នារី​​បរទេស​ម្នាក់​កំពុង​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ក្នុង​ហាង​ ត្រូវ​ក្រុម​​ហិតកាវ​៣​នាក់​ដើរមក​ឆក់​​​កាបូប​

រាជធានី​ភ្នំពេញ ៖ នារី​បរទេស​ម្នាក់ ត្រូវ​បាន​ក្រុម​ក្មេង​ហិតកាវ​៣​នាក់ ដើរមក​ឆក់​យក​កាបូប​ដល់​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី​៦ តុលា ២០១៥ ស្ថិត​នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​១៣ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។

ប្រភព​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ Leonie Arndt អាយុ​២១​ឆ្នាំ ជនជាតិ​អា​ល្លឺ​ម៉​ង់ បាត់​កាបូប​ដោយ​មាន​សម្ភារ​វី​ហ្សា​ខាតនិង​​កាមេរ៉ា​មួយ​គ្រឿង ។

តាម​ការ​ឱ្យ​ដឹង​ពី​នារី​រង​គ្រោះ​ថា មុន​ពេល​កើតហេតុ គាត់​នឹង​មិត្តភក្តិ​ប្រុស​-​ស្រី​២​នាក់​កំពុង​អង្គុយ​ផឹកស៊ី​ក្នុង​ហាង​យីហោ​១៩ បាន​ប្រមាណ​កន្លះ​ម៉ោង ស្រាប់តែ​លេចមុខ​ក្រុម​ក្មេង​ហិតកាវ​៣​នាក់ បាន​មក​ឈរ​ហិតកាវ​មុខ​ហាង ពេល​នោះ​គាត់​មិន​បាន​ចាប់​អារម្មណ៍​​នឹង​ពួក​គេ​ទេ ហើយ​ក៏​អង្គុយ​ផឹក​បន្ត ព្រោះ​គាត់​មិនដឹង​ថា ពួក​គេ​ជា​ចោរ​ឡើយ ។ ដោយ​អង្គុយ​ផឹក​ៗ ស្រាប់តែ​ក្រុម​ក្មេង​ទាំងនោះ​បាន​ដើរ​សំដៅ​ចូល​មក​ក្នុង​ហាង ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​គាត់​រួច​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។