អនិច្ចា​កូនភ្លោះ​3​កើត​នៅ​ព្រៃ​ចម្ការ​ស្លាប់​ម្នាក់​ដោយសារ​ការ​សង្គ្រោះ​យឺតយ៉ាវ

អនិច្ចា​កូនភ្លោះ​3​កើត​នៅ​ព្រៃ​ចម្ការ​ស្លាប់​ម្នាក់​ដោយសារ​ការ​សង្គ្រោះ​យឺតយ៉ាវ

ខេត្តក្រចេះ ៖ ទារិកា​ភ្លោះ​បី​នាក់​ចាប់កំណើត​នៅ​ក្នុង​ត្រកូល​កសិករ​មួយ​នៅ​ឃុំ​កញ្ជរ ស្រុក​ឆ្លូង បាន​ប្រសូត​ក្នុង​ព្រៃ​ចម្ការ​ឆ្ងាយ​ពី​ភូមិ​ជាង​៧​គីឡូម៉ែត្រ តែ​ស្លាប់​ម្នាក់​បន្ទាប់​ពី​មធ្យោបាយ​ទៅ​សង្គ្រោះ​របស់​មណ្ឌល​សុខភាព​យឺតយ៉ាវ ។

ជា​រឿង​គួរ​អនិច្ចា​ដល់​ទារិកា​ភ្លោះ​ទាំង​៣ នោះ​ដែល​កើត​ក្នុង​រោង​នៅ​ព្រៃ​ចម្ការ កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​៥ តុលា ហើយ​រយៈពេល​ជាង​២​ម៉ោង​ក្រោយមក​ទើប​ចាត់​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ឆ្លូង  ។ គ្រួសារ​នោះ​សម្រាលកូន​ក្នុង​សភាព​រខេករខាក​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​ក្នុង​ព្រៃ ។ ពេល​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​ពេទ្យឆ្មប និង​រថយន្ត​សង្គ្រោះ​គ្មាន​ការ​ឈឺឆ្អាល​ជួយ​បាន​ពេញលេញ​ទេ ដូច្នេះ​ហើយ​ពឹង​អ្នក​ភូមិ​សែង​តាម​អង្រឹង​ទៅ​ផ្លូវលំ ទើប​អាច​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​ឆ្លូង​បាន ។

បុរស​ជា​ប្តី​ឈ្មោះ​ហួត សុ​ព័ន្ធ អាយុ​៣១​ឆ្នាំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ តុលា ថា លោក​បាន​សម្រេច​បញ្ជូន​ប្រពន្ធ និង​កូនស្រី​ភ្លោះ​ដែល​នៅ​រស់​ចំនួន​ពីរ​នាក់​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ក្រោយ​ពី​មើលឃើញ​ថា​សុខភាព​របស់​កូនស្រី​មិន​ប្រក្រតី ។ កូនភ្លោះ​នោះ​ជា​កូន​ទី​៤ ។ ខណៈ​សម្រាលកូន​នៅ​ក្នុង​រោង​ចាំចម្ការ គឺ​មាន​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ប៉ុណ្ណោះ​ដោយ​មិន​មាន​ពេទ្យឆ្មប​ឡើយ ។ ការ​ឆ្លងទន្លេ​នេះ​ដោយសារ​មិន​ទាន់​គ្រប់​ខែ​ទើប​មាន​បញ្ហា គឺ​ទើបតែ​៧​ខែ​ប៉ុណ្ណោះ​ក៏​ឈឺពោះ ។

បុរស​ជា​ប្តី​មិនដឹង​ថា ក្នុង​ផ្ទៃពោះ​ភរិយា​មានកូន​ភ្លោះ​៣​ទេ ។ ភ្លាម​ៗ​បន្ទាប់​ពី​ប្រ​ព​ន្ឋ​ឈឺពោះ​នោះ បុរស​ជា​ប្តី​បាន​ទូរស័ព្ទ​ទៅ​រក​ពេទ្យឆ្មប និង​រថយន្ត​សង្គ្រោះ​ពី​មណ្ឌល​សុខភាព​កញ្ជរ ដែល​នៅ​ចម្ងាយ​ជាង​៧​គីឡូម៉ែត្រ​ពី​ចម្ការ តែ​ក្រុម​គ្រូពេទ្យ​ថា​មិន​អាច​ជួយ​បាន​ទេ ដោយសារ​តែ​ផ្លូវ​ពិបាក​ចូល​ទៅ ។ បន្ទាប់​ពី​កូន​កើត​បាន​រយៈពេល​ជាង​២​ម៉ោង បុរស​ជា​ប្តី​បាន​ពឹង​អ្នក​ភូមិ​ឱ្យ​ជួយ​សែង​ប្រពន្ធ​ដាក់​អង្រឹង​ចេញ​ទៅ​ផ្លូវលំ រួច​ទើបបាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​ឆ្លូង ។

លោក​ហួត សុ​ព័ន្ធ និយាយ​ថា ដោយសារ​តែ​គ្មាន​មធ្យោបាយ​សង្គ្រោះ​ទាន់​ពេល កូនស្រី​របស់​គាត់​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​បាន​ស្លាប់​នៅ​លើ​រថយន្ត​ពេល​កំពុង​នាំ​ទៅ​កាន់​មន្ទីរពេទ្យ ។ ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ឆ្លូង បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា​សុខភាព​របស់​ទារិកា​ទាំង​២ មាន​សភាព​ខ្សោយ​ខ្លាំង ដោយសារ​តែ​កើត​មិន​គ្រប់​ខែ គឺ​បាន​តែ​៧​ខែ ហើយដោយ​សារ​តែ​នៅ​មន្ទីរ ពេទ្យ​ឆ្លូង គ្មាន​ឧបករណ៍​គ្រប់គ្រាន់​ទើប​សម្រេច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ៕

ផ្តល់​សិទ្ធ​ដោយ ៖ កោះសន្តិភាព