងឥណ្ឌា និងប៉ាគីស្ថាន ថតដោយ ផ្កាយរណប

អវកាស ៖ អង្គការអវកាសធំជាងគេ លើពិភពលោក NASA របស់អាមេរិក បានបញ្ចេញនូវរូបភាពមួយសន្លឹក ជា សាធារណៈ ដែលត្រូវបានថត ដោយអ្នកអវកាសមួយរូប នៅឯស្ថានីយ៍ អវកាសអន្តរជាតិ កាលពីពេលថ្មីៗនេះ។ ក្នុងរូបនោះ គឺបង្ហាញអំពីខ្សែបន្ទាត់ព្រំដែន រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលមានសភាពភ្លឺច្បាស់ ងាយស្រួល កំណត់ចំណាំនៅពេលយប់ ។

ព្រំដែនអន្តរជាតិ រវាងឥណ្ឌា និងប៉ាគីស្ថានត្រូវបានបង្កើតឡើង ជិត ៧០ឆ្នាំទៅហើយ បន្ទាប់ពី ប្រទេសទាំងពីរ បានបែកចេញពីគ្នា ក្រោយការលះបង់ជីវិត នៃមេដឹកនាំមហាត្មាត់ គន្ធី ដែលចង់ឲ្យមានសន្តិភាព តាមរយៈការ បែងចែកប្រទេសជាពីរ រវាងក្រុមអ្នកកាន់សាសនា អ៊ីស្លាម និងហិណ្ឌូ ។

នរណាៗក៏ដឹងដែរថា ប្រទេសឥណ្ឌា និងប៉ាគីស្ថាន មិនសូវមានទំនាក់ទំនងល្អជាមួយគ្នា នោះឡើយ ក៏ព្រោះតែអ្វី ដែលធ្លាប់កើតមាន កាលពីអតីតកាល និងជម្លោះផ្នែកសាសនាផងដែរ ។ បច្ចុប្បន្ន តំបន់កាស្មៀ នៅជាប់ព្រំដែន រវាងប្រទេសទាំងពីរ ក៏កំពុងតែកើតមានជម្លោះ ក្តៅគគុក មិនទាន់ដាច់ស្រេច ហើយការបង្កើតព្រំដែន យ៉ាងច្បាស់ លាស់ និង មានទាំងអំពូលបំភ្លឺភ្លើងផងដែរនោះ ជាការចៀសវាងការភ័ន្តច្រឡំនានា ដែលអាចនាំឲ្យកើតមាន ជម្លោះ ។

លោកអ្នកអាចមើលរូបភាពខាងក្រោមនេះ ហើយអាចសម្គាល់ព្រំដែន រវាងប្រទេសទាំងពីរ ដែលមានខ្សែបន្ទាត់ ពណ៌ទឹកក្រូចភ្លឺជាងគេនោះឯង ៕

NASA បញ្ចេញរូបភាព ព្រំដែន រវាងឥណ្ឌា និងប៉ាគីស្ថាន ថតដោយ ផ្កាយរណប