បទល្មើស​បូម​ខ្សាច់បូមក្រួស​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ កើតឡើង​យ៉ាង​អនាធិបតេយ្យ

លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ ត្រូវបាន​ប្រជាពលរដ្ឋ​សង្ស័យថា ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​បូម​ខ្សាច់ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​បូម​ខ្សាច់​ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទន្លេមេគង្គ​។ ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់ទន្លេ​មេគង្គ​ក្នុង​ក្រុង​ក្រចេះ និង​ស្រុក​ជិ​ត្យ​បុរី បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ពី​ការបាក់​ច្រាំងទន្លេ ហើយ​រាលដាល​ដល់​ដី​លំនៅដ្ឋាន​របស់​ពួកគាត់​ដោយសារតែ​បទល្មើស​បូម​ខ្សាច់​បូម​ក្រួស នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ រហូតមកដល់​ពេលនេះ​ក្រសួង​រ៉ែ​និង​ថាមពល មិនទាន់​កំណត់​ទីតាំង​សម្រាប់​ក្រុមហ៊ុន​បូម​ខ្សាច់​នៅឡើយ​ទេ ប៉ុន្តែ​លោក សុខ គិរី​រ័ត្ន បណ្ដោយ​ក្រុម​ជនល្មើស​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ក្រុង​ក្រចេះ និង​ស្រុក​ជិ​ត្យ​បុរី បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​មាន​សកម្មភាព​បូម​ខ្សាច់​បូម​ក្រួស ជាច្រើន​កន្លែង​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ក្រុម​ជនល្មើស​បាន​ប្រើ​សា​ឡង់​និង​ទូក​ធំៗ​ធ្វើ​សកម្មភាព​បូម​ខ្សាច់​បូម​ក្រួស ពេញ​ទន្លេ​ហើយ​ជួនកាល​គេ​ចត​នៅ​កណ្ដាលទន្លេ ជួនកាល​គេ​ចត​នៅក្បែរ​ច្រាំង បណ្ដាល​ឲ្យ​បាក់​ដី​ច្រាំង​ចូល​ទន្លេ​ជា​បន្តបន្ទាប់​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​អាជ្ញាធរ​ខេត្តក្រចេះ និង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ លោក សុខ គិរី​រ័ត្ន មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បូម​ខ្សាច់​បូម​ក្រួស ដែល​កើតមាន​ឥតឈប់ឈរ​នោះទេ​។

តាម​ការអះអាង​របស់​មន្ត្រីរាជការ​ក្នុង​ខេត្តក្រចេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា អាជីវកម្ម​បូម​ខ្សាច់​តាម​បណ្ដា​ខេត្ត​នានា​ដូចជា ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​ជាដើម គឺ​មន្ត្រី​អាជ្ញាធរ​បានកំណត់​ទីតាំង​ច្បាស់លាស់​សម្រាប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​។ ដោយឡែក​នៅក្នុង​ខេត្តក្រចេះ ជនល្មើស​អាចធ្វើ​សកម្មភាព​បូម​ខ្សាច់​បូម​ក្រួស ពេញ​ទន្លេ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​បាក់​ច្រាំងទន្លេ​ជា​ញឹកញាប់​។ ប្រការនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យមើល​ភាព​អសកម្ម​របស់លោក សុខ គិរី​រ័ត្ន ផងដែរ ព្រោះ​កន្លងមក​លោក សុខ គិរី​រ័ត្ន គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់​កើតឡើង​ទាំងយប់​ទាំង​ថ្ងៃ​៕

20150910_120327ទូកបូមខ្សាច់បូមក្រួសនៅក្នុងទន្លេមេគង្គខេត្តក្រចេះ