ខឹង​ប្តី​ចោទ​មាន​សហាយ លោត​សម្លាប់ខ្លួន​ពី​ផ្ទះ​ជាន់​ទី​២​ស្លាប់​

​រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​លោត​សម្លាប់ខ្លួន​ពីលើផ្ទះ​ជាន់​ទី​២​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​ខឹង​ប្តី​ចោទថា​មាន​សហា ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១១ យប់ ថ្ងៃទី​៦ ខែតុលា​ឆ្នាំ ២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​១២១ ជាន់​ទី​ពីរ ផ្លូវ​១៩២Z ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​រាជធានី​ភ្នុំពេញ​។​

​តាម​ប្រភពពី​សាច់ញាតិ​ជិតខាង​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ដាច់ចិត្ត​លោត​ពីលើផ្ទះ​សម្លាប់ខ្លួន​នោះ មានឈ្មោះ ឃិន រដ្ឋា អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ផែស្ងួត​តេង​ឡាយ និង​ស្នាក់នៅ​ផ្ទះជួល នៅ​កន្លែងកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ផ្លូវ​ពោធិ៍​វង្ស​ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិសាត់ ចំណែក​ប្តី​របស់​ស្ត្រី​រងគ្រោះ មានឈ្មោះ ផានី អាយុ​៣០​ឆ្នាំ បាន​រត់​គេចខ្លួនបាត់ បន្ទាប់ពី​ប្រពន្ធ​ស្លាប់​។​

​បើតាម​អ្នករស់នៅ​ជិត​បន្ទប់​ជួល​នោះ បាន​ប្រាប់ថា មុន​កើតហេតុ​គឺ​ជនរងគ្រោះ និង​ប្តី​បាន​ឈ្លោះប្រកែក​គ្នា យ៉ាងខ្លាំង​តាំងពី​ល្ងាច​ថ្ងៃកើតហេតុ​នោះ ដោយ​ប្តី​ជនរងគ្រោះ​បាន​ចោទថា ប្រពន្ធ​លួច​មាន​ប្រុស​ថ្មី​ក្បត់​ខ្លួន តែ​ជនរងគ្រោះ​បានប្រកែក​ថា មិនបាន​ក្បត់​ដូច​ពាក្យ​ប្តី​ចោទ​នោះទេ ហើយ​ការឈ្លោះប្រកែក​គ្នា នោះ​កាន់តែខ្លាំង​ឡើងៗ និង​អូសបន្លាយ​រហូតដល់​ម៉ោង​កើតហេតុ ស្រាប់តែ​ជនរងគ្រោះ បាន​លោត​ពីលើផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្តង ។​ចំណែក​ប្តី​រូប​នោះបាន​រត់គេចខ្លួន​បាត់​ភ្លាមៗ​ផដែរ​។ 

​ក្រោយ​កើតហេតុ​សព​ត្រូវបាន​ដឹក​ទៅ​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ខឹង​ប្តី​ចោទ​មាន​សហាយ លោត​សម្លាប់ខ្លួន​ពី​ផ្ទះ​ជាន់​ទី​២​ស្លាប់​