ប៉េ​អឹមខេត្ត​កំពង់ឆ្នាំង​ដេញ​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿងផ្អើល​ពេញ​ក្រុង​បាន​ជាង​១ម៉ោង​ដោះ​លែង​វិញ

ខេត្តកំពង់ឆ្នាំង​ ៖ មានការ​ភ្ញាក់ផ្អើល​បង្កឱ្យ​មាន​ការ​កកស្ទះ​ចរាចរ​ណ៍​ជាង​២​ម៉ោង ដោយសារ​តែ​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​​ដេញ​ស្ទាក់​ចាប់​រថយន្ត​ឡង់​គ្រី​ស្ស័រទំនើប​មួយ​គ្រឿងពេញ​ក្រុង​កំពង់ឆ្នាំង ទីបំផុត​​​មកចាប់​ជាប់​នៅ​គល់​ស្ពាន​ខ្សា​ម ស្ថិត​ក្នុងភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដែល​ជា​កន្លែងបង្កឱ្យ​មានការ​ស្ទះ​ចរាចរ​ណ៍​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​០៦ ​តុលា ​​២០១៥ ។

​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ជា​ច្រើន​គ្រឿង បាន​ដេញចាប់រថយន្ត ម៉ាក​ឡង់​គ្រី​ស្ស័​រទំនើប​មួយ​គ្រឿង ព​ណ័​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ 2P.6444 ពី​ចំណុច​ជិតស្ថា​នី​យ​ប្រេង​ឥន្ធ​នៈ​កាល់​តិចចួ​លម​ក​ទីរួមខេត្ត​កំពង់ឆ្នាំង ហើយ​គេច​ចុះឡើង​ពេញ​ក្រុង​ បន្ទាប់​មក​ទើបស្ទាក់​ចាប់​បាន​នៅ​គល់​ស្ពាន​ខ្សា​ម ដោយ​មាន​រថយន្ត​មន្ត្រី​កងរាជអាវុធហត្ថ​ស្ទាក់​ពីមុខ​បិទគូទ​ពីក្រោយ និង​បិទ​ពី​ជាប់​ពី​ចំ​ហៀ​ងឆ្វេង​រថយន្ត​ដែល​មាន​ជន​ត្រូវ​ចាប់ខ្លួន​ជិះនៅ​ក្នុង​នោះ ប្រៀប​បីដូច​ជា​កិច្ច​ប្រ​តិប​ត្តិ​ការ​បង្ក្រាប​បទល្មើស​ឆក់​ប្លន់​ទ្រង់ទ្រាយ​ធំដែរ តែ​ធាតុ​ពិត​ គឺ​ចាប់​តាម​ដីកាប៉ុណ្ណោះ ហើយ​អ្វីដែល​រិ​ត​តែ​ហួសចិត្ត​ទៀត​នោះ ពេល​ចាប់​បាន​ដល់ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​តែ​ជាង​១​ម៉ោងប៉ុណ្ណោះ​ គឺ​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​ជន​ដែល​ត្រូវ​ចាប់ខ្លួន ទើប​បង្ហាញ​ដីកា​បញ្ឈប់​ឱ្យ​ចាប់ខ្លួន ដែលចេញ​ដោយ​ចៅក្រម​ដដែល ។

ជុំវិញ​ករណី​ដេញចាប់​មនុស្ស​បង្កឱ្យ​មានការ​កកស្ទះ​ចរាចរ​ណ៍ និង​ផ្អើល​មួយ​ចំហៀ​ង​ក្រុង​កំពង់ឆ្នាំង​នេះ ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធ​ខេត្ត​ម្នាក់​ប្រាប់​ឱ្យដឹង​ថា គឺ​ចាប់​តាម​ដីកា​បង្គាប់ឱ្យ​ចាប់ខ្លួនលេខ ៣០/១១ ចុះ​ថ្ងៃ​ទី​០៥ ​មេសា ​២០១១ របស់​លោក ទី សំណាង  ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ នៃសាលាដំបូង​ខេត្តកំពង់ឆ្នាំង ដែល​បង្គាប់​ឱ្យ​ចាប់ខ្លួន ឈ្មោះ ឃា​ម បញ្ញា អាយុ​២១ឆ្នាំ មានមុខ​របរជាង​ជួសជុល​ទូរស័ព្ទ មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ឱ្យ​ដាក់​ព​ន្ឋ​នាគាររយៈពេល​៣​ឆ្នាំ «ពី​បទ​លួច​» ដែល​បាន​ប្រព្រឹត្ត​ឡើង នៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី ២១ ​កញ្ញា ​២០១០ តាម​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​បាន​បង្គាប់ឱ្យចាប់ខ្លួន​ជននេះ ។

ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រោយ​ការ​នាំ​មក​ដល់ទី​បញ្ជាការដ្ឋាន​បាន​ជាង​១​ម៉ោង​ក្រោយមក ជនត្រូវ​ចាប់ខ្លួន​ត្រូវ​បាន​​ដោះ​លែង​វិញ បន្ទាប់​ពី​យក​ដីកាបញ្ឈប់​ឱ្យចាប់ខ្លួន លេខ​៥៨/១១ ចុះ​ថ្ងៃ​ទី(​រលុប​មើល​មិនឃើញ​) ​មិថុនា ​២០១១ របស់​លោក ទី សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃសាលាដំបូង​ខេត្ត៕