ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​កំពុង​រាលដាល​នៅ​ស្រុក​មេមត់​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅតាម​មូលដ្ឋាន​ភូមិ​-​ឃុំ​របស់​ពួកគាត់​មាន​ល្បែងស៊ីសង បទល្មើស​គ្រឿងញៀន និង​អំពើចោរកម្ម​ជាដើម កើតឡើង​ឥតឈប់ឈរ នេះ​មិន​និយាយ​ដល់​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​នានា​យ៉ាង​គគ្រឹកគគ្រេង​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនសូវ​គិតគូរ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​នោះទេ ជាពិសេស​នៅក្នុង​ស្រុក​មេមត់​តែម្ដង​។ ហេតុនេះហើយ​ទើប​ល្បែង​កន្ទុយលេខ និង​ឆ្នោត​យួន កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ​តាម​បណ្ដា​ឃុំ​នានា​ក្នុងស្រុក​មេមត់ ព្រោះ​សមត្ថកិច្ច​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទ​ន្លូ​ង និង​ឃុំ​នានា តាម​តំបន់​ព្រំដែន​បាន​ឲ្យ​ដឹងថា ល្បែង​កន្ទុយលេខ និង​ឆ្នោត​យួន រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​បង្ក​ឲ្យ​មាន​អំពើចោរកម្ម​និង​បទល្មើស​គ្រឿងញៀន​ផងដែរ​។ នៅតាម​ទីប្រជុំជន​ឃុំ​នានា និង​នៅ​ទីប្រជុំជន​ស្រុក​មេមត់ មាន​ជនជាតិ​យួន​ចូលមក​ដើរ​លក់​ឆ្នោត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​តាម​អំពើ​ចិត្ត ហើយ​ឆ្នោត​នោះ​មាន​ប្រភពពី​ខេត្ត​តៃនិញ ប្រទេស​យួន​។ សមត្ថកិច្ច​តាម​ច្រកព្រំដែន​និង​ច្រករបៀង គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ចំពោះ​ការ​បើកដៃ​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​ចូលមក​លក់​ឆ្នោត ហើយ​ជនជាតិ​យួន​ខ្លះ​មិនចេះ​ភាសា​ខ្មែរ​ក៏​អាច​ចូលមក​ប្រកប​របរ​រកស៊ី​លើ​ទឹកដី​ខ្មែរ​បានដែរ​។

​ដោយសារ​មាន​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម និង​បទល្មើស​ផ្សេងៗ​ដែល​កើតចេញពី​ល្បែង​កន្ទុយលេខ​ដ៏​ពេញនិយម និង​ឆ្នោត​យួន​នោះ ទើប​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទ​ន្លូ​ង និង​ឃុំ​នានា អំពាវនាវ​ឲ្យ​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​មេមត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​ខ្លះ​លេងល្បែង​កន្ទុយលេខ​ជំពាក់​បំណុល​គេ​លក់​អស់​ដីស្រែ​និង​ទ្រព្យសម្បត្តិ ហើយ​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់​។ ជាក់ស្ដែង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ជនជាតិ​យួន​អាច​ចូលមក​លក់​ឆ្នោត​នៅក្នុង​ឃុំ​ទ​ន្លូ​ង ឃុំ​មេមត់ និង​បណ្ដា​ឃុំ​តទៅទៀត​យ៉ាង​អនាធិបតេយ្យ​គ្មាន​លិខិតស្នាម​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ ហើយ​អធិការនគរបាល​ស្រុក​មេមត់ និង​អភិបាលស្រុក​មេមត់ ទំនង​ជាមាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ផលប្រយោជន៍​ទើប​មិន​ព្រម​បង្ក្រាប​ល្បែង​កន្ទុយលេខ និង​ឆ្នោត​យួន ប្រកបដោយ​ប្រសិទ្ធភាព​៕

Wat-Mao-Pao-388x288-282x210-420x288លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ