លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី កំពុង​ប្រឈមមុខ​ជាមួយ​ជនជាតិដើម​ភាគតិច​

​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បានល្អ​ប្រសើរ​នោះទេ ហើយ​ថែមទាំង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​។ មិនតែប៉ុណ្ណោះ​ក្នុងនាម​ជា​អភិបាលខេត្ត លោក អេង ប៊ុន​ហ៊ាង ប្រើ​អំណាច​យ៉ាង​ទទឹងទិស​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ជនជាតិដើម​ភាគតិច​យ៉ាង​គឃ្លើន គ្មាន​សេចក្ដី​អៀនខ្មាស​ទាល់តែសោះ​។ ហេតុនេះហើយ​ទើប​ជនជាតិដើម​ភាគតិច​ព្នង​មកពី​ស្រុក​និង​ក្រុង​ចំនួន​៥​ក្នុង​ខេត្តមណ្ឌលគិរី បានទាមទារ​ឲ្យ​ស្ថាប័ន​កំពូលៗ​ថ្នាក់ជាតិ​ដកហូត​លោក អេង ប៊ុន​ហ៊ាង ចេញពី​តំណែង ព្រោះ​អភិបាលខេត្ត​រូបនេះ ប្រើ​អំណាច​ជ្រុល​បំពាន​សិទ្ធិសេរីភាព​ជនជាតិដើម​ភាគតិច​កាន់តែ​អាក្រក់​ឡើងៗ​។

​ដោយសារតែ​អំពើអាក្រក់​ហួសហេតុ​របស់លោក អេង ប៊ុន​ហ៊ាង ទើប​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ចំនួន​៥​នាក់​ក្នុង​ខេត្តមណ្ឌលគិរី បាន​យក​ញត្តិ​មាន​ស្នាម​មេដៃ​ជនជាតិដើម​ភាគតិច​៩០០​នាក់ ទៅ​ដាក់ជូន​ស្ថាប័ន​សំខាន់ៗ​មួយចំនួន​ដើម្បី​ទាមទារ​ឲ្យ​ដកហូត​តំណែង​លោក អេង ប៊ុន​ហ៊ាង ជាបន្ទាន់​។ ស្ថាប័ន​ដែល​ជនជាតិដើម​ភាគតិច​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​មានដូចជា រដ្ឋសភា ព្រឹទ្ធសភា ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍ជនបទ ជាដើម​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ប្រឈម​នឹង​សេចក្ដី​អាម៉ាស់​យ៉ាងខ្លាំង ព្រោះ​អំពើអាក្រក់​របស់ខ្លួន​ត្រូវបាន​ដឹងឮ​ទៅដល់​មេដឹកនាំ​ស្ថាប័ន​ថ្នាក់ជាតិ​រួចទៅហើយ​។

ប្រភពពី​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​បាន​ឲ្យ​ដឹងថា ការដាក់​ញត្តិ​របស់​ពួកគាត់​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់ពី​អាជ្ញាធរខេត្ត​បានដាក់​កម្លាំង​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​សហគមន៍​ជនជាតិដើម​ភាគតិច សង់​វេទិការ​ប្រារព្ធ​ទិវា​ជនជាតិដើម​ភាគតិច​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៥​នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៥​។ តំណាង​សហគមន៍​បាន​ឲ្យ​ដឹងថា ពួកគាត់​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ប៉ុន្តែ​លោក អេង ប៊ុន​ហ៊ាង បែរជា​និយាយថា ការរៀបចំ​ពិធី​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​។ តំណាង​ជនជាតិដើម​ភាគតិច​ព្នង​បាន​ឲ្យ​ដឹងថា អំពើ​របស់លោក អេង ប៊ុន​ហ៊ាង គឺជា​ការរើសអើង​មើលងាយ​ជនជាតិដើម​ភាគតិច និង​បំបិទ​សិទ្ធិសេរីភាព​ជនជាតិដើម​ភាគតិច​យ៉ាង​កំរោល​។ ដូច្នេះ​រដ្ឋាភិបាល​ក៏ដូចជា​ក្រសួងមហាផ្ទៃ​គួរ​ដកហូត​លោក អេង ប៊ុន​ហ៊ាង ចេញពី​តំណែង​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើអាក្រក់​បន្តទៀត​៕

អេង-ប៊ុនហ៊ាង1លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី imageជនជាតិដើមភាគតិចជួបជុំគ្នាប្រារព្ធពិធីនាពេលកន្លងមក